រាជធានីភ្នំពេញ ៖ នារីវ័យក្មេងអាយុ ១៧ ឆ្នាំម្នាក់នៅសល់តែប៉ុន្មានថ្ងៃទៀត ចូលរោងការជាមួយ បងប្រុសជីដូនមួយ ក៏បានវេចបង្វិចរត់ទៅតាមសង្សារ ជាកម្មកររោងចក្រដូចគ្នា ទាំងកណ្តាលអធ្រាត នាំឲ្យ មានការផ្អើលឆោឡោ ហើយក្រុមគ្រួសារ និងគូដណ្តឹងរបស់នាង បានត្រឹមតែមកមកប្តឹង សមត្ថកិច្ចឲ្យជួយអន្តរាគមន៍កាលពី ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣ ។
សមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែ បានឱ្យដឹងថា នារីដែលរត់ចោលអនាគតស្វាមី សល់តែ ៣ ថ្ងៃទៀតរៀបការនោះ ឈ្មោះឈូក ម៉ាលិស ហៅសារិន អាយុ ១៧ ឆ្នាំ បច្ចុប្បន្នជាកម្មការិនីកាត់ដេរ នៅរោងចក្រស៊ីងឆាងស៊ីញ ស្នាក់នៅផ្ទះជួល ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បានចាកចេញពីផ្ទះ កាលពីវេលាម៉ោងប្រមាណ១២និង៣០នាទី យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣ មិនដឹងជាទៅទីណា ពីព្រោះការទាក់ទង តាមទូរស័ព្ទក៏មិនចូល។
កន្លងទៅនាង ឈូក ម៉ាលិស ធ្លាប់មានទំនាក់ទំនងស្នេហា ជាមួយយុវជនម្នាក់ឈ្មោះ សិដ្ឋ អាយុ ២១ ឆ្នាំ ជាកម្មករនៅរោងចក្រជាមួយគ្នា ហើយបន្ទាប់មក បងប្រុសជីដូនមួយរបស់នាង ចូលស្ដីដណ្ដឹង ហើយគ្រោងរៀបការ នៅថ្ងៃទី១៧ ខែតុលានេះ នៅស្រុកកំណើត ឯស្រុកកំពង់ត្រាច ខេត្ដកំពត។ ដោយឡែកបុរសឈ្មោះ សិដ្ឋ ដែលស្នាក់នៅផ្ទះជួល ខាងក្រោយវត្ដទួលសង្កែនោះ ក៏មិនឃើញនៅផ្ទះដែរ ដូច្នេះមានន័យថា ពួកគេ ទាំងពីរនាក់ បាននាំគ្នារត់ទៅនៅជាមួយគ្នាបាត់ហើយ៕
Source from: watphnom-news.com
Post a Comment