សមត្ថកិច្ចដែលចុះអង្កេតស្រាវជ្រាវករណីឃាតកម្មទៅលើស្ត្រីម្នាក់ដល់ក្នុងផ្ទះទាំងយប់ ដោយឃាតកអារ.កសម្លាប់នៅលើពូក កាលពីវេលាម៉ោងប្រមាណ២១និង៣០នាទីយប់នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ ម្សិលមិញនោះបានធ្វើការសន្និដ្ឋានថា ជាអំពើឃាតកម្មគ្រោងទុកជាមុនប្លន់យកទ្រព្យសម្បត្តិ ។
របាយការណ៍របស់នគរបាលប៉ុស្តិ៍ច្បារអំពៅទី១បានឲ្យដឹងថា ក្រុមគ្រួសារបានបាត់បង់ប្រាក់អស់ចំនួន១៣.០០០ដុល្លារអាមេរិក ខ្សែដៃប្លាទីនដាំត្បូងពេជ្រ១ខ្សែ ចិញ្ចៀនប្លាទីន២វង់ ខ្សែកមាស៣ខ្សែ និងម៉ូតូឆាលី១គ្រឿង នៅក្នុងអំពើឃាតកម្មនោះ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រៅអំពីស្ត្រីរងគ្រោះជាម្តាយដែលត្រូវឃាតកចូលអារ.កសម្លាប់នោះ ក៏មានកូនម្នាក់ទៀតអាយុប្រមាណ១ឆ្នាំសម្រាកនៅក្នុងផ្ទះកើតហេតុនោះដែរ ខណៈដែលបុរសជាប្តីមិននៅផ្ទះជាប់រវល់មើលសេវាកម្មអ៊ីនធឺណិតរបស់ខ្លួនរហូតដល់ម៉ោងកើតហេតុទើបត្រឡប់មកផ្ទះវិញ ប៉ុន្តែក្មេងតូចនោះមិនមានរងរបួសអ្វីទេ ។
ក្រុមសមត្ថកិច្ចបានធ្វើការសន្និដ្ឋានដែរថា ក្នុងអំពើឃាតកម្មនោះ ឃាតកមិនដឹងមានគ្នាប៉ុន្មាននាក់ទេ ប៉ុន្តែក្នុងចំណោមឃាតកអាចមានអ្នកស្គាល់គ្នាជាមួយម្ចាស់ផ្ទះទើបអាចចេញចូលផ្ទះកើតហេតុនេះបានដោយស្រួលដូច្នេះ ៕
Source from: www.dtn7.com
Post a Comment