ខេត្តកណ្តាល ៖ ប្រភពព័ត៌មានពីមន្ត្រីយោធា តូចតាចបានឲ្យដឹងថា បច្ចុប្បន្ននេះក្រុមឈ្មួញ ទាំងតូចទាំងធំ កំពុងធ្វើសកម្មភាព ដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យ តាមផ្លូវជាតិលេខ 21B លេខ110 និងតាមផ្លូវទឹកចុះតាមច្រកជ្រៃធំដោយមានលោក យស សុខា ជាមេបញ្ជាការវរការពារព្រំដែនលេខ៦០១ ជាអ្នកឃុបឃិតបើកភ្លើងខៀវ ឲ្យក្រុមឈ្មួញទាំងនោះ ធ្វើអ្វីតាមតែទំនើងចិត្ត ដើម្បីប្រមូលលុយច្រកហោប៉ៅផ្ទាល់ខ្លួនតែប៉ុណ្ណោះ។
ប្រភពខាងលើបានបញ្ជាក់ថា មិនត្រឹមតែការដឹកជញ្ជូន ឈើប្រណីតខុសច្បាប់នោះទេ សូម្បីទំនិញការនាំចូលទំនិញ គ្រឿងទេស និងចាប់ហួយគ្រប់ប្រភេទ ក៏ត្រូវលោក យស សុខា គាបជំរិតឲ្យក្រុមឈ្មួញចូលបង់លុយជូនគាត់ ដោយគ្មានការយោគយល់នោះទេ។ ជាក់ស្តែងករណីក្រុមឈ្មួញធំៗ ដែលមករកស៊ីឈើប្រណីត និងទំនិញគ្រឿងទេសនេះ ទាំងស្របច្បាប់និងខុសច្បាប់ ទាំងតាមផ្លូវគោកនិងផ្លូវទឹក តាមច្រកជ្រៃធំនេះ ត្រូវតែសុំការយោគយល់ពីលោក យស សុខា ដែលជាមេវរការពារព្រំដែនលេខ៦០១ ជាមុនសិន ទើបអ្វីៗអាចដំណើរការ ដោយរលូនល្អ។
ក្នុងករណីដែលក្រុមឈ្មួញរកស៊ី ដឹកជញ្ជួនឈើនិងទំនិញគ្រប់ប្រភេទ មិនបានទាក់ទងចូលបង់លុយទេនោះលោក យស សុខា នឹងបញ្ជាឲ្យកូនចៅរបស់គាត់ ធ្វើការបង្ក្រាបយកស្នាដៃ បង្អួតថ្នាក់លើ។ ជាពិសេសការដឹកជញ្ជូនឈើប្រណីតខុសច្បាប់នេះតែម្តង សូម្បីតែដឹកឈើមួយកូនដុំ ក៏មិនអាចឆ្លងកាត់ព្រំដែនជ្រៃធំនេះបានដែរ បើគ្មានភ្លើងខៀវឬការឯកភាពពីលោក យស សុខា។
ចំណែកការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ក្រុមឈ្មួញក៏ត្រូវចូលបង់លុយឲ្យលោក យស សុខា មិនដែលហ៊ានគេចវេះនោះទេ។ មន្ត្រីតូចតាចបានលួចបង្ហើបឲ្យដឹងថា លោក យស សុខា កំពុងតែសប្បាយក្នុងការប្រមូលលុយ ពីការដឹកជញ្ជូនទំនិញគ្រប់ច្រកល្ហក ឆ្លងកាត់តាមព្រំដែនជ្រៃធំ សូម្បីតែប្រជាពលរដ្ឋចូលទៅទិញទំនិញផ្សេងៗ សម្រាប់យកមកប្រើប្រាស់ក្នុងគ្រួសារ ក៏ត្រូវជាប់កាតព្វកិច្ចបង់លុយ ឲ្យលោក យស សុខា ផងដែរ បើមិនចូលបង់លុយទេ ច្បាស់ជាមានបញ្ហា។
ប្រភពបានបន្តទៀតថា បញ្ហាឈើប្រណីតខុសច្បាប់ របស់ក្រុមឈ្មួញធំៗ ដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូន ទាំងតាមផ្លូវគោកនិងផ្លូវទឹក ចេញទៅប្រទេសវៀតណាម តាមច្រកជ្រៃធំ ដោយមាន លោក យស សុខា ចាំប្រមូលលុយ កំពុងដំណើរការយ៉ាងសុខស្រួល ដោយមិនខ្វល់ពីការអនុវត្ត បទបញ្ជាលេខ ០០១ របស់រដ្ឋាភិបាលក្នុងការ ទប់ស្កាត់បង្ក្រាបការដឹកជញ្ជូនឈើ ខុសច្បាប់នោះទេ។
ផ្ទុយទៅវិញលោក យស សុខា បែរជាឃុបឃិតជាមួយក្រុមឈ្មួញ រកស៊ីដឹកជញ្ជូនទំនិញខុសច្បាប់ គ្រប់ប្រភេទ រួមទាំងឈើប្រណីត ចេញទៅប្រទេសវៀតណាម ជារៀងរាល់ថ្ងៃ ដើម្បីប្រមូលលុយ ច្រកហោប៉ៅផ្ទាល់ខ្លួន។ ពាក់ព័ន្ធនឹងករណីខាងលើនេះ វត្តភ្នំ បានព្យាយាមធ្វើការទាក់ទងតាមរយៈទូរស័ព្ទ ដើម្បីសុំការបំភ្លឺ អំពីបញ្ហានេះផងដែរ ប៉ុន្តែមិនទាន់អាចទាក់ទងលោក យស សុខា បានទេ៕ ដោយ ព្រះច័ន្ទ
Source from: watphnom-news.com























Loading...




Post a Comment