Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

របៀបរបប​ការងារ និង​ការបែងចែក​ភារកិច្ច​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន​កំណត់ដោយ​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​លេខ​២៨​សសរ ចុះ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៣ ដូចតទៅ​៖

១- នាយករដ្ឋមន្ត្រី​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ទទួលបន្ទុក​ដឹកនាំ​ការងារ​រួម​របស់​គណៈរដ្ឋមន្ត្រី និង​ចាត់ចែង​បញ្ជា​រាល់​សកម្មភាព​របស់​រា​ជ​រដ្ឋាភិបាល​លើ​គ្រប់​វិស័យ​។​

២- ឧបនាយករដ្ឋមន្ត្រី​៖ 

​ក​. ឯកឧត្តម ស ខេង​៖ ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុក​ជា​នាយករដ្ឋមន្ត្រី​ស្តីទី ពេល​នាយករដ្ឋមន្ត្រី​អវត្តមាន​, ជួយ​នាយករដ្ឋមន្ត្រី​លើ​ការងារ​សន្តិសុខ​ជាតិ ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ការជួញដូរ​មនុស្ស​, ដឹកនាំ​ប្រតិបត្តិ​ការទប់ស្កាត់​និង​ប្រឆាំង​ភេរវកម្ម​, ដឹកនាំ​គណៈកម្មាធិការ​ជាតិ​កែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ «​គជ​វ​វ​» និង​ការ​បំផ្លាញចោល​អាវុធ ព្រមទាំង​ការងារ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​។​

​ខ​. ឯកឧត្តម សុខ អាន​៖ ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុក​សម្របសម្រួល​កិច្ចការ​សម្រាប់​គណៈរដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី និង​បណ្តា​ឧបនាយករដ្ឋមន្ត្រី​, ជួយ​នាយករដ្ឋមន្ត្រី​ក្នុង​ការងារ​តាមដាន​សម្របសម្រួល​ដំណើរការ​តុលាការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​, ដឹកនាំ​ផ្ទាល់​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា អាជ្ញាធរ​អប្សរា គណៈកម្មការ UNESCO និង​ក្រុមប្រឹក្សា​អ្នកច្បាប់ ព្រមទាំង​ជួយ​នាយករដ្ឋមន្ត្រី​ក្នុងការ​រៀបចំ​ចម្លើយ​តប​នឹង​សំណួរ​របស់​សមាជិករ​ដ្ឋ​សភា ស្របតាម​នីតិវិធី​ដូច​មានចែង​ក្នុង​មាត្រា​៩៦​នៃ​រដ្ឋធម្មនុញ្ញ​។​

​គ​. ឯកឧត្តម ទៀ បាញ់​៖ ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុក​ការងារ​ការពារជាតិ​, ទទួល​សិទ្ធិ​ពី​នាយករដ្ឋមន្ត្រី​ក្នុង​ការបញ្ជា​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​, ដឹកនាំ​កិច្ច​ការបញ្ជូន​កងកម្លាំង​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ និង​ទទួល​សិទ្ធិ​ពី​នាយករដ្ឋមន្ត្រី​ក្នុង​ការបញ្ជា​អង្គភាព​ពិសេស​ប្រឆាំង​ភេរវកម្ម​ក្នុងពេល​នាយករដ្ឋមន្ត្រី​អវត្តមាន​។​

​ឃ​. ឯកឧត្តម គាត ឈន់​៖ ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុក​ប្រចាំការ​ដោះស្រាយ​ការងារ​ប្រចាំថ្ងៃ​ជំនួស​នាយករដ្ឋមន្ត្រី​, ទទួលបន្ទុក​ការងារ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​អនុប្រធាន​ទី​១​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​, ការងារ​អភិវឌ្ឍន៍​វិស័យ​ឯកជន​, ការងារ​ភាពជា​ដៃគូ​ក្នុង​កិច្ចអភិវឌ្ឍន៍​ជាមួយ​តួអង្គ​អភិវឌ្ឍន៍​ដែលមាន​ការពាក់ព័ន្ធ​, ទទួល​សិទ្ធិ​ពី​នាយករដ្ឋមន្ត្រី​ក្នុងការ​ពិនិត្យ និង​សម្រេច​លើ​ការងារ​របស់ «​ច្រកចេញ​-​ចូល​តែមួយ​» នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លើកលែងតែ​ការងារ​ដែលមាន​វេទយិតភាព​ខ្ពស់​ដែល​តម្រូវ​ឲ្យ​សុំ​ការណែនាំ​ឬ​ការសម្រេច​ពី​នាយករដ្ឋមន្ត្រី និង​ទទួល​សិទ្ធិ​ពី​នាយករដ្ឋមន្ត្រី​ក្នុងការ​ពិនិត្យ​និង​សម្រេច​លើ​សំណើ​ស្មុំ​កូន និង​ការសុំ​លា​សញ្ជាតិ​។​

