Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖កាល​ពី​​ថ្ងៃ​ទី​​១៨ខែ​តុ​លា​ឆ្នាំ​​២០​១៣គណៈ​កម្មា​ធិ​ការ​​ជាតិសុ​វត្ថិ​ភាព​​ចរា​ចរណ៍​​ផ្លូវ​គោកស​ហ​ការ​​ជា​មួយ​​អង្គ​ការ

​រាជធានី​ភ្នំពេញ ៖ កាល​ពី​​ថ្ងៃ​ទី​​១៨ ខែ​តុ​លា​ ឆ្នាំ​​២០​១៣ គណៈ​កម្មា​ធិ​ការ​​ជាតិ សុ​វត្ថិ​ភាព​​ចរា​ចរណ៍​​ផ្លូវ​គោក ស​ហ​ការ​​ជា​មួយ​​អង្គ​ការ សុខ​ភាព​​ពិ​ភព​លោក បាន​ធ្វើ​ស​ន្និ​សី​ទ​​សារ​ព័ត៌​មាន ប្រ​កាស​​ផ្សព្វ​ផ្សាយ​​យុ​ទ្ធ​នា​ការ “​ បើ​​ពិ​សា​​គ្រឿង​​ស្រ​វឹងកុំ​​បើក​បរ​! ” ដែលជា​ផ្នែក​មួយ​នៃ​កម្មវិធី សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សកល ក្រោម​ការឧបត្ថម្ភ​ពី​មូលនិធិ​ប្ល៊ូ​ម​បឺ​គ​ភី​លែ​ន​ត្រូ​ភី (Bloomberg Philanthropies) ដែល​យុទ្ធនាការ​នេះ មាន​គោលបំណង​បង្កើន​ការយល់ដឹង ដល់​សាធារណជន​អំពី​ផល​បច្ច័យ​អាក្រក់ និង​ភាព​ធ្ងន់ធ្ងរ​នៃ​ការបើកបរ ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​។

 

​នៅក្នុង​ប្រទេស​កម្ពុជា​កា​រ​ស្លាប់ និង​ការរង​របួស​ដោយសារ គ្រោះថ្នាក់​ចរាចរណ៍​គឺជា បញ្ហា​សុខភាព​សាធារណៈ គួរ​ឲ្យ​ព្រួយ​បារ​ម្មណ៍​។ ជា​មធ្យម​ក្នុង​មួយថ្ងៃ មាន​មនុស្ស​ប្រមាណ ៥​នាក់​បាន​ស្លាប់ និង ១៦​នាក់​ទៀត​រងរបួស​ធ្ងន់ នៅលើ​ផ្លូវ​នៃ​ប្រទេស​កម្ពុជា ដោយយោង​តាម​ប្រសាសន៍​របស់ ឯកឧត្តម ត្រាំ អ៊ីវ តឹក រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។ ក្នុង​ឆ្នាំ​២០១២​នេះ ប្រព័ន្ធ​ព័ត៌មាន​ជនរងគ្រោះ និង​គ្រោះ​ថ្នាក់​​ចរាចរណ៍​បាន​រាយ​ការ​ណ៏​ថា ជនរងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ មាន​ចំនួន ១៥,៦១៥ នាក់ ដែល​ក្នុងនោះ​មាន​អ្នកស្លាប់ ១,៩៦៦ នាក់ និង​របួសធ្ងន់ ៥,៣៤៩ នាក់​។​

 

