រាជធានីភ្នំពេញ ៖ អ្នកស្រី អេង សុខុម អាយុ ៤៩ ឆ្នាំពេលកំពុងលក់ម្ហូបអាហារឲ្យភ្ញៀវ ស្រាប់តែគ្រាប់កាំភ្លើងបានហោះទៅទម្លុះដើមទ្រូង បណ្តាលឲ្យស្លាប់តែម្តង អំឡុងពេលមានការប៉ះទង្គិចគ្នា រវាងកម្មកររោងចក្រកាត់ដេរ អេសអិល និងនគរបាលបង្ក្រាបបាតុកម្ម នៅមុខវត្តស្ទឹងមានជ័យ កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា បង្កទៅជាភាពតានតឹង មានការគប់ដុំថ្មនិងដុតរថយន្ត ហើយពីដំបូងនគរបាលបានតបតវិញ ដោយការបាញ់ទឹក ហើយបន្ទាប់មកបាន ប្រើឧស្ម័នបង្ហូរទឹកភ្នែក បាញ់គ្រាប់ជ័រ និងគ្រាប់ពិត។
អ្នកឃ្លាំមើលសិទ្ធិមនុស្ស នៅកន្លែងកើតហេតុ បានឃើញមន្ត្រីនគរបាលជាច្រើននាក់ បាញ់អ្នកតវ៉ា ដែលគប់ដុំថ្ម រីឯរូបភាពវីដេអូ និងរូបថត នគរបាលប្រដាប់ដោយកាំភ្លើង ត្រូវបានផ្សព្វផ្សាយជាច្រើនតាមបណ្តាញផ្សព្វផ្សាយសង្គម។ មនុស្សប្រាំបួន នាក់ទៀតក៏បានរងរបួសដែរ ហើយមួយចំនួនរងរបួសដោយគ្រាប់កាំភ្លើង។ ពាក់ព័ន្ធនឹងការស្លាប់ និងរបួសប្រជាពលរដ្ឋ នៅក្នុងសេចក្តីថ្លែងការណ៍ របស់នគរបាលជាតិ បានលើកឡើងអំពីការសោកស្តាយ ប៉ុន្តែទំនងជាមិនមានគម្រោង ស៊ើបអង្កេតរកយុត្តិធម៌ទេ។
រូបភាពវីដេអូ ដែលអង្គការលីកាដូ ផ្សព្វផ្សាយបង្ហាញឲ្យឃើញ យ៉ាងច្បាស់ពីមន្ត្រីនគរបាលជាច្រើននាក់ ដែលបានលើកកាំភ្លើង បាញ់ទៅលើក្រុមអ្នកតវ៉ា ព្រមទាំងទាត់ និងវាយប្រហារ ព្រះសង្ឃនឹងដំបងឆក់។ វីដេអូមួយទៀតបង្ហាញពីមន្ត្រីម្នាក់ ដែលបានប្រាប់និស្សិតម្នាក់ថា ខ្លួននឹងសម្លាប់និស្សិតរូបនេះ ហើយយកខ្មោច ទៅបោះចោល។ មានបញ្ហាជាច្រើនពាក់ព័ន្ធនឹង ការដោះស្រាយបាតុកម្មពីសំណាក់ អាជ្ញាធរ នឹងមានលទ្ធផលមិនល្អ ពេលដែលបញ្ហាទាំងនោះ បញ្ចប់ទៅដោយសោកនាដកម្ម។
ក្រុមគ្រួសារមានទុក្ខក្រៀមក្រំ ក្នុងពេលធ្វើបុណ្យសព អ្នកស្រី អេង សុខុម នៅថ្ងៃនេះ ហើយតំណាងគណបក្ស សង្គ្រោះជាតិ បានទៅសួរសុខទុក្ខពួកគាត់ និងបានបរិច្ចាគថវិកា មួយចំនួនដល់គ្រួសារនេះ។ សាលារាជធានីភ្នំពេញក៏បាន ចំណាយថវិកាចំនួន ៥ លានរៀលសម្រាប់ពិធីបុណ្យ សពអ្នកស្រីអេង សុខុម ផងដែរ។ យ៉ាងណាក៏ដោយលោក ង៉ែត វង្ស អាយុ ៥១ឆ្នាំ ជាស្វាមីរបស់អ្នកស្រី អេង សុខម បាន និយាយថា លុយប៉ុន្មាន ក៏មិនស្មើនឹងការស្លាប់ ប្រពន្ធរបស់គាត់ដែរ ហើយលុយដែលអាជ្ញាធរឲ្យគាត់ ក៏មិនអាចនាំប្រពន្ធគាត់មកវិញបានទេ ពីព្រោះពួកគេជាអ្នកទទួលខុសត្រូវ ចំពោះរឿងនេះ៕
Source from: watphnom-news.com























Loading...




Post a Comment