ខេត្តកំពង់ចាម ៖ ក្រុមហ៊ុនថារីពាណិជ្ជ ដែលកំពុងបូមខ្សាច់ ចាក់បំពេញបរិវេណដី របស់ក្រុមហ៊ុនខ្លួននោះ បានបណ្តាលឲ្យទឹកដែលបូម លាយជាមួយខ្សាច់ ហូរជ្រាបលិចក្រោមផ្ទះប្រជាពលរដ្ឋ ប្រមាណ ៤០ គ្រួសារ និងសាលារៀនមួយខ្នង ស្ថិតនៅក្បែរអតីត កំពង់សាឡាងភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ប៉ុន្តែអាជ្ញាធរឃុំ និងតំណាងក្រុមហ៊ុនបានឆ្លើយថា កំពុងរកវិធីបញ្ជៀសទឹក កុំឲ្យហូរជ្រាបចូលផ្ទះប្រជាពលរដ្ឋ និងរៀបចំជួសជុលរបង ដែលខូចខាតឡើងវិញ។
ប្រជាពលរដ្ឋរងគ្រោះ បានឲ្យដឹងថា ទឹកជំនាន់ទន្លេមេគង្គ នៅមិនទាន់ស្រកផុតពីខាងក្រោមផ្ទះស្រួលបួលផង បែរជាបី-បួនថ្ងៃនេះ មានទឹកពណ៌ល្អក់ ហូរជ្រាបចេញពីក្នុង របងរបស់ក្រុមហ៊ុនថារីពាណិជ្ជ ចូលក្រោមផ្ទះរបស់ពួកគាត់ ប្រហែល ៤០ គ្រួសារដែលនៅជាប់ខាងក្រោយ របងក្រុមហ៊ុននេះ។ ដំបូងឡើយក្រុមហ៊ុនថារី បូមចាក់ជាប់របង សាលាបឋមសិក្សាទន្លេបិទ បណ្តាលឲ្យបាក់របងមួយផ្ទាំង ហូរខ្សាច់និងទឹកចូលសាលាមួយខ្នង ព្រមទាំងទ្រេតរបង ជាច្រើនផ្ទាំងទៀត។
ដោយសារបញ្ហានេះ ប្រជាពលរដ្ឋបាននាំគ្នាជូនដំណឹង ទៅអាជ្ញាធរភូមិឃុំ ដើម្បីជួយអន្តរាគមន៍ សុំឲ្យម្ចាស់ក្រុមហ៊ុនថារី ឲ្យរកវិធីបញ្ជៀសកុំឲ្យ ទឹកហូរជ្រាបចូល ក្រោមផ្ទះគាត់បន្តទៀត និងជួយជួសជុលរបង ដែលបាក់មួយផ្ទាំង និងទ្រេតជាច្រើនផ្ទាំងទៀត ដើម្បីធានាសុវត្ថិភាពសិស្សដែលទៅលេងក្បែររបងក្រុមហ៊ុននោះ។ យ៉ាងណាក៏ដោយលោក សុខ ជាមេការក្រុមហ៊ុនថារីពាណិជ្ជ បានឲ្យដឹងថា ខាងក្រុមហ៊ុនកំពុង រកមធ្យោបាយដោះស្រាយបញ្ហានេះ៕
Source from: watphnom-news.com























Loading...




Post a Comment