រាជធានីភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ ត្រូវបានបុរសម្នាក់ដែល មានលុយច្រើនគួរសម បានប្រើកាំបិតប៉័ងតោ ទៅធាក់ទម្លាយទ្វារ ចូលទៅធ្វើសកម្មភាពវាយ និងកាប់ប៉ុនប៉ងសម្លាប់ពួកគេ ដល់ក្នុងផ្ទះទាំងយប់ តែត្រូវបានអ្នកជិតខាង ចូលទៅជួយទាន់ បង្កឱ្យមានការភ្ញាក់ផ្អើលកាល ពីវេលាម៉ោង ១០និង៤០ នាទីយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៣ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះជាប្តីមានឈ្មោះ វង្ស ចិន្តា អាយុ ២៧ឆ្នាំ ជាជាងកាត់សក់ ប្រពន្ធឈ្មោះ អ៊ូច អេង អាយុ៣០ឆ្នាំ ជាកម្មការិនី ពួកគេមានទីលំនៅ ក្នុងភូមិចង្ហោង ឃុំព្រៃត្នោត ស្រុកកំពត ខេត្តកំពត ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើ ហើយជនដៃដល់ឈ្មោះ សឿន ភេទប្រុស អាយុប្រហែលជាង ៣០ឆ្នាំ រស់នៅភូមិជាមួយគ្នា បានដេញកាប់ពួកគេ ដោយមិនបានសួរនាំអ្វីទេ។
មុនពេលកើតហេតុ ពួកគេទាំង ២នាក់ប្តីប្រពន្ធ បានទាស់ពាក្យសម្តីគ្នា បន្តិចបន្តួចពីរឿងស្ត្រីជាប្រពន្ធមិនព្រម ដេញអ្នកដែលទៅអង្គុយលេង និងស្រែកឡូឡារាល់ថ្ងៃរាល់យប់ នៅមុខបន្ទប់ជួលរបស់ខ្លួន រកដេកពួនមិនបាន។ ក្រោយមកស្រាប់តែឈ្មោះ សឿន បានរករឿងឈ្លោះ ជាមួយពួកគេដោយ ចោទពួកគេថា ជេរដៀមដាមឱ្យខ្លួន ហើយក៏បានទាញកាំបិតប៉័ងតោ ទៅដេញវាយនិងកាប់ ប៉ុនប៉ងសម្លាប់ពួកគេ ទាំងកំរោលតែម្តង៕
Source from: watphnom-news.com
Post a Comment