នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ កូនទាហានដែលជាអ្នកលេង Facebook ដ៏ល្បី និងកាន់កាប់ Page ដ៏ធំមួយក្នុងបណ្តាញសង្គមម្នាក់ បានបញ្ចេញកំហឹងរបស់ខ្លួន ដោយដុតរូបថតសម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បង្ហោះនៅក្នុងបណ្តាញសង្គម Facebook ដើម្បីទាក់ទាញនិងពញាក់អារម្មណ៍យុវជនខ្មែរឲ្យមានសេចក្តីក្លាហាន ហ៊ានប្រឆាំងនឹងអំពើផ្តាច់ការ និងការប្រព្រឹត្តខុសច្បាប់របស់ថ្នាក់ដឹកនាំប្រទេស ។
កូនទាហាន និងជាអ្នកលេង Facebook កាន់កាប់ Page មានអ្នក Like Page ចំនួន 157K "ជិត១៦ម៉ឺននាក់" ដែលដុតរូបថតមេទាហានជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នោះមានឈ្មោះ ផែ សុវណ្ណារិទ្ធ "Phe Sovannarith" និងធ្លាប់ត្រូវបានគេស្គាល់ថាជាយុវជនដង្ហែ និងគាំទ្រគណបក្សប្រជាជនកម្ពុជាយូរយារមកហើយ ។
ដោយឡែក កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣ម្សិលមិញនេះ ឈ្មោះ ផែ សុវណ្ណារិទ្ធ បានដុតរូបថតលោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីបញ្ចេញកំហឹងរបស់ខ្លួន ក្រោយពីសមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថ បានធ្វើការបង្ក្រាបយ៉ាងសាហាវលើក្បួនបាតុកម្មរបស់កម្មកររោងចក្រ SL នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣កន្លងមក ។
ក្រុមអ្នកលេង Facebook ខ្លះបានបញ្ចេញមតិថា នេះគឺជារូបភាពនៃការសម្តែងរបស់យុវជនដង្ហែគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ ដើម្បីទាក់ទាញរកការគាំទ្រមកលើខ្លួន រីឯអ្នកលេង Facebook ខ្លះទៀតបានបញ្ចេញមតិគាំទ្រចំពោះសេចក្តីក្លាហានរបស់យុវជន ផែ សុវណ្ណារិទ្ធ នេះ ។ ប៉ុន្តែមានអ្នកលេង Facebook មួយចំនួនទៀតបានសម្តែងនូវការព្រួយបារម្ភថា រាជរដ្ឋាភិបាលអាចយកលេសនូវអំពើរបស់ឈ្មោះ ផែ សុវណ្ណារិទ្ធ ដែលបានធ្វើទៅលើថ្នាក់ដឹកនាំប្រទេស ដើម្បីឈានទៅគ្រប់គ្រងលើបណ្តាញសង្គម Facebook តែម្តង ៕
Source from: www.dtn7.com























Loading...




Post a Comment