ខេត្តសៀមរាប ៖ រថយន្ដឈ្នួលបានបុក ជាមួយម៉ូតូកាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៣ នៅភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បណ្តាលឲ្យបុរសវ័យចំណាស់ ២ នាក់បានស្លាប់ យ៉ាងអាណោចអាធ័ម ហើយក្រោយពេលកើតហេតុ អ្នកបើកបររថយន្តឈ្នួល បានរត់គេច ខ្លួនបាត់ស្រមោល។
រថយន្តឈ្នួលបង្កហេតុ ម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2I-2138 ធ្វើដំណើរពីស្រុកស្ទោង ខេត្តកំពង់ធំ មកកាន់ខេត្តសៀមរាប ដោយមានអ្នកជិះ ក្នុងរថយន្ដចំនួន ៨ នាក់បានបើកបុកម៉ូតូម៉ាកហុងដា ឌ្រីម១០០ ស៊េរីឆ្នាំ២០០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1D-9202 ដែលបើកបរ ស្របទិសគ្នាជាមួយរថយន្ត បណ្ដាលឲ្យបុរសវ័យចំណាស់ ជិះម៉ូតូ ២នាក់បានស្លាប់ដោយម្នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ។
ជនរងគ្រោះដែលស្លាប់រួមមានទី១-ឈ្មោះ សៅ ហ៊ា អាយុ ៧១ឆ្នាំ ជាអ្នកបើកបរម៉ូតូ ទី២-ឈ្មោះ គង់ កាត់ អាយុ ៦៥ឆ្នាំ ជិះខាងក្រោយ។ ជនរងគ្រោះទាំងពីរ មានទីលំនៅក្នុងភូមិត្រាច ឃុំបល្ល័ង្គ ស្រុកប្រា សាទបាគង ខេត្តសៀមរាប។ ក្រោយសមត្ថកិច្ច ធ្វើកំណត់ហេតុហើយនោះ សពជនរងគ្រោះត្រូវបាន ក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ៕
Source from: watphnom-news.com
Post a Comment