ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ចំណូលថវិកាជាតិជាង ៣០ម៉ឺនដុល្លារអាមេរិក ត្រូវបាត់បង់ក្នុងមួយថ្ងៃៗ ដោយសារតែអំពើរត់ពន្ធទំនិញខុសច្បាប់ តាមរយៈរថយន្តក្រុងដឹកអ្នកដំណើរ មកពីស្រុកយួនតាមច្រកបាវិត ដោយក្នុងមួយគ្រឿងត្រូវបង់លុយចំនួន ៣លានរៀល ឲ្យសមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ព័ន្ធ ទើបអាចដឹកទំនិញគេចពន្ធ តាមតែអំពើចិត្តចូលក្នុងប្រទេសកម្ពុ ហើយអ្នកដែលទទួលបាន ផលប្រយោជន៍ធំជាងគេ ក្នុងអំពើរត់ពន្ធទំនិញខុសច្បាប់នេះ គឺលោក យីង សំអន ជាប្រធានការិយាល័យគយ និងរដ្ឋាករប្រចាំច្រកបាវិត និងនគរបាលអន្តោប្រវេសន៍របស់លោក អ៊ឹង សុងយូ ជាអ្នកមានសិទ្ធិកាន់បារ៉ាស់ ចង់ឲ្យរថយន្តដឹកទំនិញគេចពន្ធ ចេញចូលតាមច្រកនេះម៉ោងណាក៏បាន។
មន្ត្រីមួយចំនួនបានលើកឡើងថា យ៉ាងហោចណាស់មានរថយន្តប្រមាណ ១០ក្រុមហ៊ុន កំពុងប្រកបអាជីពរកស៊ី នាំចូលទំនិញគេចពន្ធមកពីស្រុកយួន ក្នុងមួយថ្ងៃៗរាប់សិបតោន ហើយរថយន្តក្រុងដឹកអ្នកដំណើរ ដែលលួចបង្កប់ទំនិញអត់បង់ពន្ធមានដូចជា ក្រុមហ៊ុន ខាយណាម ត្រេនស្ព័រធេសិន ជាក្រុមហ៊ុនរថយន្តក្រុង ដឹកទំនិញអត់បង់ពន្ធធំជាងគេ ប្រើប្រាស់រថយន្តចំនួន ៩គ្រឿងក្នុងមួយថ្ងៃ។ បន្ទាប់មកគឺក្រុមហ៊ុនរថយន្តក្រុងឈ្មោះ ១៥អេសអិច សុទ្ធតែប្រភេទ ២ជាន់ បានប្រើប្រាស់រថយន្តដឹកភ្ញៀវចំនួន ៤គ្រឿង ដឹកជញ្ជូនទំនិញគេចពន្ធ ជាប់ជាប្រចាំដែលក្រុមហ៊ុននេះជារបស់មេឈ្មួញ ស៊ុន ហួរ ជាមន្ត្រីយោធាពាក់ផ្កាយ២ និងជាមេឈ្មួញរកស៊ី ចែកចាយគ្រឿងសំណង់ដ៏ធំក្នុងរាជធានីភ្នំពេញ។
នៅមានរថយន្តក្រុងជាច្រើនទៀត ដែលដឹកជញ្ជូនទំនិញមិនបង់ពន្ធ មកពីស្រុកយួនចូលតាមច្រកបាវិត ប៉ុន្តែក្នុងលក្ខណៈបន្ទាប់បន្សំ មានដូចជាក្រុមហ៊ុន ថនលីម ធួរីសឹម ក្រុមហ៊ុន ប៉េកុល គ្រុប ក្រុមហ៊ុន រស្មីសាមគ្គី និងក្រុមហ៊ុន សាប៉ាកូ របស់យួនជាដើម។ ចាប់ផ្តើមបែកធ្លាយនូវការរកស៊ីដឹកជញ្ជូន ទំនិញគេចពន្ធទ្រង់ទ្រាយធំ ក្នុងមួយថ្ងៃៗរាប់សិបតោនចូលតាមច្រកបាវិត ដោយប្រើប្រាស់រថយន្តក្រុង មិនតិចជាង ៤០គ្រឿង គឺនៅពេលដែលនគរបាល សេដ្ឋកិច្ចខេត្តសៀមរាប បានឆែកឆេរឃ្លាំងស្តុកទំនិញដ៏ធំមួយកន្លែង និងឃាត់បានរថយន្តក្រុងដែលដឹកទំនិញគេចពន្ធ ទៅផ្ទេរទំនិញនៅទីនោះ ដែលគ្មានការបង់ពន្ធ ហើយទំនិញត្រូវបានគេនាំចូល តាមច្រកអន្តរជាតិបាវិត។
