ក្រៅពីមានទីប្រឹក្សារាជរដ្ឋាភិបាល ទីប្រឹក្សានាយករដ្ឋមន្ត្រីដ៏ច្រើនសន្ធឹកសន្ធាប់នោះ នៅមានទីប្រឹក្សាបណ្តាក្រសួងនានាដ៏សំពីងសំពោងទៀត សម្រាប់រាជរដ្ឋាភិបាលក្បាលធំអាណត្តិទី៥ ដែលមានក្រសួង ស្ថាប័នក៏ច្រើន និងសមាជិករាជរដ្ឋាភិបាល"នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការ" ព្រមទាំងអនុរដ្ឋលេខាធិការក៏ច្រើន ។
គិតត្រឹមរយៈពេលមួយខែគត់"ចាប់តាំងពីរាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភាគណបក្សប្រជាជនកម្ពុជា កកើតនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ " គឺទីប្រឹក្សាក្រសួងមានចំនួន១៦៧នាក់ ដែលក្នុងនោះ១នាក់មានឋានៈស្មើរដ្ឋមន្ត្រី, ៤៥នាក់មានឋានៈស្មើរដ្ឋលេខាធិការ, ៩៩នាក់មានឋានៈស្មើអនុរដ្ឋលេខាធិការ, ៩នាក់មានឋានៈស្មើអគ្គនាយក, ៨នាក់មានឋានៈស្មើអគ្គនាយករង និង៥នាក់មានឋានៈស្មើប្រធាននាយកដ្ឋាន ។
លើសពីនេះ នៅមានជំនួយការអមទីស្តីការគណៈរដ្ឋមន្ត្រីចំនួន២៩នាក់ទៀត ក្នុងនោះ១១នាក់មានឋានៈស្មើអគ្គនាយក, ១៣នាក់មានឋានៈស្មើអគ្គនាយករង និង៥នាក់មានឋានៈស្មើប្រធាននាយកដ្ឋាន ។
តាមការគណនាបានបង្ហាញឲ្យឃើញថា ក្នុងរយៈពេល១ខែនេះ គឺទីស្តីការគណៈរដ្ឋមន្ត្រីមានទីប្រឹក្សា និងជំនួយការច្រើនជាងបណ្តាក្រសួងដទៃទៀត ។
មជ្ឈដ្ឋានអ្នកវិភាគនយោបាយឯករាជ្យនៅកម្ពុជា បានលើកឡើងថា ទីប្រឹក្សាក្រសួង ស្ថាប័នទាំងនោះនឹងកើនឡើងច្រើនទៀតនៅពេលខាងមុខ ដ្បិតក្រសួង ស្ថាប័ននៅកម្ពុជាមិនត្រូវបានរួមបញ្ចូលគ្នាទេ មានតែបំបែកនិងបង្កើតថែម "ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ត្រូវបំបែកចេញជា២ក្រសួង គឺក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រសួងរ៉ែ និងថាមពល" និងម្យ៉ាងទៀត បុរសខ្លាំងដែលជាអ្នកគ្រប់គ្រងកាន់កាប់អំណាចនៅកម្ពុជា តែងចូលចិត្តប្រើប្រាស់"សិល្បៈនៃការចែករំលែក" ដោយធ្វើការប្រមែប្រមូលអ្នកគាំទ្រខ្លួន និងគណបក្សនយោបាយរបស់ខ្លួនឲ្យមកធ្វើជាទីប្រឹក្សា ដើម្បីទទួលបានបុណ្យស័ក្តិផង និងលុយកាក់ផង ជាហេតុធ្វើឲ្យលុយជាតិត្រូវចំណាយយ៉ាងច្រើនទៅលើក្រុមទីប្រឹក្សា និងជំនួយការទាំងនោះ ៕
Source from: www.dtn7.com























Loading...




Post a Comment