ខេត្តកំពង់ចាម ៖ នារីវ័យក្មេងម្នាក់ ជាគូស្នេហ៍របស់បុរសជនជាតិចិន បានជាប់ចោទពីបទឆបោកលុយ និងទ្រព្យសម្បត្តិប្រុសស្នេហ៍ ពីខេត្តព្រះវិហាររត់គេចខ្លួន មកនៅស្រុកកំណើតឯខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចនាំខ្លួន នារីសង្ស័យទៅតាមដីការបស់តុលាការ បន្ទាប់ពីមានពាក្យបណ្តឹង របស់បុរសជនជាតិចិនជាម្ចាស់ទ្រព្យ ។
បុរសចិននិងនារីជាប់សង្ស័យ គឺជាគូស្នេហ៍នឹងគ្នា ហើយបុរសជនជាតិចិន មិនត្រូវបានគេស្គាល់ឈ្មោះពិតប្រាកដនោះទេ តែត្រូវបាននារីជាប់សង្ស័យហៅថា បងឆាយណាៗ ។ បុរសជនជាតិបានប្រាប់សមត្ថកិច្ច ក្នុងពាក្យបណ្តឹងថា នារីជាស្រីស្នេហ៍ បានលួចលុយអស់ចំនួន ៣.៦០០ ដុល្លារ និងទូរស័ព្ទដៃម៉ាកអាយហ្វូន ១គ្រឿងពេលដែលខ្លួនដេកលក់ ។
នារីជាប់សង្ស័យឈ្មោះ សម្បត្តិ អូននីន ហៅ គង់ ដាឡែន អាយុ ២០ឆ្នាំ មានទីលំនៅភូមិស្រែលៀម ឃុំជីរោទ៍២ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ដែលជាស្រីស្នេហ៍បុរសជនជាតិចិន បាននិយាយថា ខ្លួនលួចលុយពីបុរសជនជាតិតែ ១.៦០០ ដុល្លារ និងទូរស័ព្ទអាយហ្វូន ១គ្រឿងប៉ុណ្ណោះ ។
នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៣ វេលាម៉ោង ១០និង៣០ នាទីព្រឹកសមត្ថកិច្ច បានចុះទៅឆែកឆេរផ្ទះ របស់ឈ្មោះ សម្បត្តិ អូននីន ហៅ គង់ ដាឡែន ដោយបាននាំខ្លួនស្ត្រីជាប់សង្ស័យ មកកាន់ការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ដោយដកហូតបានម៉ូតូ ១គ្រឿង ម៉ាកហ្ស៊ុយស៊ូគី និក ពណ៌ក្រហមលាយខ្មៅ ប្រាក់ ៧០០ ដុល្លារ ទូរស័ព្ទម៉ាកអាយហ្វូនមួយគ្រឿង ដើម្បីចាត់ការតាមនីតិវិធី៕
Source from: watphnom-news.com
Post a Comment