ក្រុងបាងកក ៖ បន្ទាប់ពីមានការប្រកាសសេចក្តីសម្រេច របស់តុលាការយុត្តិធម៌ អន្តរជាតិក្រុងឡាអេ ស្តីពីបញ្ហាជម្លោះនៅប្រាសាទព្រះវិហារ ដែលតម្រូវឲ្យថៃដកកងទ័ព ចេញពីតំបន់ជុំវិញប្រាសាទព្រះវិហារ បាននាំឲ្យរដ្ឋាភិបាលក្រុងបាងកក រងគំនាបកាន់តែខ្លាំងពីបក្សប្រឆាំង ហើយលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ បានអះអាងនៅក្នុងសភាថា ខ្លួនមិនដែលអះអាង ពីការទទួលយកសេចក្តីសម្រេចរបស់តុលាការទេ។
កាសែតបាងកកប៉ុស្តិ៍ បានរៀបរាប់ថា ឆ្លើយតបទៅនឹងសម្ពាធ របស់បក្សប្រឆាំង នាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានអះអាងនៅក្នុងសភាថា លោកស្រីមិនដែលបាន និយាយទាល់តែសោះថា ថៃនឹងទទួលយកសេចក្តីសម្រេច របស់តុលាការក្រុងឡាអេ ប៉ុន្តែអ្វីដែលលោកស្រីចង់បាន គឺការរក្សាសន្តិភាព នៅតាមព្រំដែនកម្ពុជាថៃ។ ការអះអាងរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ហាក់ដូចជាងាកចេញពីគោលជំហរដើម ដែលបានព្រៀមព្រៀងជាមួយកម្ពុជា ថានឹងទទួលយកសេចក្តីសម្រេចនេះ។
ឯកអគ្គរាជទូតថៃប្រចាំទីក្រុងឡាអេ លោក Virachai Plasai ដែលជាអ្នកជំនាញ ទទួលបន្ទុកបញ្ហាព្រះវិហារ ក៏បានថ្លែងប្រាប់អង្គសភាថា សេចក្តីសម្រេចរបស់ តុលាការយុត្តិធម៌អន្តរជាតិ កាលពីថ្ងៃទី១១ ខែវិច្ឆិកា មិនបានបញ្ជាក់ច្បាស់ ពីព្រំដែនរវាងប្រទេសទាំងពីរទេ។ ដូច្នេះ មានតែការចរចានិងព្រមព្រៀងគ្នា រវាងភាគីកម្ពុជានិងថៃតែប៉ុណ្ណោះ ទើបអាចសម្រេចអនុវត្ត សាលដីកានេះបាន។
តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ បានសម្រេចកាលពីថ្ងៃទី១១ ខែវិច្ឆិកា ដោយបញ្ជាក់ថា ដែនដីជុំវិញប្រាសាទព្រះវិហារ ជារបស់កម្ពុជា ដោយបានទាត់ចោល ផែនទីឯកតោភាគី របស់ថៃដែលបង្កើតឲ្យមានផ្ទៃដី ៤,៦ គីឡូម៉ែត្រក្រឡា។ ភា្លមៗក្រោយពីសេចក្តីសម្រេចនេះ ទាំងរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ហោ ណាំហុង ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើសេចក្តីថ្លែងការណ៍ ដោយចាត់ទុកសេចក្តីសម្រេចនេះ ជាជំហានថ្មីដ៏សំខាន់សម្រាប់ដំណោះស្រាយ បញ្ហាព្រះវិហារ ហើយនឹងជជែកជាមួយភាគីថៃ ដើម្បីអនុវត្តន៍សាលដីកានេះ៕
Source from: watphnom-news.com























Loading...




Post a Comment