Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

​មានរឿង​គួរ​ឲ្យ​ចាប់អារម្មណ៍​ និង​ហួសចិត្ត​មួយ​ ដែល​ឯកឧត្តម​បណ្ឌិត​ ជីវ​ កេង​ ក្នុង​នាម​ជា​ប្រធាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ និង​ជា​ប្រធាន​អង្គភាព​អធិការកិច្ច​នៃ​ក្រុមប្រឹក្សាវិន័យ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ "​អ​.​ក​.​វ​"​ ពោល​គឺ​បម្រើ​ការងារ​នៅ​ក្នុង​ស្ថាប័ន​តុលាការ​ ដែល​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចែង​តម្រូវ​ឲ្យ​មាន​អំណាច​ឯករាជ្យ​ បែរជា​ឯកឧត្តម​រូប​នេះ​ប្រើប្រាស់​យានជំនិះ​ពាក់​ស្លាក​លេខ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ដែល​ជា​ស្ថាប័ន​នីតិប្រតិបត្តិ​ទៅ​វិញ​ ។​

​រថយន្ត​ទំនើប​របស់​ឯកឧត្តម​បណ្ឌិត​ ជីវ​ កេង​ ម៉ាក​ Range​ Rover​ ពណ៌​ស​ ពាក់​ស្លាក​លេខ​រដ្ឋ​05.2-9595​ ។​

​យោង​តាម​ស្មារតី​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៧៧​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០០៣​ ស្តី​ពី​ការ​ចេញ​ស្លាក​លេខ​សម្គាល់​យានជំនិះ​ គឺ​បាន​កំណត់​ថា​ ស្លាក​លេខ​យានជំនិះ​ប្រភេទ​រដ្ឋ​ 05.2-9595​ នេះ​សម្រាប់​រថយន្ត​ជា​សម្បត្តិ​រដ្ឋ​ ដែល​ប្រើប្រាស់​ដោយ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ។​

​ឯកឧត្តម​បណ្ឌិត​ ជីវ​ កេង​ "​ទទួល​បាន​សញ្ញាបត្រ​បណ្ឌិត​ពី​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​របស់​ឯកឧត្តម​បណ្ឌិត​ឧកញ៉ា​ ជា​ ចំរើន​ នា​ឆ្នាំ​២០១១"​ អាយុ​៦២​ឆ្នាំ​០៨​ខែ​ តែ​មិន​ទាន់​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​ក្នុង​ក្របខ័ណ្ឌ​ចៅក្រម​នោះ​ មានមុខ​ងារ​និង​តួនាទី​កាន់កាប់​ច្រើន​សំពីងសំពោង​ណាស់​ កាលពី​អាណត្តិ​ទី​៣​ និង​អាណត្តិ​ទី​៤​ របស់​រាជរដ្ឋាភិបាល​កន្លង​មក​ គឺ​ ៖

១-​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ "​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០០៥/៤១៧​ ចុះ​ថ្ងៃ​ទី​០៧​ ខែតុលា​ ឆ្នាំ​២០០៥​ ពោល​គឺ​ មាន​រយៈពេល​ចំនួន​៨​ឆ្នាំ​ហើយ​"​ ។​

២-​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ក្រោម​រូបភាព​ចាត់តាំង​ "​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​ន​ស​/​រក​ត​/០៨០៧/៣៤០​ ចុះ​ថ្ងៃ​ទី​០៩​ ខែសីហា​ ឆ្នាំ​២០០៧​ មាន​រយៈពេល​៦​ឆ្នាំ​ហើយ​"​ ។​

៣-​ទីប្រឹក្សា​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ "​តែងតាំង​សា​ជា​ថ្មី​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥០៩/៥៧១​ ចុះ​ថ្ងៃ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០០៩"​ ។​

៤-​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ "​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១០/៤៩៩​ ចុះ​ថ្ងៃ​ទី​១២​ ខែតុលា​ ឆ្នាំ​២០១០"​ ។​

៥-​សមាជិក​ក្រុមប្រឹក្សា​កំណែទម្រង់​ច្បាប់​និង​ប្រព័ន្ធ​យុត្តិធម៌​ "​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨០៩/៧៦៩​ ចុះ​ថ្ងៃ​ទី​០១​ ខែសីហា​ ឆ្នាំ​២០០៩"​ ។​

៦-​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ "​តែងតាំង​ដោយ​អនុក្រឹត្យ​លេខ​៩១​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០០៩"​ ។​

