ក្រុងប៉ោយប៉ែត ៖ លោក កន ស៊ីណាត និងភរិយា បានក្លាយទៅជាមេខ្យល់ រកស៊ីនាំមនុស្សឆ្លងដែន ខុសច្បាប់ធំជាងគេ ប្រចាំក្រុងប៉ោយប៉ែត គ្មាននរណាហ៊ានហើបមាត់ទេ ព្រោះមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ សុទ្ធតែជាបក្ខពួករបស់លោក កនស៊ីណាត មានការបែងចែក ផលប្រយោជន៍គ្នា ជាទៀងទាត់ ទើបអ្វីៗអាចដំណើរការ ដោយរលូនល្អផ្គើនទៅនឹង បទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការបង្ការបង្ក្រាបទប់ស្កាត់ សកម្មភាពលួចឆ្លងដែន ដោយប្រថុយប្រថាន។
លោក កន ស៊ីណាត មានទីលំនៅក្នុងភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយជានិច្ចកាលលោក កន ស៊ីណាត តែងតែជួបជុំគ្នា នៅម្តុំហាងកាហ្វេមួយកន្លែង ដែលគេនិយមហៅថា កាហ្វេចំណាកស្រុក ដែលមានទីតាំងស្ថិតនៅ បរិវេណកាស៊ីណូរបស់ឧកញ៉ា កុក អាន ក្បែររោងបញ្ជល់មាន់។ ក្នុងហាងកាហ្វេនេះ មានក្រុមមេខ្យល់ ជួញដូរមនុស្សឆ្លងដែន រួមជាមួយសមត្ថកិច្ចគ្រប់ជំនាញ ទៅជជែកគ្នាឬទូទាត់លុយកាក់ សម្រាប់ការបិទភ្នែកបិទត្រចៀក បើកដៃឲ្យក្រុមមេខ្យល់ទាំងនោះ នាំមនុស្សឆ្លងដែនដោយខុសច្បាប់។
ជារៀងរាល់ថ្ងៃ លោក កន ស៊ីណាត និងភរិយា តែងតែទូរស័ព្ទទំនាក់ទំនង ជាមួយខ្សែបណ្តាញរបស់ពួកគេ ឲ្យប្រមូលមនុស្សដែលជិះ រថយន្តឈ្នួលចូលមកក្រុងប៉ោយប៉ែត ហើយបើដឹងថា មានពលករចំណាកស្រុក ខ្សែបណ្តាញរបស់លោក កន ស៊ីណាត បានទំនាក់ទំនងឲ្យប្រមូល ពលករចំណាកស្រុកទាំងនោះ ទៅអង្គុយត្រៀបត្រាក្នុង ហាងកាហ្វេចំណាកស្រុក ដើម្បីបែងចែកទៅតាមគោលដៅ មួយចំនួន ដែលពួកគេត្រូវរ៉ូវគ្នា ជាមួយសមត្ថកិច្ច ការពារព្រំដែនទាំងនោះ។
នៅក្នុងអាណាចក្រក្រុងប៉ោយប៉ែតនេះ មានសកម្មភាពលួចឆ្លងដែន ខុសច្បាប់ទ្រង់ទ្រាយធំជាងគេ ដោយសារតែសមត្ថកិច្ច និងមន្ត្រីដែលប្រចាំការ តាមច្រកព្រំដែនទាំងនោះ ជាអ្នកបើកភ្លើងខៀវឲ្យមេខ្យល់ធំៗ ធ្វើអ្វីៗតាមតែអំពើចិត្ត មិនដែលខ្វល់ខ្វាយ ពីការបង្ក្រាបនោះទេ។ ក្នុងមួយថ្ងៃៗ យ៉ាងហោចបំផុតមានពលករ ចំណាកស្រុកប្រមាណ ២០០នាក់ ឆ្លងកាត់តាមច្រករបៀងនានា ចេញទៅស្រុកសៀម ដើម្បីលក់កម្លាំងពលកម្ម ហើយពលករខ្លះ ចេញទៅធ្វើការនៅពេលព្រឹក ដល់ពេលយប់ ទើបត្រឡប់មកវិញ ។
គេមិនច្បាស់ទេថា តើសមត្ថកិច្ចនិងមន្ត្រី ដែលប្រចាំការតាមព្រំដែន ទទួលបានផលប្រយោជន៍ប៉ុន្មាន សម្រាប់ពលករម្នាក់ ដែលលួចឆ្លងដែនខុសច្បាប់ តាមរយៈលោក កន ស៊ីណាត នោះទេទើបមន្ត្រីទាំងនោះ មិនដែលហ៊ានហើបមាត់ ឬចាត់វិធានការបង្ក្រាបទប់ស្កាត់ ការធ្វើចំណាកស្រុកដោយខុសច្បាប់ ម្តងណាឡើយ។ សូមរំលឹកថា ការលួចឆ្លងដែនដោយខុសច្បាប់ ទៅរកការងារធ្វើនៅស្រុកសៀម គេតែងតែឃើញអាជ្ញាធរសៀម ចាប់ពលករខ្មែរទាំងនោះ បញ្ជូនមកស្រុកកំណើតវិញ រាប់រយនាក់ ក្នុងមួយជើងៗ តាមច្រកប៉ោយប៉ែត៕
Source from: watphnom-news.com























Loading...




Post a Comment