ខេត្តបាត់ដំបង ៖ មនុស្សប្រុសស្រី ៣ នាក់ត្រូវបានកម្លាំង នគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត ចុះបង្ក្រាបនិងឃាត់ខ្លួន ជាបន្តបន្ទាប់ដោយដកហូតបាន ថ្នាំញៀនម៉ាទឹកកកចំនួន ៦ ថង់តូចស្មើនឹង ៣,១១ ក្រាមក្នុងបទល្មើសជាក់ស្តែង កាលពីវេលាម៉ោង ១៦ដល់ម៉ោង២០និង៣០ នាទីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣ នៅចំណុចផ្ទះជួល ភូមិដំណាក់ហ្លួងសង្កាត់វត្តគ និងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
លោក ខៀវ ឈឿត នាយស្តីទីការិយាល័យ នគរបាល ប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនរួមមានទី១-ឈ្មោះ ខុន ស៊ីថាវ ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិច្រាបក្រសាំង សង្កាត់វត្តគ ក្រុងបាត់ដំបង ឃាត់នៅចំណុចផ្ទះជួល ភូមិដំណាក់ហ្លួងសង្កាត់វត្តគ ដកហូតបានវត្ថុតាង ថ្នាំញៀនចំនួន ៥ថង់ស្មើ ០,៩១ ក្រាមនិងទូរស័ព្ទដៃចំនួន២គ្រឿង និងសំភារៈជក់មួយចំនួន។
ទី២-ឈ្មោះ ចក់ចិន្តា ភេទស្រី អាយុ ៣៦ឆ្នាំ ជាអ្នកលក់ថ្នាំញៀន រស់នៅចំណុចផ្ទះជួល ភូមិដំណាក់ហ្លួង សង្កាត់វត្តគ ក្រុងបាត់ដំបង និងទី៣-ឈ្មោះ ហួត បញ្ញា ភេទប្រុស អាយុ ២៥ឆ្នាំ ជាអ្នកសមគំនិត រស់នៅក្រុមទី២៦ ភូមិច្រាបក្រសាំង សង្កាត់វត្តគ ក្រុងបាត់ដំបង ដោយដកហូតបានវត្ថុតាង ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួនមួយថង់ស្មើ ២,២០ ក្រាមនិងទូរស័ព្ទដៃ ចំនួនមួយគ្រឿង។
ជនសង្ស័យបានសារភាពថា ខ្លួនបានទិញថ្នាំញៀន ពីម៉ូយយកមកលក់បន្ត គ្រាន់បានចំណេញសម្រាប់ចិញ្ចឹមជីវិត។ យ៉ាងណាក៏ដោយ ជនសង្ស័យទាំង ៣នាក់ ថ្នាំញៀនម៉ាទឹកកកចំនួន ៦ថង់តូច ស្មើនឹង ៣,១១ក្រាម និងទូរស័ព្ទចំនួន ៣គ្រឿង និងសម្ភារៈប្រើប្រាស់ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាកាខេត្ត នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៣ ចាត់ការតាមនីតិវិធី ៕
Source from: watphnom-news.com
Post a Comment