ខេត្តកំពង់ឆ្នាំង ៖ រថយន្តកាមរីឆ្លាមពណ៌ត្រីឆ្លូញ ដឹកឈើប្រណិតមួយគ្រឿង បើកបរក្នុងល្បឿនលឿន បានផ្ទុះកង់ក្រោយខាងស្តាំ បណ្តាលឲ្យក្រឡាប់ ២ទៅ៣ ត្រឡប់ ធ្លាយចេញសុទ្ធតែឈើប្រណិត មានមុខកាត់ធំៗ ជាច្រើនកំណាត់ កាលពីវេលាម៉ោង១០និង៤០ នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិ អូរសណ្ដាន់ចាស់ ឃុំទឹកហូត ស្រុករលាប្អៀរ។
មុនពេលកើតហេតុ រថយន្តកាមរីឆ្លាម បានធ្វើដំណើរពីជើងទៅត្បូង តាមបណ្តោយផ្លូវជាតិលេខ៥ លុះមកដល់ចំណុចកើតហេតុ មានស្ពានមួយដែលមាន ជង្ហុកនិងទួលបន្តិច ហើយរថយន្តមានទម្ងន់ធ្ងន់ និងមានល្បឿនលឿនផងនោះ បានកង់ក្រោយខាងស្តាំ បណ្ដាលឲ្យរថយន្ត ប្រទាញទៅខាងឆ្វេងដៃ ហើយក្រឡាប់ចូលកូនប្រឡាយ គ្មានទឹកនៅជិតនោះតែម្តង។ ក្រោយពេលកើតហេតុ គេឃើញឈើប្រណិតជាច្រើនកំណាត់ មានមុខកាត់ធំៗ នៅពេញរថយន្ត ចំណែកអ្នកបើកបរ បានរងរបួសជាទម្ងន់ ដោយកៀបជាប់ក្នុងរថយន្ត។
ក្រោយមកមានរថយន្ត ម៉ាកកាមរីពណ៌ខ្មៅ ១គ្រឿងផ្សេងទៀត បើកមកដល់បានកាច់យក ស្លាកលេខរថយន្ត ដែលក្រឡាប់នោះទុក។ ប្រជាពលរដ្ឋដែលនៅជិតៗនោះ បានមកជួយគាស់រថយន្ត ដែលក្រឡាប់នោះ ដើម្បីទាញយកអ្នកបើកបរ លើកដាក់លើរថយន្តកាមរីឆ្លាមពណ៌ខ្មៅនោះ ដឹកចេញបាត់ទៅ ហើយគេដឹងថា អ្នកបើករថយន្តកាមរីឆ្លាមពណ៌ខ្មៅ នោះគឺជាមន្ត្រី នគរបាលខេត្តកំពង់ឆ្នាំង។ ឈើក្នុងរថយន្តនេះ ជាប្រភេទឈើធ្នង់ និងនាងនួន មានចំនួន ៣៧ដុំ គឺប្រវែង ២ម៉ែត្រ ៣០ដុំ និងប្រវែង១,៥០ ម៉ែត្រ ៧ដុំ ទាំងឈើនិងរថយន្ត ត្រូវបានប្រគល់ឲ្យ ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ៕
Source from: watphnom-news.com























Loading...




Post a Comment