ខេត្តសៀមរាប ៖ លិខិតអនាមិកជាច្រើនច្បាប់ ប៉ុន្តែមានអត្ថន័យស្រដៀងគ្នា បានបង្ហើបឲ្យដឹងថា ចាប់តាំងពីមានការបង្កើត ច្រកចេញចូលតែមួយនៅអាជ្ញាធរអប្សរា ដែលគេអាចហៅថា ជាមជ្ឈមណ្ឌលសេវាកម្ម អាជ្ញាធរអប្សរា ដែលគ្រប់គ្រងដោយលោក ហុក ប៉េងសែ និងលោក ង៉ាន់ ដានី គឺមជ្ឈមណ្ឌលមួយនេះ បានក្លាយជាកន្លែងពុករលួយ និងមានការជំរិតទារប្រាក់ ពីបណ្តាក្រុមហ៊ុនទេសចរណ៍ សណ្ឋាគារ និងម្ចាស់សំណើផ្សេងៗ សម្រាប់ថតភាពយន្តឯកសារ ការរៀបចំពិធីទទួលទានអាហារ ការសម្តែងទស្សនីយភាពសិល្បៈ និងការរៀបចំកម្មវិធី ផ្សេងៗទៀត ក្នុងតំបន់អង្គរតាមអំពើចិត្ត។
មន្ត្រីមួយចំនួនបានបង្ហើបឲ្យដឹងទៀតថា ចំណូលរបស់អាជ្ញាធរអប្សរា ដែលបានមកពីផ្នែកនេះ ក្នុងមួយឆ្នាំៗមានទំហំទឹកប្រាក់រាប់សែនដុល្លារអាមេរិក បូករួមជាមួយប្រាក់ចំណូល នៃការយកលុយពីរថយន្តដែលបើកបរលើផ្លូវវាងក្រុង និងសេវាកម្មរថយន្តអគ្គិសនី របស់អាជ្ញាធរអប្សរា គឺគ្មានការគ្រប់គ្រងដោយតម្លាភាពនោះទេ ហើយកន្លងមកក៏មានការរអ៊ូរទាំរឿងរកស៊ីខាតបង់ ប៉ុន្តែរឿងពិត គេសង្កេតឃើញលោក ហុក ប៉េងសែ និងលោក ង៉ាន់ ដានី ដែលពីមុនរកតែរថយន្តជិះមិនបានផងនោះ ឥឡូវនេះមានលុយច្រើនហូរហៀរ មានឡានទំនើបជិះមិនខ្វះ។ មន្ត្រីទាំង២នាក់នេះ មានលុយមានអំណាចក៏មានទៅ ប៉ុន្តែពួកគេមិនគួរប្រើអំណាចនិងឥទ្ធិពល របស់ប្រធានអាជ្ញាធរអប្សរា មកជិះជាន់គាបសង្កត់ លាបពណ៌មន្ត្រីស្អាតស្អំដទៃទៀត យ៉ាងអយុត្តធម៌។
តាមរយៈសារលិខិតរៀបរាប់ ពីទុក្ខវេទនានិងសេចក្តីឈឺចាប់ដ៏ធំធេង មន្ត្រីនៅអាជ្ញាធរអប្សរាក៏បានទទូចសុំឲ្យសម្តេច ហ៊ុន សែន ពិនិត្យមើលបញ្ហានេះឡើងវិញជាបន្ទាន់ ដើម្បីផ្តល់ភាពយុត្តិធម៌ ជូនមន្ត្រីដទៃទៀតដែលកំពុងព្យាយាមធ្វើការងារ ដោយមិនខ្លាចនឿយហត់ដើម្បីបម្រើផលប្រយោជន៍ជាតិ។ តាមរយៈសារលិខិតចំហមួយនេះ គេតែងតែសង្ឃឹមថា ប្រធានអាជ្ញាធរអប្សរា នឹងចាត់វិធានការពិនិត្យស៊ើបអង្កេតឡើងវិញពីភាពអសកម្ម និងភាពមិនប្រក្រតី ក្នុងមជ្ឈមណ្ឌលសេវាកម្មរបស់អាជ្ញាធរអប្សរា ហើយត្រូវដោះស្រាយប្រកបដោយសុភវិនិច្ឆ័យ។ ប្រសិនបើអាចលុបបំបាត់ ភាពអសកម្មក្នុងអង្គភាពអាជ្ញាធរអប្សរា ដូចមានការរៀបរាប់ក្នុងលិខិតចំហនោះ គឺជារឿងល្អប្រសើរបំផុត និងបង្ហាញពីគំរូល្អសម្រាប់ការ កែទម្រង់ឲ្យស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល៕
Source from: watphnom-news.com























Loading...




Post a Comment