តារា​ចម្រៀង​ល្បី​ពីរ​ដួង​ក្នុង​ផលិតកម្ម​តែ​មួយ​គឺ​កញ្ញា ឱក សុគន្ធ​កញ្ញា និង​កញ្ញា ពេជ្រ សោភា ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ភាព​ត្រដំ​ត្រសង​គ្នា ទាំង​ក្បាច់​រាំ និង​រូប​សម្ផស្ស​ទៀត។ តែ​ចំណុច​មួយ​ដាច់​ដោយ​ឡែក គឺ​ទឹក​ចិត្ត​សប្បុរស ដែល​សិល្បករ​ខ្មែរ​មួយ​ចំនួន សុទ្ធ​តែ​មាន​វា។

យ៉ាង​ណា ដោយ​សារ​តែ​គេ​ស្ថិត​ក្នុង​ទ្រនំ​តែ​មួយ និង​សុទ្ធ​ជា​ជើង​ខ្លាំង​ដូច​គ្នា ដូច្នេះ​សូម​ក្រឡេក​មើល​ពី​ចំណុច​លេច​ធ្លោ​លើ​ទឹក​ចិត្ត​សប្បុរស​នេះ ក្នុង​កិច្ច​ការ​សង្គម។

ឱក សុគន្ធ​កញ្ញា៖ ​តារា​រូប​នេះ ត្រូវ​ប្រភព​អ្នក​នៅ​ក្នុង​សិល្បៈ​បញ្ចេញ​ឲ្យ​ដឹង​ថា ជា​តារា​លេខ​១​នៅ​ហង្សមាស​ផ្នែក​នារី។ វិល​មក​ទឹក​ចិត្ត​សប្បុរស​ធម៌​ក្នុង​កិច្ច​ការ​សង្គម​វិញ សុគន្ធ​កញ្ញា ក៏​មាន​សកម្មភាព​ច្រើន​ដែរ ក្នុង​នោះ កញ្ញា​បាន​ចូល​រួម​ជាមួយ “សមាគម​ក្ដី​សង្ឃឹម​ជន​ក្រី​ក្រ” បំផុស​ឲ្យ​កុមារ​កំព្រា និង​ស្ត្រី​ទី​ទ័ល​ក្រ​ត្រូវ​មាន​សង្ឃឹម រួម​ទាំង​ការ​ស្នើ​កុំ​ឲ្យ​មាន​ការ​រើស​អើង​ចំពោះ​ពួក​គេ​ផង។

ក្រៅ​ពី​នេះ ឱក សុគន្ធ​កញ្ញា គឺ​ជា​ឯក​អគ្គរាជទូត​សុច្ឆន្ទៈ ចុង​ក្រោយ​នៃ​គម្រោង​សាងសង់​យុវជន​ឆ្នាំ២០១៣របស់ អង្គការ​លំនៅឋាន​មនុស្ស​ជាតិ(Habitat) ទៀត។ ដោយ​ប្រើ​ប្រជាប្រិយភាព​របស់​ខ្លួន សុគន្ធ​កញ្ញា មាន​តួនាទី ប្រមូល​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ ពិសេស​យុវវ័យ​ឲ្យ​ចូល​រាំ​គាំទ្រ​គម្រោង​ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះខាត​លំនៅ​ឋាន សម្រាប់​ប្រជាពលរដ្ឋ​ដែល​គ្មាន​ឱកាស​រស់​នៅ​បាន​សមរម្យ។

អត្ថបទ៖ ឱក សុគន្ធកញ្ញា បិទ​រូប​ម្ដាយ​លើ​ទូរសព្ទ

មិន​អស់​នៅ​ឡើយ ឱក សុគន្ធ​កញ្ញា ក៏​ធ្លាប់​បាន​ស្នើ​ឲ្យ​មាន​ការ​ចូលរួម​លុប​បំបាត់​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ និង​បង្កើន​ក្ដី​ស្រលាញ់​ជា​ជំនួស​ដែរ ពោល​គឺ​នាង បាន​ចូល​រួម​គាំទ្រ​កម្មវិធី “១០០កោដ​សំឡេង​របស់​យុវជន” ដែល​ជា​កម្មវិធី​មាន​គោល​បំណង​ទប់ស្កាត់​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ។

