ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យម្នាក់ ដែលបានទូរស័ព្ទហៅអ្នករត់តាក់ស៊ី មកដឹកហើយដកកាំភ្លើង បាញ់ប្រហារមិនបានសំរេច កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ វេលាម៉ោង ៣និង៣០ នាទីទៀបភ្លឺ ក្នុងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែងខេត្តពោធិ៍សាត់ ត្រូវបាននគរបាល តាមស្រាវជ្រាវចាប់ខ្លួន ពីបទប៉ុនប៉ងមនុស្សឃាត គិតទុកជាមុនមិនបានសំរេច ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ។
ជនសង្ស័យមានឈ្មោះ ផិន ផាត ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមីឃុំខាងលើ ហើយជនរងគ្រោះឈ្មោះ ឃឿន សុភ័ក្រ ភេទប្រុស អាយុ ៣៤ឆ្នាំ ស្រុកកំណើតនៅខេត្តកំពង់ស្ពឺ បានមកស្នាក់នៅស្រុកវាលវែង បើករថយន្ដម៉ាកសាំយ៉ុង ១២កៅអី ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ ២T-៤២៦២ ។ នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងចាំម៉ូយ នៅទីរួមស្រុកវាលវែង ដើម្បីដឹកទៅកាន់ ខេត្តពោធិ៍សាត់ ក៏ស្រាប់តែជនសង្ស័យ បានទូរស័ព្ទហៅជនរងគ្រោះ ឲ្យទៅដឹកនៅឯឃុំអន្លង់រាប ដោយអះអាងថា មានគ្នា ៥ នាក់ជិះរថយន្ដនោះ ទៅពោធិ៍សាត់ដែរ។
ជនរងគ្រោះក៏បាន បើករថយន្ដចេញទៅ ដោយមានគ្នាចំនួនពីរនាក់ ហើយខ្វះតែមួយគីឡូម៉ែត្រទៀត ដល់កន្លែងដែលជនសង្ស័យណាត់ជួប ស្រាប់តែមានខ្មាន់កាំភ្លើងម្នាក់ បានស្ទាក់បាញ់ប្រហារចំនួនពីរគ្រាប់ ត្រូវចំខាងមុខរថយន្ដមួយគ្រាប់ ហើយគ្រាប់ទីពីរចូលកាប៉ីនរថយន្ដ។ ពេលនោះជនរងគ្រោះ បានព្យាយាមបើករថយន្តយ៉ាងលឿន ទៅដល់មុខផ្ទះប្រធានភូមិ ស្រែកឲ្យគេជួយនិងប្ដឹងប៉ូលិស ហើយលោកមេប៉ុស្ដិ៍បានស្គាល់ លេខទូរស័ព្ទជនសង្ស័យ និងមានភស្ដុតាងមួយចំនួន ដើម្បីដាក់បន្ទុក រួមនិងសំបកកាទូសគ្រាប់អាកា ក៏ចាប់ខ្លួនជនសង្ស័យតែម្តង៕
Source from: watphnom-news.com























Loading...




Post a Comment