ខេត្តកណ្តាល ៖ នៅពេលមានការសួរដេញដោល អំពីបទល្មើសនៃការ ចិញ្ចឹមត្រីឆ្តោយ៉ាងអនាធិបតេយ្យ នៅទូទាំងខេត្តកណ្តាល ដែលជាប្រភពបង្កើតឲ្យមានបទល្មើសនេសាទ នៃការដាក់ស្បៃមុង សៃយ៉ឺន ចាប់ត្រីតូចៗយកទៅធ្វើជានុយសម្រាប់ការចិញ្ចឹមត្រីឆ្តោខុសច្បាប់ ក្នុងមួយថ្ងៃៗរាប់សិបតោន គេសង្កេតឃើញលោក ឃ្លាំង វណ្ណធុល ជានាយខណ្ឌរដ្ឋបាលជលផលកណ្តាល បានបញ្ជាក់ថា គាត់បញ្ជូនក្រុមមន្ត្រីឲ្យចុះទៅស៊ើបអង្កេត ហើយរង់ចាំគោលការណ៍ពីសាលាខេត្ត ដើម្បីចុះទៅបង្ក្រាបស្រះចិញ្ចឹមត្រីឆ្តោ និងបទល្មើសនេសាទទាំងនោះ។ ដូច្នេះគេមិនច្បាស់ទេថា តើសិទ្ធិអំណាចនៃការបង្ក្រាប បទល្មើសចិញ្ចឹមត្រីឆ្តោខុសច្បាប់ របស់ក្រុមឈ្មួញធំៗដូចជាឈ្មោះ ហុង និងឈ្មោះ ផាំង គីម ត្រូវរង់ចាំបញ្ជាពីនរណាទេ ឬមួយរង់ចាំទាល់តែត្រីឆ្តោរបស់ឈ្មួញធំៗទាំងនេះ ដល់ពេលត្រូវចាប់លក់តាមទីផ្សារអស់ហើយ ទើបគេចុះទៅបង្ក្រាប?
ប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថា ស្រះចិញ្ចឹមត្រីឆ្តោធំៗចំនួន ២កន្លែង របស់លោកស័ក្តិ៥ ផាំង គីម ដែលមានតួនាទីជាអង្គរក្ស ស្ថិតនៅក្នុងភូមិកំពង់ព្រីង នៃឃុំសិត្បូ ស្រុកស្អាង ស្ថិតនៅក្បែរវត្តកំពូលព្រឹក ឆៀងខាងលិច ចម្ងាយប្រមាណ ៥០០ម៉ែត្រ មានត្រីឆ្តោដល់ទៅជាង ១០ម៉ឺនក្បាលឯណោះ គេមិនដែលឃើញមន្ត្រីជំនាញជលផល ឬសមត្ថកិច្ចពាក់ព័ន្ធហ៊ានទៅក្បែរនោះទេ។ ករណីនេះមិនមែនមានន័យថា មន្ត្រីជំនាញជលផលរបស់លោក ឃ្លាំង វណ្ណធុល ឬមន្ត្រីរបស់លោក សេង ធីម ខ្លាចញញើតចំពោះឥទ្ធិពល របស់លោកស័ក្តិ៥ ផាំង គីម នោះទេ ប៉ុន្តែមន្ត្រីជំនាញជលផលអស់ទាំងនោះ ខ្លាចអំណាចលុយរបស់លោក ផាំង គីម ដែលមានទំនាក់ទំនងល្អ ជាមួយមន្ត្រីជំនាញជលផល និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ហើយក៏មានការបង់លុយជាប់ជាប្រចាំ ឲ្យមន្ត្រីនិងសមត្ថកិច្ចពុករលួយទាំងនោះ ទើបគ្មាននរណាហ៊ានទៅក្បែរស្រះចិញ្ចឹមត្រីឆ្តោជាង ១០ម៉ឺនក្បាលរបស់លោក ផាំង គីម។
ប្រជាពលរដ្ឋបានរាយការណ៍ទៀតថា ស្រះចិញ្ចឹមត្រីឆ្តោទាំង ២កន្លែងរបស់លោក ផាំង គីម ក្នុងមួយថ្ងៃៗស៊ីកូនត្រីតូចៗ ជានុយប្រមាណ ១តោន ទៅ ១តោនកន្លះ ហើយបើយើងគិតពីចំនួនត្រីវិញ គឺដល់ទៅរាប់លានក្បាល ដែលបានមកពីការដាក់សៃយ៉ឺន ដាក់ដាយ ឬការដាក់ស្បៃមុងយ៉ាងអនាធិបតេយ្យ ក្នុងរដូវបិទនេសាទ។ តាមពិតទៅ លោក ផាំង គីម បានប្រើស្បែកជាអង្គរក្ស ដើម្បីពង្រឹងឥទ្ធិពលអំណាចក្នុងការរកស៊ី ចិញ្ចឹមត្រីឆ្តោខុសច្បាប់ផង និងការរកស៊ីនាំចូលត្រី មកពីស្រុកយួន មកចែកចាយនៅយឿច្បារអំពៅ ។ លោក ផាំង គីម មិនសូវមានវត្តមានក្នុងបន្ទាយទេ គឺសកម្មបំផុតក្នុងការរកស៊ីចិញ្ចឹមត្រីឆ្តោ និងនាំចូលត្រីខុសច្បាប់មកពីស្រុកយួន ដឹកជញ្ជូនស្ទើរខូងផ្លូវជាតិលេខ២១ ទៅហើយមិនដែលមាននរណាហ៊ានហើបមាត់ ជាមួយគាត់ទេ ព្រោះលោក ផាំង គីម ចេះបែងចែកផលប្រយោជន៍ឲ្យ សមត្ថកិច្ចពាក់ព័ន្ធកុំឲ្យទៅរំខាន ជំនួញខុសច្បាប់របស់គាត់។
