ខេត្តរតនគិរី ៖ ក្រុមចោរប្លន់ ៣ ទៅ ៤ នាក់ប្រដាប់ដោយអាវុធវែងមួយដើម ខ្លីមួយដើម មិនស្គាល់ម៉ាក បានធ្វើសកម្មភាព ប្លន់អាជីវករលក់មាស នៅផ្សារបរកែវ ឋិតក្នុងស្រុកបរកែវ ខេត្ដរតនគិរី កាលពីវេលាម៉ោង ៤ និង ១៥ នាទីរសៀលថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០១៣ បាត់បង់គ្រឿងអលង្ការ សរុបជាង១០០ តម្លឹង និងម៉ូតូ១គ្រឿង ហើយក្រុមចោរបានគេចខ្លួន បាត់ដោយសុវត្ថិភាព ដោយមិនមាន ការផ្ទុះអាវុធនោះឡើយ។
ជនរងគ្រោះដែលត្រូវចោរប្លន់មានឈ្មោះ សាទ វ៉ាន់ដា អាយុ ៣៥ឆ្នាំ ជាប្តីនិងប្រពន្ធឈ្មោះ កែវ ស៊ីណាត ហៅរ៉ុង អាយុ ២៨ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ១ ឃុំឡាមិញ ស្រុកបរកែវ មុខរបរជាអាជីវករ លក់មាសនៅក្នុងផ្សារស្រុកបរកែវ។ ជនរងគ្រោះជាប្តី បានឲ្យដឹងថា គាត់និងប្រពន្ធបានរៀបចំ គ្រឿងប្លាកទីននិងមាស ដាក់ចូលកន្ត្រកពេលល្ងាច ដើម្បីទៅផ្ទះវិញ ខណៈដែល បានជិះម៉ូតូចេញពីតូប លក់មាសតែម្នាក់ឯង បានប្រមាណ ១០ ម៉ែត្រស្រាប់តែបុរសម្នាក់បានមកទាញ ម៉ូតូរបស់គាត់ពីក្រោយ។
ក្រុមចោរបានប្រើកាំភ្លើងខ្លីមួយដើម មិនស្គាល់ម៉ាកនិងមានតកាណុង ភ្ជង់ជនរងគ្រោះមិនឲ្យស្រែក និងមានម្នាក់ទៀតនៅឈរពីខាងមុខ បន្ទាប់មកក្រុមចោរបានឲ្យជនរងគ្រោះ ចុះពីលើម៉ូតូ ហើយបានប្លន់យក គ្រឿងអលង្ការនិងម៉ូតូ ជិះគេចខ្លួនទៅបាត់ ដោយមានម្នាក់ទៀត ចាំបិទគូថនៅខាងក្រៅ។ ប្រជាពលរដ្ឋបានឃើញសកម្មភាពប្លន់នេះ តែគ្មាននរណាម្នាក់ហ៊ានជួយនោះទេ ព្រោះក្រុមចោរប្រដាប់ដោយកាំភ្លើង។
ជនរងគ្រោះបានបញ្ជាក់ថា គ្រឿងអលង្ការដែលក្រុមចោរ ប្លន់យកទៅនោះ មានតម្លៃប្រហែលមួយរយតម្លឹងប្លាទីន ក្នុងនោះមានមាសប្រហែល ៣ តម្លឹង រួមនឹងម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ស្លាកលេខ រតនគិរី 1C.0480។ មុនពេលមានករណីប្លន់នេះ គេសង្កេតឃើញមនុស្សចំឡែកៗ ហើយក្រុមចោរអាចមានគ្នា ៣ទៅ៤ នាក់ មានកាំភ្លើងខ្លីមួយដើម ម្នាក់ចាំនៅរថយន្តមួយបាំងកន្លះ ពណ៌សខាងក្រៅផ្សារ ហើយបានធ្វើការបំបែកគ្នា និងអាចប្តូររូបភាព បន្ទាប់ពីធ្វើសកម្មភាពប្លន់ និងយកម៉ូតូជនរងគ្រោះជិះគេចខ្លួន៕
Source from: watphnom-news.com























Loading...




Post a Comment