រាជធានីភ្នំពេញ ៖ សម្រាប់ការរំលឹកឡើងវិញនូវ ព្រឹត្តិការណ៍សោកនាដកម្ម ជាប្រវត្តិសាស្ត្រនៃការរត់ជាន់គ្នា នៅលើស្ពានពេជ្រ នៃមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ បណ្តាលឲ្យមនុស្សប្រមាណ ៣៥៣ នាក់ដែលភាគច្រើន ជាយុវជនបានស្លាប់ បាត់បង់ជីវិតនិងជិត ៤០០ នាក់ផ្សេងទៀតបានរងរបួស កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ នៅថ្ងៃបញ្ចប់នៃព្រះរាជពិធី បុណ្យអុំទូក និងអកអំបុក កាលពី ៣ ឆ្នាំមុន សាលារាជធានីភ្នំពេញ បានប្រកាសថា គ្រោងនឹងនិមន្តព្រះសង្ឃប្រមាណ ១០៨ អង្គដើម្បីធ្វើពិធីតាមបែប ព្រះពុទ្ធសាសនាដ៏ធំមួយ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា នឹងមានការរៀបចំធ្វើពិធីបុណ្យបង្សុកូល និងរាប់បាតព្រះសង្ឃដើម្បីជាការ រំឭកខួបព្រឹត្តិការណ៍ នៃការរត់ជាន់គ្នានៅលើស្ពានពេជ្រ ព្រោះព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ យើងត្រូវប្រកាន់ខ្ជាប់អញ្ចឹង។ ធម្មតាបើមានបញ្ហាអ្វីមួយកើតឡើង រហូតដល់មានស្លាប់ច្រើនបែបនេះ យើងរៀបចំធ្វើពិធីរំឭកខួប ជារៀងរាល់ឆ្នាំ។ គេនៅចាំបានថា កាលពីថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០១០ នៅថ្ងៃបញ្ចប់នៃព្រះរាជពិធី បុណ្យអុំទូកនិងអកអំបុក មានព្រឹត្តិការណ៍រត់ជាន់គ្នា ដ៏គួរឱ្យរន្ធត់មួយ នៅលើស្ពានពេជ្រ នៃមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ។
ក្នុងហេតុការណ៍នោះ មានមនុស្សប្រមាណ ៣៥៣ នាក់ បានស្លាប់បាត់បង់ជីវិត និងជិត ៤០០ នាក់ផ្សេងទៀតបានរងរបួស ដោយជនរងគ្រោះខ្លះ បានធ្លាក់ខ្លួនពិការដល់សព្វថ្ងៃ ដោយសារជាន់ពីលើគ្នា។ សោកនាដកម្មនៅលើកោះពេជ្រ ជាព្រឹត្តិការណ៍មួយ មិនអាចបំភ្លេចបានឡើយ ហើយអ្នកទទួលខុសត្រូវគួរតែត្រូវបាន នាំខ្លួនមកផ្តន្ទាទោស។ ប្រជាពលរដ្ឋមួយចំនួន មានការសោកស្តាយ ចំពោះកង្វះការទទួលខុសត្រូវ របស់អាជ្ញាធរដែលមកដល់ម៉ោងនេះ គ្មាននរណាម្នាក់ត្រូវបាននាំទៅ ដាក់ពិន័យ ឬផ្តន្ទាទោសនោះទេ។ គ្មានមន្ត្រីរដ្ឋាភិបាល និងសមត្ថកិច្ចណាម្នាក់ ទទួលកំហុសទេ បន្ទាប់ពីសម្តេច ហ៊ុន សែន កាលនោះចេញមុខការពារថា ជាការទទួលខុសត្រូវរួម មិនមែនមានកំហុសណាម្នាក់ទេ៕
Source from: watphnom-news.com























Loading...




Post a Comment