យោងតាមបទបញ្ជាលេខ០១ បប របស់រាជរដ្ឋាភិបាលបានបញ្ជា ឲ្យមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ បង្ការបង្ក្រាបទប់ស្កាត់រាល់ភាពអនាធិបតេយ្យ និងការប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់ ហើយបទបញ្ជានោះក៏បានគ្របដណ្តប់ផងដែរ ទៅលើការហាមឃាត់មិនឲ្យមានការចិញ្ចឹមត្រីឆ្តោ ឬត្រីរ៉ស់ ដែលជាប្រភេទត្រីស៊ីសាច់ ស៊ីកូនត្រីតូចៗជាអាហារ។ យោងតាមសេចក្តីពន្យល់ របស់មន្ត្រីជំនាញបានឲ្យដឹងថា ការចិញ្ចឹមត្រីឆ្តោត្រូវចាត់ទុកជាអំពើខុសច្បាប់ ក៏ព្រោះតែការចិញ្ចឹមត្រីឆ្តោនៅក្នុងប្រទេសកម្ពុជា មិនបានប្រើប្រាស់ចំណីសិប្បនិម្មិត គឺជាប្រភពនាំឲ្យមានបទល្មើសនេសាទ បំផ្លាញធនធានមច្ឆជាតិ ទើបរាជរដ្ឋាភិបាលសម្រេចហាមឃាត់ដាច់ខាត ចំពោះការចិញ្ចឹមត្រីឆ្តោ។ ប៉ុន្តែលោក ផាំង គីម មិនដែលឈឺក្បាលវិលមុខ ពីបទបញ្ជានេះទេ ហើយកំពុងធ្វើអ្វីៗតាមតែទំនើងចិត្ត គ្មានក្រែងញញើតពីច្បាប់ទម្លាប់ ឬការរឹតបន្តឹងរបស់អង្គភាព ប្រឆាំងអំពើពុករលួយម្តងណាឡើយ។
លោក ផាំង គីម ក៏ជាមេឈ្មួញរកស៊ី ប្រមូលទិញត្រីឆ្តោគ្រប់ប្រភេទ នៅទូទាំងខេត្តកណ្តាល ផ្តើមឲ្យមានភាពអនាធិបតេយ្យ នៃការចិញ្ចឹមត្រីឆ្តោ តាមបែ តាមស្រះរាប់ពាន់កន្លែង ដូចជានៅស្រុកពញាឮ ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម ស្រុកកៀនស្វាយ ស្រុកលើកដែក ស្រុកកោះធំ ស្រុកស្អាង និងនៅកណ្តាលក្រុងតាខ្មៅ ដើម្បីផ្គត់ផ្គង់ឲ្យការប្រមូលទិញ របស់លោក ផាំង គីម ទើបបង្កើតឲ្យមានភាពអនាធិបតេយ្យ។ ក្រុមមន្ត្រីជំនាញជលផលនិងសមត្ថកិច្ចពាក់ព័ន្ធ ពួកគេកំពុងសប្បាយរីករាយយ៉ាងក្រៃលែង ចំពោះការប្រមូលផលប្រយោជន៍ ពីបទល្មើសនេសាទ និងការចិញ្ចឹមត្រីឆ្តោខុសច្បាប់ របស់ឈ្មួញទាំងតូចទាំងធំ ជាពិសេសការចិញ្ចឹមត្រីឆ្តោរបស់លោក ផាំង គីម ជាង ១០ ម៉ឺនក្បាល និងការចិញ្ចឹមត្រីឆ្តោរបស់តាហុង ជាង ២០ ម៉ឺនក្បាលមិនដែលមាននរណាហ៊ានទៅក្បែរទេ។
គេដឹងថា មន្ត្រីជំនាញជលផលបានពន្យារពេល ក្នុងការចុះទៅបង្ក្រាបសកម្មភាព ចិញ្ចឹមត្រីឆ្តោរបស់លោក ផាំង គីម ក៏ព្រោះតែគេទុកពេលវេលា ឲ្យត្រីឆ្តោទាំងនោះធំៗ ទើបចុះទៅពិនិត្យមើល ហើយបើមានសម្ពាធពីថ្នាក់លើ គេអាចចាត់វិធានការត្រឹមតែពិន័យ មិនដួសត្រីឆ្តោទាំងនោះយកទៅ ព្រលែងក្នុងទន្លេ ឬបឹងធម្មជាតិនោះទេ។ សម្រាប់អាជីពចិញ្ចឹមត្រីឆ្តោខុសច្បាប់ ក្រុមឈ្មួញបានព្យាយាម តាមគ្រប់មធ្យោបាយ កុំឲ្យមន្ត្រីជំនាញជលផល ចុះទៅដួសកូនត្រីរបស់គេ តាមរយៈការរកវិធីពន្យារពេល ឲ្យកូនត្រីធំៗ ដែលច្បាប់កំណត់ថា ត្រូវចាត់វិធានការពិន័យ ហើយឈ្មួញអាចចិញ្ចឹមត្រីឆ្តោ រហូតបានផលយកទៅលក់តាមទីផ្សារ ហើយនេះជាវិធីដែលមន្ត្រីជលផល ស្វែងរកផលប្រយោជន៍យកទៅ ច្រកហោប៉ៅយ៉ាងត្រជាក់ចិត្ត៕
Source from: watphnom-news.com























Loading...




Post a Comment