Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
​រាជធានី​ភ្នំពេញ៖មូល​និ​ធិ​​ស​កលដែល​មាន​​ឈ្មោះជា​​ភា​សា​​អង់​គ្លេសGlobalFundបាន​ចេញ​​របាយ​ការណ៍​​ស៊ើប​អង្កេត​​មួយ

​រាជធានី​ភ្នំពេញ ៖ មូល​និ​ធិ​​ស​កល ដែល​មាន​​ឈ្មោះ ជា​​ភា​សា​​អង់​គ្លេស Global Fund បាន​ចេញ​​របាយ​ការណ៍​​ស៊ើប​អង្កេត​​មួយ កាល​ពី​​ថ្ងៃ​ទី​​១៤ ខែ​វិច្ឆិ​កា ដោយ​បង្ហា​ញ​​ភ​ស្តុ​តាង​​ជា​ច្រើន ទាក់​ទង​​នឹង​​ប​ណ្ដា​ញ ប្រ​ព្រឹ​ត្តិ​​​អំ​ពើ​ពុក​រលួយ​​ក្នុង ក្រ​សួង​សុ​ខា​ភិ​បាលហើយ​​របាយ​ការណ៍​​នេះ បាន​រកឃើញថា ស្ថាប័ន​ពីរ និង​អង្គការ​មិនមែន​រដ្ឋាភិបាល មួយចំនួន​ធ្លាប់បាន​ភូតកុហក កិបកេង​ប្រាក់​ជំនួយ​ពី​មូលនិធិ​សកល តាំងពី​ឆ្នាំ​២០០៩ ក្នុង​ប្រតិបត្តិការ​ការងារ ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺឆ្លង​ទាំងនេះ​។​

មានការ​បញ្ជាក់​យ៉ាងច្បាស់​ថា ស្ថាប័ន​និង​អង្គ​ការដែល​ធ្លាប់ ធ្វើ​របាយការណ៍​ភូតកុហក មូលនិធិ​សកល រួមមាន មជ្ឈមណ្ឌល​ជាតិ ប្រយុទ្ធ​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ និង​មជ្ឈមណ្ឌល​ជាតិ ប្រយុទ្ធ​នឹង​ជំងឺអេដស៍ សើ​ស្បែក និង​កាមរោគ ព្រមទាំង​អង្គការ​មេ​ឌី​ខាំ (MEDICAM)​។ យោងតាម​របាយការណ៍ ស៊ើបអង្កេត​កម្រាស់ ៨៣ ទំព័រ របស់​មូលនិធិ​សកល ដែល​បាន​ស៊ើបអង្កេត​លើ​ប្រាក់​ជំនួយ របស់​មូលនិធិ​នេះ​ចំនួន​ជាង ៨០ លាន​ដុល្លារ ដែល​ផ្តល់​មក​ឲ្យ​ស្ថាប័ន ចំណុះ​ក្រសួងសុខាភិបាល បាន​រកឃើញ​ភស្តុតាង សំខាន់ៗ​ជាច្រើន ដែល​បញ្ជាក់ថា ការដេញថ្លៃ​មួយចំនួន​មាន​ភាពមិនប្រក្រតី ការ​កិបកេង​ប្រាក់​ជំនួយ និង​ការប្រើប្រាស់​ប្រាក់​ជំនួយ ខុស​គោលដៅ​។​

របាយការណ៍​បន្តថា អតីត​ប្រធាន​មជ្ឈមណ្ឌល​ជាតិ ប្រយុទ្ធ​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ លោក ដួង សុជាតិ និង​សហការី​ម្នាក់ បានទទួល​ប្រាក់​សគុណ​ចំនួន​ជិត ៥ សែន​ដុល្លារ ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​មុង​ឈ្មោះ វេស​តើ​ហ្គា​ត ហ្វ្រេ​ន​សិន (Vestergaard Frandsen) ដែលមាន​ទីតាំងនៅ​ប្រទេស​ស្វី​ស និង​ក្រុមហ៊ុន​សាំ​មិ​តូ ឆា​មមី​សល (Sumitomo Chemical Singapore) ដែលមាន​ទីតាំង នៅ​ប្រទេស​សិង្ហ​បុរី ហើយ​ក្រុមហ៊ុន​ទាំងពីរ​នេះ បានផ្តល់​ប្រាក់​សគុណ​ជូន​មន្ត្រី​ទាំងនេះ ជា​ថ្នូរ​នឹង​ការទទួលបាន​កិច្ចសន្យា ជាមួយ​ក្រសួងសុខាភិបាល​។​