វិល​មក​កញ្ញា ពេជ្រ សោភា វិញ បើ​និយាយ​ពី​ការ​ចូល​រួម​កិច្ច​ការ​សង្គម​ដោយ​ប្រើ​ប្រជាប្រិយភាព​មិន​សូវ​មាន​ទេ បើ​ធៀប​នឹង ឱក សុគន្ធ​កញ្ញា គឺ​មាន​តែ​ការ​ច្រៀង​អប់រំ​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​ប៉ុណ្ណោះ ប៉ុន្តែ​សកម្មភាព​ចុះ​ដោយ​ផ្ទាល់​គឺ​មាន​គួរ​ឲ្យ​កត់​សម្គាល់​ ពិសេស​សកម្មភាព​​ចេញ​មុខ​រៃ​អង្គាស​ថវិកា​ជួយ​ជន​រងគ្រោះ​ដោយ​ទឹក​ជំនន់​នា​រយៈ​ចុង​ក្រោយ​នេះ។

ធ្លាប់​មាន​អតីត​កាល​កម្សត់​កម្រ ពេជ្រ សោភា បាន​បង្កើត​មូលនិធិ “ខ្មែរ​ជុំ​វិញ​ពិភព​លោក” ហើយ​ប្រមូល​ថវិកា​ច្រើន​ពាន់​ដុល្លារ​ពី​បង​ប្អូន​ខ្មែរ​នៅ​អាមេរិក យក​មក​ជួយ​ពលរដ្ឋ​ខ្មែរ​ក្នុង​ស្រុក ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់ ក្នុង​នោះ​គ្រាន់​តែ​ចុះ​ពី​លើ​យន្តហោះ​ពី​យប់ ព្រលឹម​ឡើង កញ្ញា ក៏​បាន​ដឹក​នាំ​ក្រុម​ការងារ​ចុះ​ទៅ​ខេត្ត​កំពង់​ចែក​អំណោយ​សប្បុរស​ភ្លាម​តែ​ម្តង។

អត្ថបទ៖ ពេជ្រ សោភា​មក​ដល់​កម្ពុជា​​ភ្លាម​ យក​អំណោយ​ទៅ​ចែក​ជន​រងគ្រោះ​​ទឹក​ជំនន់​ភ្លែត

ក្រៅ​ពី​តារា​ល្បី​ទាំង​ពីរ​ដួង​នេះ ក៏​មាន​តារា​ខ្មែរ​មួយ​ចំនួន​ទៀត ក៏​មាន​ទឹក​ចិត្ត​សប្បុរស​ផ្ទាល់​ខ្លួន​ដែរ មាន​ដូច​ជា​កញ្ញា មាស សុខ​សោភា និង​កញ្ញា សូដា នីតា ជា​ដើម។មាស សុខ​សោភា មាន​មូលនិធិ​របស់​កញ្ញាឈ្មោះ​ថា “មូលនិធិ​បេះដូង មាស សុខ​សោភា” ដោយ​ធ្លាប់​បរិច្ចាគ​ថវិកា ខ្ទង់​ពាន់​ដុល្លារ​ជួយ​ជន​រងគ្រោះ​ដោយ​ទឹក​ជំនន់​នៅ​ខេត្ត​ព្រៃ​វែង​កន្លង​មក។

ដោយ​ឡែក​កញ្ញា សូដា នីតា ក៏​លេច​ធ្លោ​ណាស់​ដែរ​ក្នុង​ការងារ​សប្បុរស​នេះ ក្នុង​នោះ​ដោយ​ចាប់​ដៃ​ជាមួយ​ក្រុម “ប្រហុក​ខ្មែរ” កញ្ញា បាន​ចុះ​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ និង​សិល្បករ​ជួប​ការ​លំបាក​ជា​ច្រើន​នាក់​ដែរ ដោយ​ទទួល​បាន​ការ​គាំទ្រ​ជា​ច្រើន​ទៀត។

ជា​សរុប ទាំង​ឱក សុគន្ធ​កញ្ញា ពេជ្រ សោភា និង​តារា​ខ្មែរ​ពីរ​នាក់​ទៀត លើ​ការងារ​សប្បុរស គ្រាន់​តែ​មាន​របៀប​ធ្វើ​ការ​ខុស​គ្នា​តែ​ប៉ុណ្ណោះ ប៉ុន្តែ​មាន​ទិសដៅ​ជួយ​ពលរដ្ឋ​រួម​ជាតិ​ដូច​គ្នា៕

ដូច្នេះ តើ​ប្រិយមិត្ត​ យល់​យ៉ាង​ណា​ពី​សំណព្វ​ចិត្ត ហើយ​មាន​អ្វី​លើក​ទឹក​ចិត្ត​ពួក​គេ?

អត្ថបទ៖ ទារិកា