ក្រុមហ៊ុនរថយន្តក្រុងជាច្រើន មិនសូវទទួលបានផលចំណេញ ពីការយកថ្លៃសេវាដឹកជញ្ជូនភ្ញៀវ ដែលធ្វើដំណើរពីភ្នំពេញទៅកាន់ក្រុងហូជីមិញនោះទេ ប៉ុន្តែគេទទួលបានផលចំណេញ តាមរយៈការលួចបង្កប់ទំនិញគេចពន្ធគ្រប់ប្រភេទ មានទាំងគ្រឿងអេឡិចត្រូនិក និងវត្ថុមានតម្លៃជាច្រើនទៀត ហើយរថយន្តក្រុងមួយគ្រឿង ពេលចេញពីក្រុងហូជីមិញ ផ្ទុកទំនិញមិនតិចជាង ៥ពាន់គីឡូក្រាម ឬ ៥តោន ជាពិសេសក្រុមហ៊ុន ១៥ អេសអិច ប្រភេទ២ជាន់ អាចដឹកទំនិញបានច្រើនជាងគេ។ គេចាំបានថា សមត្ថកិច្ចធ្លាប់បានចាប់ឃាត់ រថយន្តដឹកទំនិញគេចពន្ធ របស់ក្រុមហ៊ុន ខាយណាម ដើម្បីត្រួតពិនិត្យ ហើយបានធ្វើការផាកពិន័យ និងតម្រូវឲ្យបង់ពន្ធបានលុយជាង ១ម៉ឺនដុល្លារអាមេរិក បង់ចូលជាថវិកាជាតិ ។
ជាទៀងទាត់ ក្រុមហ៊ុនរថយន្តក្រុងបានចំណាយលុយឲ្យសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធចំនួន ៣លានរៀល សម្រាប់រថយន្តមួយគ្រឿង ដែលត្រូវបើកបរឆ្លងកាត់ច្រកអន្តរជាតិបាវិត ដើម្បីសុំការយោគយល់ មិនឲ្យមានការឆែកឆេរ ទំនិញគេចពន្ធទាំងនោះ ដែលគេប្រើរូបភាពថាជាទំនិញរបស់អ្នកដំណើរ ហើយជាទៀងទាត់គេឃើញ ជំនាញគយរបស់លោក យីង សំអន ទៅអើតមើលទំនិញ ហើយក៏ត្រឡប់ទៅវិញ ប្រសិនបើរកឃើញថា មានទំនិញគេចពន្ធទ្រង់ទ្រាយធំ ជំនាញគយបានបង្គាប់ ឲ្យបង់លុយថែមលើសពី ៣លានរៀល។ យ៉ាងណាក៏ដោយ ក្រៅពីបង់លុយឲ្យជំនាញគយ និងសមត្ថកិច្ចពាក់ព័ន្ធប្រចាំ ច្រកអន្តរជាតិបាវិតនេះ ម្ចាស់ក្រុមហ៊ុនរថយន្តក្រុងទាំងអស់ ត្រូវបង់លុយឲ្យសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតតាមដងផ្លូវ រហូតដល់រាជធានីភ្នំពេញ៕
Source from: watphnom-news.com























Loading...




Post a Comment