៧-​ប្រធាន​អង្គភាព​អធិការកិច្ច​នៃ​ក្រុមប្រឹក្សាវិន័យ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ "​តែងតាំង​ដោយ​អនុក្រឹត្យ​លេខ​១៤៤​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០១២"​ ។​

៨-​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​អត្តលេខ​៨៤៨​ "​ធ្វើ​សច្ចាប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​នា​ថ្ងៃ​ទី​០៨​ ខែតុលា​ ឆ្នាំ​២០១២"​ ។​

​បើ​អនុលោម​តាម​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩០៥/៤០៣​ ចុះ​ថ្ងៃ​ទី​០៣​ ខែកញ្ញា​ ឆ្នាំ​២០០៥​ ត្រង់​មាត្រា​១​ដែល​បាន​ចែង​ថា​ "​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ដែល​មាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង​ទៅ​"​ គឺ​ឯកឧត្តម​ ជីវ​ កេង​ ត្រូវ​ដល់​អាយុ​ដាក់​ឲ្យ​ចូល​និវត្តន៍​ហើយ​ ប៉ុន្តែ​ឯកឧត្តម​ចៅក្រម​រូប​នេះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​នៅ​បន្ត​បម្រើ​ការងារ​តទៅ​ទៀត​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧១១/៦៩៤​ ចុះ​ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០១១​ ។​

​មជ្ឈដ្ឋាន​នានា​បាន​ចោទ​ជា​សំណួរ​ថា​ តើ​ឯកឧត្តម​ ជីវ​ កេង​ កំពុង​កាន់កាប់​មុខ​តំណែង​អ្វីមួយ​ឲ្យ​ពិតប្រាកដ​ និង​មាន​ទំនាក់ទំនង​អ្វី​នឹង​ស្ថាប័ន​ទីស្តីការគណៈរដ្ឋមន្ត្រី​ ដែល​ជា​ស្ថាប័ន​នីតិប្រតិបត្តិ​ ទើប​ឯកឧត្តម​រូប​នេះ​ក្នុង​នាម​ជា​មន្ត្រី​ក្របខ័ណ្ឌ​ចៅក្រម​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​តុលាការ​ជា​ស្ថាប័ន​ឯករាជ្យ​ពី​ស្ថាប័ន​នីតិប្រតិបត្តិ​ បែរជា​ប្រើប្រាស់​រថយន្ត​ដោយ​ពាក់​ស្លាក​លេខ​ទីស្តីការគណៈរដ្ឋមន្ត្រី​ទៅ​វិញ​ ?​ ឬ​មួយ​ក៏​ទំនាក់ទំនង​នេះ​កើត​មាន​ដោយសារ​ឯកឧត្តម​ ជីវ​ កេង​ ធ្វើ​ជាទី​ប្រឹក្សា​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ?​ បើ​ដូច្នេះ​ មាន​តែ​ឋានៈ​ជាទី​ប្រឹក្សា​ប្រធាន​ក្រុមប្រឹក្សា​អ្នក​ច្បាប់​ត្រូវ​ទទួល​បាន​របប​រថយន្ត​ទំនើប​ម៉ាក​ Range​ Rover​ ហើយ​ពាក់​ស្លាក​លេខ​ទីស្តីការគណៈរដ្ឋមន្ត្រី​ឬ​ ?

​ក្រុម​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ឋានៈ​និង​តួនាទី​ ព្រមទាំង​អំពើ​របស់​ឯកឧត្តម​ ជីវ​ កេង​ ដែល​ធ្វើ​ជាទី​ប្រឹក្សា​ឲ្យ​មន្ត្រី​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​នីតិប្រតិបត្តិ​ និង​ប្រើប្រាស់​យានយន្ត​ពាក់​ស្លាក​លេខ​ទីស្តីការគណៈរដ្ឋមន្ត្រី​ដូច្នេះ​ គឺ​ឯកឧត្តម​រូប​នេះ​បាន​និង​កំពុង​បង្ហាញ​អំពី​រូបភាព​នៃ​ការ​យក​អំណាច​ក្នុង​ស្ថាប័ន​នីតិប្រតិបត្តិ​មក​ប្រើប្រាស់​ដាក់​សម្ពាធ​ ឬ​គ្របដណ្តប់​លើ​ស្ថាប័ន​តុលាការ​ឲ្យ​បាត់បង់​អំណាច​ឯករាជ្យ​របស់​ស្ថាប័ន​នេះ​តែ​ម្តង​ ៕​

Car-(4)


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item