 

​ចំពោះ​មន្ត្រីជាន់ខ្ពស់ នៃ​មជ្ឈមណ្ឌល​ជាតិ ប្រយុទ្ធ​នឹង​ជំងឺអេដស៍ សើ​ស្បែក និង​កាមរោគ ដែល​ទទួលបន្ទុក​គ្រប់គ្រង ការដេញថ្លៃ​គម្រោង​មួយ ក៏ត្រូវ​អង្គភាព​សវនកម្ម របស់​មូលនិធិ​ពិភពលោក រកឃើញថា បានទទួល​ប្រាក់​សគុណ ពី​ភាគី​ក្រុមហ៊ុន​មួយ ចំនួន ១៥% នៃ​ទឹកប្រាក់​គម្រោង​ជិត ៣​សែន​២ ម៉ឺន​ដុល្លារ ឬ​ស្មើនឹង​ជាង ៤ ម៉ឺន​ដុល្លារ​។ មន្ត្រី​រូបនោះ​ក៏បាន​សារភាព ប្រាប់​ស្ថាប័ន​ត្រួតពិនិត្យ របស់​មូលនិធិ សកល ដោយ​បញ្ជាក់ថា ខ្លួន​បាន​យកប្រាក់​នេះ ទៅ​ទិញ​ឡាន​និង​សម្ភារៈ ប្រើប្រាស់​ផ្ទាល់ខ្លួន​មួយចំនួនទៀត​។

របាយការណ៍​បាន​បន្តថា អង្គការ មេ​ឌី​ខាំ ដែល​បាន​យកប្រាក់​ជំនួយ ពី​មូលនិធិ​ពិស​កល សម្រាប់​ជួល​បុគ្គលិក​ចំនួន ២ នាក់ ធ្វើការ​ក្នុង​គម្រោង​ទប់ស្កាត់ ការរីក​រាលដាល​នៃ​ជំងឺអេដស៍ ដោយ​ចំណាយ​ប្រា​ក់ជាង ២ ម៉ឺន​ដុល្លារ ប៉ុន្តែ​អង្គការ​នេះ បែរជា​មិនបាន​ជួល បុគ្គលិក​ធ្វើការ​ទៅវិញ​។ ទាំងនេះ​គ្រាន់តែ​ជា​ករណី ពុក​រលួយ​​តូច​មួយ ក្នុងចំណោម​រាប់ពាន់​ករណី ផ្សេងទៀត​ប៉ុណ្ណោះ ហើយ​គួរតែមាន​ការកោះហៅ​រដ្ឋ​មន្ត្រី​ក្រសួងសុខាភិបាល មក​សួរនាំ​ពី​បញ្ហា​នេះ ដើម្បី​បង្កើន​ទំនុកចិត្ត សម្រាប់​ម្ចាស់ជំនួយ មកលើ​រាជរដ្ឋាភិបាល​កម្ពុជា​។

យោងតាម​មាត្រា​៥៩២ នៃ​ក្រមព្រហ្មទណ្ឌ បាន​ចែងថា ពីបទ​វិ​តិ​ក្រម​ដែលជា ទង្វើ​របស់​មន្ត្រីរាជកា​រ​សាធារណៈ ឬ​ពលរដ្ឋ​ទទួល អាណត្តិ​សាធារណៈ ដោយ​បោះឆ្នោត​៖ ១-​ដែល​ទាមទារ ឬ​ទទួល​ជា​សិទ្ធិ​ជា​ពន្ធ ជា​អាករ នូវ​ចំនួន​ប្រាក់​ដែល​ខ្លួន បានដឹងថា​មិនត្រូវ​បង់ ឬ​ចំនួន​លើស​ទឹកប្រាក់ ដែល​ត្រូវ​បង់​។ ២-​យល់ព្រម​ក្រោមរូបភាព​ណាមួយ និង​ដោយ​មូលហេតុ​ណាមួយ​ក៏ដោយ ធ្វើការ​លើកលែង ឬ​ការ​លោះ​លា ចំពោះ​ការបង់ពន្ធ ឬ​អាករ ដែល​ខ្លួន​ដឹងថា​ខុសច្បាប់​។ តាម​មាត្រា​៥៩៣ ក៏បាន​ចែង​ពី​ទម្ងន់​នៃ​ទោស គឺ​ត្រូវដាក់​ពន្ធនាគារ​ពី ២​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤​លាន ទៅ ១០​លាន​រៀល​ផងដែរ​៕

Wat Bunheng


Source from: watphnom-news.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item