រាជធានីភ្នំពេញ ៖ មេឈ្មួញរកស៊ីដឹកជញ្ជូនទំនិញមិនប្រក្រតី ឬទំនិញបង់ពន្ធមិនគ្រប់ម្នាក់ឈ្មោះ ស៊ុន ហួរ បានប្រើប្រាស់ស្បែកជាយោធា ដើម្បីពង្រឹងពង្រីកអាជីព រកស៊ីដឹកជញ្ជូនទំនិញ នៅតាមផ្លូវជាតិលេខ៦ ហើយចុងក្រោយនេះមេឈ្មួញ ស៊ុន ហួរ បានបង្កើតក្រុមហ៊ុនឡានក្រុងមួយឈ្មោះ ១៥អេសអិច ដើម្បីដឹកជញ្ជូនទំនិញគេចពន្ធ មកពីស្រុកយួនតាមច្រកបាវិត យ៉ាងគគ្រឹកគគ្រេង គេមិនដែលឃើញសមត្ថកិច្ច និងជំនាញគយចាត់វិធានការ ត្រួតពិនិត្យឬបង្ក្រាបការដឹកជញ្ជូន ទំនិញគេចពន្ធទ្រង់ទ្រាយធំរបស់មេឈ្មួញ ស៊ុន ហួរ ម្តងណាឡើយ។
អតីតកាលរបស់មេឈ្មួញ ស៊ុន ហួរ គ្រាន់តែជាមេការ ឬជាកម្មកររបស់យាយ ញាប់ ជាមេឈ្មួញរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធ ដ៏ល្បីតាមច្រកខេត្តកំពង់ចាម ហើយមេឈ្មួញ ស៊ុន ហួរ មិនត្រឹមតែមានឥទ្ធិពល ក្នុងការដឹកជញ្ជូនទំនិញគេចពន្ធ បំផ្លាញចំណូលថវិកាជាតិ ដ៏ច្រើនសន្ធឹកសន្ធាប់នោះទេ គាត់ថែមទាំងមានមុខមាត់ផងដែរ បន្ទាប់ពីមានលុយរត់ការ ចូលធ្វើយោធា រហូតទទួលបានឋានន្តរស័ក្តិជាឧត្តមសេនីយ៍ទោ តែគាត់មិនសូវមាន វត្តមានក្នុងបន្ទាយនោះទេ គិតគូរតែការរកស៊ីដឹកជញ្ជូន ទំនិញគេចពន្ធតាមគ្រប់ច្រកល្ហក។ មេឈ្មួញ ស៊ុន ហួរ ក៏មានទំនាក់ទំនងល្អជាមួយមន្ត្រីគយ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនទៀត តាមរយៈការចែករំលែកផលប្រយោជន៍ជាប្រចាំ ដើម្បីកុំឲ្យសមត្ថកិច្ចទាំងនោះ រំខានការដឹកជញ្ជូនទំនិញគេចពន្ធរបស់គាត់។
មន្ត្រីតូចតាចមួយចំនួនបានបង្ហើបឲ្យដឹងថា មេឈ្មួញ ស៊ុន ហួរ បានប្រើប្រាស់ច្រកព្រំដែនមួយចំនួន ក្នុងខេត្តកំពង់ចាម ដូចជាច្រកត្រពាំងផ្លុង ច្រកដូនរ័ត្ន និងច្រកច័ន្ទមូល សម្រាប់ដឹកជញ្ជូនទំនិញគេចពន្ធ ឬបង់ពន្ធមិនគ្រប់ រួមមានទំនិញ គ្រឿងអេឡិចត្រូនិក ទំនិញចាប់ហួយចម្រុះ គ្រឿងសំណង់ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត យ៉ាងគគ្រឹកគគ្រេង គ្មានរណាហ៊ានប៉ះពាល់ទេ។ ការនាំចូលទំនិញភាគច្រើន មេឈ្មួញ ស៊ុន ហួរ បានទំនាក់ទំនងជាមួយ សមត្ថកិច្ចនិងជំនាញគយ ដើម្បីសម្របសម្រួលក្នុងការបង់ពន្ធមិនគ្រប់ ហើយពេលខ្លះទៀត មេឈ្មួញ ស៊ុន ហួរ បានបន្លំការនាំចូលទំនិញគេចពន្ធ ដោយជ្រកក្រោមទំនិញវិនិយោគ ដែលពន្ធអាករជាបន្ទុករបស់រដ្ឋ កើតឡើងដោយមានការបើកភ្លើងខៀវ និងការឃុបឃិតពីសំណាក់ជំនាញគយ ប្រចាំច្រកព្រំដែនទាំងនោះ។
រថយន្តយីឌុបផ្ទុកលើសទម្ងន់ បានដឹកទំនិញគេចពន្ធ ឬទំនិញបង់ពន្ធមិនគ្រប់របស់មេឈ្មួញ ស៊ុន ហួរ មកពីស្រុកយួន មកស្តុកទុកនៅក្នុងឃ្លាំង ដ៏ធំមួយកន្លែងក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ហើយបន្តបញ្ជូនទៅចែកចាយ នៅតាមបណ្តាខេត្តមួយចំនួនទៀត យ៉ាងរលូនល្អបំផុត ហើយយូរៗម្តងគេសង្កេតឃើញគយចល័យ ចុះទៅពិនិត្យមើលឃ្លាំងស្តុកទំនិញ របស់មេឈ្មួញ ស៊ុន ហួរ ប៉ុន្តែមិនមែនដើម្បីបង្ក្រាបនោះទេ គឺទំនងជាទៅទទួលស្រោមសំបុត្រ។ សមត្ថកិច្ចមួយចំនួនទៀត ដែលមិនពេញចិត្តចំពោះការដឹកជញ្ជូនទំនិញគេចពន្ធ របស់មេឈ្មួញ ស៊ុន ហួរ បានរៀបគម្រោងចុះទៅបង្ក្រាប តែមេឈ្មួញ ស៊ុន ហួរ បានសម្រុះសម្រួលសុំការយោគយល់ កុំឲ្យមានការពិនិត្យឃ្លាំងទំនិញ ឬបង្ក្រាបការដឹកទំនិញគេចពន្ធរបស់គាត់។
