រាជធានីភ្នំពេញ ៖ ជនសង្ស័យ ២នាក់ដែលជិះម៉ូតូអត់ស្លាកលេខ ត្រូវបាននគរបាលខណ្ឌសែនសុខ ឆ្មក់ចាប់បានខណៈដែល កំពុងល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញមុខសញ្ញា ក្រុមចោរប្លន់ទាំង ២នាក់នេះ បម្រុងធ្វើសកម្មភាពក៏ចាប់ឃាត់ខ្លួនបានទាន់ពេល កាលពីវេលាម៉ោង ៩និង៣០នាទី យប់ថ្ងៃទី០២ វិច្ឆិកា ២០១៣ នៅចំណុចក្រុមទី២០ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យដែលឃាត់ខ្លួនមាន១-ឈ្មោះ ស្រ៊ឺ វិទូ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មានស្រុកកំណើតឃុំជំនីក ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម និង២-ឈ្មោះ រិន ឆឹង ភេទប្រុស អាយុ ៣១ឆ្នាំជានិស្សិតនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មានស្រុកកំណើតជាមួយគ្នា ។
អំឡុងពេលដើរល្បាតក្នុងមូលដ្ឋាន សមត្ថកិច្ចបានជួបជនសង្ស័យខាងលើ កំពុងជិះម៉ូតូម៉ាកវី វ៉ាពណ៌ខ្មៅ មួយគ្រឿងគ្មានស្លាកលេខ ។ ពេលនោះក៏បានដេញស្ទាក់ ប៉ុន្តែជនសង្ស័យក៏បានបោះចោលកាបូបមួយ ហើយជិះម៉ូតូបម្រុងគេចខ្លួន ដែលនៅក្នុងកាបូបនោះ សមត្ថកិច្ចដកហូតបាន កាំភ្លើងខ្លីម៉ាកកា៥៤ និងគ្រាប់ ៨គ្រាប់ ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួនបានទាំង ២នាក់តែម្តង ។
ជនសង្ស័យឈ្មោះ រិន ឆឹង បានសារភាពថា ពួកគេមានបំណងដាក់កាំភ្លើងខ្លី យកទៅសម្លាប់បុរសដែលរកស៊ី និងជំពាក់លុយ នៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនសុខ ដោយសាររឿងបំណុល ហើយសមត្ថកិច្ចកំពុងសាកសួរពីករណីនេះ ដើម្បីកសាងសំណុំរឿង ចាត់ការឲ្យបានស៊ីជម្រៅ តទៅទៀត៕
Source from: watphnom-news.com























Loading...




Post a Comment