ប្រទេសឥណ្ឌា ៖ ប្រាសាទ អង្គរវត្ត ដែលត្រូវបានកសាង ក្នុងសតវត្សរ៍ទី១២ បានក្លាយជាប្រាសាទសាសនាហិណ្ឌូ ធំជាងគេបំផុតក្នុងពិភពលោក ហើយពេលនេះ ប្រទេសឥណ្ឌា បានបង្ហាញគម្រោង សាងសង់ប្រាសាទ សាសនាហិណ្ឌូថ្មីមួយ ដោយមិនយកលំនាំតាម ប្រាសាទអង្គរវត្ត នោះទេ បន្ទាប់ពីកម្ពុជា បានជំទាស់ តែប្រាសាទដែល ឥណ្ឌា រៀបចំសាងសង់ មានភាពល្អប្រណីត មានកម្ពស់ដល់ទៅ ១២០ ម៉ែត្រ និងមានកំពូលច្រើនជាង ប្រាសាទអង្គរវត្ត ដែលមានទីតាំងក្នុងខេត្តសៀមរាប ។
កាសែត Hindustan Times បានឲ្យដឹងថា ប្រាសាទថ្មីរបស់ឥណ្ឌា នឹងសាងសង់នៅក្នុងខេត្តប៊ីហា លើផ្ទៃដីជាង ៨០ហិកតា ដំបូងឡើយគ្រោងសាងសង់ ជាអង្គរវត្តចម្លង ដូចគ្នាបេះបិទ ប៉ុន្តែដោយសារតែរដ្ឋាភិបាលកម្ពុជា បានជំទាស់បានធ្វើឲ្យប្រទេសឥណ្ឌា ផ្អាកគម្រោងសាងសង់នេះ កាលពីខែមីនា ឆ្នាំ២០១២។ ទោះជាយ៉ាងណាក៏ដោយ គម្រោងមួយនេះកំពុងតែ ដំណើរការទៅមុខ ដោយប្រើឈ្មោះថ្មី និងរចនាបថថ្មី ហើយសំណង់អង្គរចម្លង ដែលកំពុងត្រូវបានសាងសង់ ដោយមូលនិធិ Board of Religious Trusts របស់រដ្ឋប៊ីហា មានកម្ពស់ជាង ១២០ម៉ែត្រ ហើយនឹងផ្ទុកអ្នកទស្សនាបានចំនួន ២ ម៉ឺននាក់។
ដោយគោរពតាមការជំទាស់ របស់កម្ពុជាចំពោះគម្រោងនេះ រដ្ឋាភិបាលឥណ្ឌាបានស្នើសុំ ឲ្យអ្នករចនាប្លង់ កុំចម្លងតាមរចនាបទអង្គរ ហើយសុំឲ្យពួកគេដូរឈ្មោះ ប្រាសាទនេះពី ប្រាសាទវីរ៉ាត អង្គរវត្តរ៉ាមម៉ានឌា ទៅជាប្រាសាទ វីរ៉ាត រ៉ាមាយ៉ាន ម៉ានឌា វិញ។ អ្នករចនាបទទាំងនោះ ក៏បានសម្រេចចិត្ត សាងសង់ ប្រាសាទនេះ ឲ្យមានទំហំធំជាងប្រាសាទអង្គរវត្ត និងមានកំពូល ច្រើនជាងផងដែរ។ យ៉ាងណាក៏ដោយគេយល់ថា នឹងគ្មានប្រាសាទថ្មីណាមួយ អាចធ្វើឲ្យប៉ះពាល់ដល់ សម្រស់ទាក់ទាញ នៃនិមិត្តរូបជាតិ របស់ប្រទេសកម្ពុជា នោះឡើយព្រោះតែ អង្គរវត្ត ជាកន្លែងអាថ៌កំបាំង ជាទីតាំងដែលមានជីវិតរស់រវើក តំណាងឲ្យអារិយធម៌ទៀតផង និងជាសមិទ្ធផលដ៏ថ្លៃថ្លារបស់មនុស្សជាតិ៕
Source from: watphnom-news.com























Loading...




Post a Comment