មានការបញ្ជាក់ផងដែរថា លោក ស៊ុន ហួរ បានឡើងឋានន្តរស័ក្តិជា ឧត្តមសេនីយ៍ទោ យ៉ាងឆាប់រហ័ស បើពិនិត្យមើលអតីតភាពការងារ ច្បាស់ណាស់ដែលថា លោក ស៊ុន ហួរ រកស័ក្តិ ៥ពាក់មិនបានផង មានន័យថាតំណែង និងស្បែកជាយោធារបស់មេឈ្មួញ ស៊ុន ហួរ បានមកពីការចំណាយប្រាក់ ឬការរត់រកអន្តរាគមន៍ ពីមន្ត្រីមានអំណាចមួយចំនួន។ មកដល់ពេលនេះគេសង្កេតឃើញ មេឈ្មួញ ស៊ុន ហួរ សម្តែងភាព ក្រអឺតក្រទមយ៉ាងខ្លាំង ក៏ព្រោះតែគាត់មានមោទនភាព ក្នុងការផ្តល់លុយជូនអ្នកមានអំណាចមួយចំនួន ដើម្បីធ្វើជាខ្នងបង្អែក ដូច្នេះមន្ត្រីនិងសមត្ថកិច្ចស្ថាប័នដទៃ មិនហ៊ានប៉ះពាល់ការរកស៊ីទំនិញគេចពន្ធ យ៉ាងអនាធិបតេយ្យរបស់មេឈ្មួញ ស៊ុន ហួរ នោះទេ ចេះតែយោគយល់ឬចាំរាប់ ក្បាលឡានយកលុយតែប៉ុណ្ណោះ។
សម្រាប់ការបង្កើតក្រុមហ៊ុនរថយន្តក្រុង ឈ្មោះ ១៥អេសអិច ក៏ជាសកម្មភាពដែលមេឈ្មួញ ស៊ុន ហួរ ឆ្លៀតឱកាសលួចបង្កប់ទំនិញគេចពន្ធ មកពីស្រុកយួនចូលតាមច្រកបាវិត ដឹកជញ្ជូនឆ្លងកាត់ផ្លូវជាតិលេខ១ យ៉ាងសុខស្រួលបំផុត មិនដែលមាននរណាហ៊ានសួរនាំទេ ក៏ព្រោះតែមេឈ្មួញ ស៊ុន ហួរ បានបែងចែកផលប្រយោជន៍ ជូនទៅមន្ត្រីនិងសមត្ថកិច្ចប្រចាំច្រកបាវិត និងតាមដងផ្លូវ។ មន្ត្រីមួយចំនួនបានបញ្ជាក់ថា បើទោះបីជាមានស្បែក ជាយោធាពាក់ផ្កាយ ២ក៏ដោយ ប៉ុន្តែមេឈ្មួញ ស៊ុន ហួរ នៅតែរក្សាចិត្តថ្លើមនិងការទំនាក់ទំនង យ៉ាងជិតដិតជាមួយជំនាញគយ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីកុំឲ្យរំខានការរកស៊ីដឹកជញ្ជូន ទំនិញគេចពន្ធរបស់គាត់ ដែលបញ្ហានេះនាំឲ្យ ខាតបង់ចំណូលថវិកាជាតិ យ៉ាងច្រើនសន្ធឹកសន្ធាប់។
គេចាំបានថា សម្តេច ហ៊ុន សែន ធ្លាប់បានព្រមាន ឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ ដកខ្លួនចេញពីអំពើល្មើសច្បាប់ តាមយុទ្ធសាស្ត្រកែទម្រង់ស៊ីជម្រៅ ប៉ុន្តែមេឈ្មួញ ស៊ុន ហួរ មិនដែលខ្វល់ខ្វាយពីបទបញ្ជា ឬសេចក្តីណែនាំរបស់ថ្នាក់លើនោះទេ គាត់ព្យាយាមតាមគ្រប់មធ្យោបាយ ដើម្បីមានឱកាសនាំចូលដឹកជញ្ជូនទំនិញ គេចពន្ធយ៉ាងអនាធិបតេយ្យ ដោយសារតែសមត្ថកិច្ចពាក់ព័ន្ធ និងជំនាញគយភាគច្រើនធ្លាប់សុំលុយ ពីគាត់តាមរយៈការជួយសម្របសម្រួល ឲ្យទំនិញគេចពន្ធរបស់គាត់ ដំណើរការដោយរលូនល្អ។ គេចង់ឃើញអគ្គមេបញ្ជាការកងទ័ពជាតិ ក៏ដូចជាលោកមេគយ ប៉ែន ស៊ីម៉ន មេត្តាពិនិត្យឡើងវិញ ចំពោះសកម្មភាពរកស៊ីដឹកជញ្ជូន ទំនិញគេចពន្ធរបស់មេឈ្មួញ ស៊ុន ហួរ ទាំងតាមរថយន្តយីឌុប មកពីខេត្តកំពង់ចាម ក៏ដូចជាតាមរថយន្តក្រុង មកពីខេត្តស្វាយរៀង៕
Source from: watphnom-news.com























Loading...




Post a Comment