រាជធានីភ្នំពេញ ៖ ក្រុមចោរប្រុសស្រី ៣នាក់ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម បានធ្វើសកម្មភាពភ្ជង់ ប្លន់ម៉ូតូម៉ាកស្កុបពី មួយគ្រឿងពីស្ត្រីបុគ្គលិកពេទ្យម្នាក់ បានសម្រេចរួចជិះម៉ូតូគេចខ្លួន ដោយសុវត្ថិភាព រីឯជនរងគ្រោះបានរត់មកប្ដឹងប៉ូលិសប៉ុស្តិ៍កាកាប ឲ្យជួយអន្តរាគមន៍ កាលពីវេលាម៉ោង ១១និង១៥ នាទីថ្ងៃត្រង់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣ នៅតាមផ្លូវបេតុង ក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមានឈ្មោះ ស៊ឹម សុខខេង ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរបុគ្គលិកពេទ្យ ម្តុំក្បាលថ្នល់ រស់នៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ម៉ូតូដែលចោរប្លន់នោះ ម៉ាកស្កុបពី ស៊េរីឆ្នាំ២០១០ពាក់ស្លាកលេខ កណ្ដាល 1L 3268។ ចំណែកក្រុមចោរមានគ្នាបីនាក់ ស្លៀកពាក់ស៊ីវិលជិះម៉ូតូមួយគ្រឿងម៉ាក វ៉េវ ពណ៌ស្លាទុំ មិនចាំស្លាកលេខ ប្រដាប់ដោយកាំភ្លើងខ្លី មួយដើមមិនស្គាល់ម៉ាក ក្នុងនោះមានស្រីម្នាក់ផងដែរ។
មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម្នាក់ឯង ចេញពីធ្វើកានៅម្ដុំ ស្ពានអាកាសក្បាលថ្នល់ ពេលជិះមកដល់ស្តុបផ្សារដីហុយ ដោយសារមានការ កកស្ទះចរាចរខ្លាំងពេក ជនរងគ្រោះបានជិះម៉ូតូវៀងតាមផ្លូវបេតុង ខាងក្រោយសាលារៀនបូរី ១០០ខ្នង ហើយជនសង្ស័យ បានជិះម៉ូតូតាមកៀរ លោតចុះមកភ្ជង់គំរាមឲ្យនាងរងគ្រោះ ចុះចេញពីលើម៉ូតូ ហើយដោយសារ នាងភ័យខ្លាំងពេក ក៏បានប្រគល់ម៉ូតូឲ្យចោរតាមសម្រួល៕
Source from: watphnom-news.com
Post a Comment