​ការបើកបរ​នៅក្រោម ឥទ្ធិពល​គ្រឿង​ស្រវឹង​គឺជា កត្តា​ហានិភ័យ​ចំបង​ទី​ពីរ បន្ទាប់ពី​ការបើកបរ​លើស​ល្បឿន​កំណត់ ដែលជា​ឥរិយាបទ​ដ៏​មាន​គ្រោះថ្នាក់​បំផុត នៃ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បានធ្វើ​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​ចំនួន ២៥៤ នាក់​គឺ​ស្មើ​និង ១៣% នៃ​ការស្លាប់​ដោយសារ គ្រោះថ្នាក់​ចរាចរណ៍​ទាំងអស់​។ ប្រមាណ​ជា ៦៣% នៃ​អ្នកបើកបរ​នៅក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ មាន​អាយុ​ពី ២០-៣៤ ឆ្នាំ​។ បន្ថែម​ទៅលើ​សោកនាដកម្ម ដែល​បាន​បង្កឡើង គ្រោះថ្នាក់​ចរាចរណ៍​បានធ្វើ​ឲ្យ បាត់បង់​ចំណូល​សេដ្ឋកិច្ច ដ៏​ធ្ងន់ធ្ងរ​ដល់​ជនរងគ្រោះ ក្រុមគ្រួសារ និង​សង្គម​ទាំងមូល ហើយ​ថែមទាំង​បង្កើន​នូវ​បន្ទុក ដ៏​ធ្ងន់​ថែមទៀត​ដល់​ប្រព័ន្ធ​សុខាភិបាល ដែលមាន​ថវិកា​កំណត់​។ ការបាត់បង់​សេដ្ឋកិច្ចជាតិ ប្រចាំឆ្នាំ​ដោយសារ​ការបើកបរ ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង មាន​ប្រមាណ​ជា ៤៣​លាន ដុល្លារ​អាមេរិក​។​

 

​ឯកឧត្តម ត្រាំ អ៊ីវតឹក បាន​មានប្រសាសន៍ថា ការ​ពិសា​គ្រឿង​ស្រវឹង សូម្បីតែ​ក្នុង​កម្រិត​តិចតួច​ក្តី អាច​បង្កើន​ហានិភ័យ ដោយ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ដល់​អ្នកបើកបរ​យាន​យន្ត និង​ថ្មើរជើង​។ ដូច្នេះ​គេ​មិនចាំបាច់​ពិសា ទាល់តែ​ស្រវឹង​នោះទេ ដើម្បី​ឲ្យ​បាត់បង់​សមត្ថភាព ជំនាញ​ក្នុងការ​បើកបរ ឬ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​។  យុទ្ធនាការ​ផ្សព្វផ្សាយ “​បើ​ពិសា​គ្រឿង​ស្រវឹង​កុំ​បើកបរ​!”​ត្រូវបាន​ផលិតឡើង ដោយ​គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដោយមាន​ការផ្តល់ ជំនួយ​បច្ចេកទេស ពី​អង្គការ​សុខភាព​ពិភពលោក​។  យុទ្ធនាការ​នេះ​រួមមាន ការផ្សព្វផ្សាយ​តាម​ទូរទស្សន៍ វិទ្យុ ផ្ទាំង​ប៉ា​ណួ​រូបភាព ហើយ​និង​ផ្សាយ​តាម​រ៉ឺម៉ក​ផងដែរ​។

 

​លោក​វេជ្ជបណ្ឌិត Pieter JM Van Maaren បាន​បញ្ជាក់ថា យុទ្ធនាការ​ផ្សព្វផ្សាយ​នេះ និង​ពញ្ញាក់​ស្មារតី របស់​ប្រជាជន​ឲ្យ​យល់ដឹង អំពី​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ និង​ពិតប្រាកដ នៃ​ការ​ពិសា​គ្រឿង​ស្រវឹង​ហើយ​បើកបរ បើទោះបីជា​ពិសា ក្នុង​កម្រិត​តិចតួច​ក្តី​។ នៅក្នុង​រូបភាព​គ្រោះថ្នាក់​ដ៏​រន្ធត់ យើង​ចង់បង្ហាញ​ប្រជាជន ឲ្យ​យល់ដឹង​អំពី​ថា​តើ​ហេតុដូចម្តេច បានជា​អាចធ្វើ​ឲ្យ​អ្នកបើកបរ បាត់បង់​ម្ចាស់ការ​ក្នុងការ​បញ្ជា យានយន្ត​មួយ​រំពេច នៅពេលដែល​គេ​ស្ថិត នៅក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​។  

 