​ង​. ឯកឧត្តម ហោ ណាំហុង​៖ ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ចការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ទូទៅ​។​

​ច​. លោកជំទាវ ម៉ែន សំអន​៖ ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុក​ជួយ​នាយករដ្ឋមន្ត្រី​លើ​ការងារ​អធិការកិច្ច​និង​សវនកម្ម ព្រមទាំង​ជួយ​នាយករដ្ឋមន្ត្រី​លើ​ការងារ​សង្គម​។​

​ឆ​. ឯកឧត្តម ប៊ិន ឈិន​៖ ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុក​ដឹកនាំ​ផ្ទាល់​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី ព្រមទាំង​ជួយ​នាយករដ្ឋមន្ត្រី​លើ​ការងារ​បង្ការ ទប់ស្កាត់ និង​ប្រឆាំង​អំពើពុករលួយ​។​

​ជ​. ឯកឧត្តម យឹម ឆៃលី​៖ ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុក​ដឹកនាំ​ក្រុមប្រឹក្សា​ស្តារ អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ​។​

​ឈ​. ឯកឧត្តម កែ គឹមយ៉ាន​៖ ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុក​ដឹកនាំ​ផ្ទាល់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។​

​នាយករដ្ឋមន្ត្រី និង​ឧបនាយករដ្ឋមន្ត្រី​ជា​គណៈអចិន្ត្រៃយ៍​នៃ​គណៈរដ្ឋមន្ត្រី​ដែល​ត្រូវ​ប្រជុំ​ពិគ្រោះ​ការងារ​តាម​ការកោះអញ្ជើញ​របស់​នាយករដ្ឋមន្ត្រី ឬ​នាយករដ្ឋមន្ត្រី​ស្តីទី​។​

​ឧបនាយករដ្ឋមន្ត្រី​ទទួលបន្ទុក​អនុវត្តន៍​ការងារ ឬ​បេសកកម្ម​ផ្សេងទៀត​ដែល​នាយករដ្ឋមន្ត្រី​ប្រគល់ជូន​ស្របតាម​មាត្រា​១៩ នៃ​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈរដ្ឋមន្ត្រី​។​

​អនុលោម​តាម​ស្មារតី​នៃ​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​លេខ​២៨​សសរ ចុះ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៣ ស្តីពី​ការកំណត់​របៀបរបប​ការងារ និង​ការបែងចែក​ភារកិច្ច​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​គឺ​បានកំណត់​ឲ្យ​ឧបនាយករដ្ឋមន្ត្រី​១​រូបៗ​មាន​ទីប្រឹក្សា​ចំនួន​៤​រូប «​ក្នុងនោះ​២​រូប​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ និង​២​រូប​ទៀត​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​» និង​មាន​ជំនួយការ​ចំនួន​៥​រូប «​ក្នុងនោះ​១​រូប​មាន​ឋានៈ​ស្មើ​អគ្គនាយក​, ២​រូប​មាន​ឋានៈ​ស្មើ​អគ្គនាយករង និង​២​រូប​ទៀត​មាន​ឋានៈ​ស្មើ​ប្រធាន​នាយកដ្ឋាន​»​។ ដោយឡែក ទីប្រឹក្សា​ក្តី ជំនួយការ​ក្តី​… របស់​នាយករដ្ឋមន្ត្រី​មិនត្រូវ​បានកំណត់​ឡើយ​ទោះបី​អាចមាន​ចំនួន​ជិត​១​ពាន់​នាក់​ក៏ដោយ​៕​

top-ten-gov-leeder-of-cambodia


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item