​នៅក្នុងពេល​ជាមួយគ្នានេះដែរ យើង​ចង់​ផ្តល់ព័ត៌មាន ដល់​ប្រជាជន​បាន​ជ្រាបថា នឹងមាន​នគរ​បាលច​រាច​រណ៍ ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ ការបើកបរ​ក្រោម​ឥទ្ធិពល គ្រឿង​ស្រវឹង​កាន់តែច្រើន​ថែមទៀត ហើយ​ប្រសិនបើ​ប្រជាជន​សម្រេចចិត្តថា ចង់​ពិសា​គ្រឿង​ស្រវឹង ហើយ​បើកបរ​នោះ ការ​ប្រឈម​ទៅ​និង​ការឃាត់ខ្លួន  ហើយ​និង​ការផាកពិន័យ កាន់តែ​ខ្ពស់​ហើយ​ធ្ងន់​ជាង​មុន នៅពេល​ឆាប់ៗ​ខាងមុខនេះ​។ យុទ្ធនាការ​នេះ​នឹង​ផ្សព្វផ្សាយ​មុនពេល​បុណ្យ​អ៊ុំ​ទូក ហើយ​មាន​រយៈពេល​ពីរ​ខែ រហូតដល់​ដំណាច់ ខែវិច្ឆិកា​ឆ្នាំ​២០១៣​។​

 

“​ដោយមាន​ការគាំទ្រ​ពី​ការពង្រឹង​ច្បាប់ ប្រតិបត្តិការ​រឹតបន្តឹង​ច្បាប់ ដ៏​តឹងរឹង និង​ជាប់​ជាប្រចាំ ហើយ​និង​ការចេញ​ប​ញ្ញ​តិ ត្រួតពិនិត្យ​នូវ​ការផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នោះ​យុទ្ធនាការ​នេះ នឹងមាន​ប្រសិទ្ធិភាព​ខ្ពស់​ក្នុងការ​កាត់បន្ថយ គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង នៅក្នុង​ប្រទេស​កម្ពុជា ”​នេះ​បើ​យោងតាម​ប្រសា​ន៍ របស់​ឯកឧត្តម ចាន់ គឹម​សេង ប្រធាន​នាយកដ្ឋាន​កណ្តាល​សណ្តាប់​ធ្នាប់​សាធារណៈ នៃ​ក្រសួងមហាផ្ទៃ​។

 

កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សកល​នេះ បានទទួល​ការឧបត្ថម្ភ​ពី​មូលនិធិ​ប្ល៊ូ​ម​បឺ​គ​ភី​លែ​ន​ត្រូ​ភី និង​ការ​ផ្តល់ជំនួយ​បច្ចេកទេស ដោយ​អង្គការ​សុខភាព​ពិភពលោក​។  លោកស្រី​វេជ្ជបណ្ឌិត Kelly Henning ប្រធាន​កម្មវិធី​សុខភាព​សាធារណៈ របស់​ប្ល៊ូ​ម​បឺ​គ​ភី​លែ​ន​ត្រូ​ភី បាន​មានប្រសាសន៍ថា “​ថ្ងៃនេះ​យើង​បាន​ប្រារព្ធ​ព្រឹ​ត្ត​ការ​ណ៏​សំខាន់​មួយទៀត នៃ​ការខិតខំ​ប្រឹងប្រែង​រប​ស់​យើង ក្នុងការ​ប្រយុទ្ធ​ជាមួយនិង​ការបាត់បង់ ដែល​មិនអាច​ទទួលយកបាន​នូវ អាយុជីវិត​របស់​ប្រជាជន​កម្ពុជា ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​”​។ “​យុទ្ធនាការ​ផ្សព្វផ្សាយ​ថ្មី​នេះ នឹង​បង្កើន​ការយល់ដឹង​របស់​ប្រជាជន​ថា ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង គឺ​មិនអាច​ទទួលយក​បានទេ ហើយ​វា​ប្រាកដ​ដោយ​គ្រោះថ្នាក់​បំផុត ដែលជា​ញឹកញាប់ វា​បាន​បង្ក​ឲ្យ​មានការ​រងរបួស និង​ការបាត់បង់​ជិវិត​”​។

រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើ​វិសោធន៍កម្ម​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​ទប់ស្កាត់​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ហើយ​យើង​បាន​គាំទ្រ ការខិតខំ​ប្រឹងប្រែង​នេះ ដើម្បី​ឲ្យ​ការធ្វើ​វិសោធន៍​កម្មនេះ បោះ​ជំ​ហ៊ាន​ទៅមុខ​។ ការធ្វើ​វិសោធន៍កម្ម ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ នឹងត្រូវ​លើក​ទៅ​ពិភាក្សា នៅក្នុង​សភា​នា​ឆ្នាំ​២០១៤ ខាងមុខនេះ ដោយ​រួមមាន​ការបង្កើន នូវ​កម្រិត​ផាកពិន័យ និង​ទោសទណ្ឌ រហូតដល់​ទៅ ៥​ដង ចំពោះ​បទល្មើស​នៃ​ការបើកបរ ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​។ នៅពេលដែល​ច្បាប់​នេះ ត្រូវបាន​អនុម័ត​ដាក់​ឲ្យ​ប្រើប្រាស់​នោះ វា​នឹង​ជា​ឧបករណ៍​ដ៏​មាន​សារៈសំខាន់ សំរាប់​នគរបាល​ចរាច​រណ៍ ធ្វើការ​រឹតបន្តឹង​ច្បាប់​ដើម្បី​ទប់ស្កាត់ នូវ​ការបើកបរ​ក្រោម ឥទ្ធិពល​គ្រឿង​ស្រវឹង​។​

នៅក្នុង​ប្រទេស​កម្ពុជា គម្រោង​មូលនិធិ​ប្ល៊ូ​ម​បឺ​គ​ភី​លែ​ន​ត្រូ​ភី បានចាប់ផ្តើម​ដំណើរការ នៅក្នុង​ឆ្នាំ​២០១០ ដោយ​ផ្តោតលើ កត្តា​ហានិភ័យ​ចំនួន​ពីរ​ដែល​ចូលរួមចំណែក ក្នុងការ​ល្មើសច្បាប់​ធ្ងន់ធ្ងរ និង​បង្ករ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង និង​ការមិន​ពាក់មួក​សុវត្ថិភាព ចំពោះ​អ្នកបើកបរ​ម៉ូតូ និង​អ្នករួមដំណើរ​ជាមួយ​។ គំរោង​នេះ​ត្រូវបាន​ដឹកនាំ និង​សម្របសម្រួល ដោយ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព ចរាចរណ៍​ផ្លូវគោក ដោយមាន​កិច្ចសហប្រតិបត្តិការ​ជាមួយ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​ការ​ផ្តល់ជំនួយ​បច្ចេកទេស ពី​ដៃគូ​អន្តរជាតិ​រួមមាន អង្គការ​សុខភាព​ពិភពលោក អង្គការ​ភាពជា​ដៃគូ​សុវត្ថិភាព ចរាចរណ៍​ផ្លូវគោក​សកល ហើយ​និង សកល​វិទ្យាល័យ​ច​ន​ហុប​គីន​។​

យោងតាម​របាយការណ៍ ស្ថានភាព​សកល​នៃ​សុវត្ថិភាព​ចរាចរណ៍​ឆ្នាំ ២០១៣ របស់​អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹងថា ក្នុង​មួយ​ឆ្នាំមាន​ប្រជាជន​ប្រមាណ​ជិត ១,២៤ លាន​នាក់ បាន​បាត់​បង់ជីវិត ដោយសារតែ​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ជាង ៩០% នៃ​ការស្លាប់​ដោយសារ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅក្នុង ប្រទេស​មាន​ចំណូល​ទាប និង​មធ្យម​។ គ្រោះថ្នាក់​ចរាចរណ៍​គឺជា មូលហេតុ​ចំបង​នៃ​ការស្លាប់​ចំពោះ​មនុស្ស​វ័យក្មេង និង​ពេញវ័យ​អាយុ ១៥-២៩ ឆ្នាំ​។ ការបើកបរ​ក្រោម ឥទ្ធិពល​គ្រឿង​ស្រវឹង គឺជា​កត្តា​បង្ក​ចំបង​មួយ ដែល​បង្កើន​នូវ​ហានិភ័យ ក្នុងការ​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​។ នៅក្នុង​ប្រទេស​មាន​ចំណូល​ទាប និង​មធ្យម​មួយចំនួន ៥០% នៃ​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ការបើកបរ ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​៕

Wat 181048 Wat 181049


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item