ខេត្តប៉ៃលិន ៖ បុរសវ័យក្មេងម្នាក់ជាប្តីចុង តែងតែដើរផឹកស្រាស្រវឹង មកដល់ផ្ទះវិញបង្កជម្លោះ វាយធ្វើបាបប្រពន្ធកូន ហើយពេលខ្លះប្រើអំពើហិង្សា ទាត់ធាក់ប្រពន្ធ រហូតដល់សន្លប់ និងវាយកូនស្រីជាំពេញខ្នង ហើយកាលពីវេលាម៉ោង ៧ យប់ថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០១៣ បុរសទំនើងម្នាក់នោះ បានប្រើហិង្សាយ៉ាងឃោឃៅលើក្រុមគ្រួសារ ក្នុងផ្ទះជួលមួយកន្លែង ស្ថិតនៅក្បែរផ្សារថៃ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ក៏ត្រូវប្រពន្ធសុំលែងលះ ដោយមានសមត្ថកិច្ចជួយដឹងឮ។
ស្ត្រីជាប្រពន្ធដែលរងកម្មមានឈ្មោះ នាក់ ភាព អាយុ ៣៤ឆ្នាំ រងរបួសជាំពេញខ្លួន សន្លប់នៅនឹងកន្លែង មានស្រុកកំណើត នៅភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានកូនចំនួន ៤ នាក់ គឺប្រុស ៣នាក់។ ចំណែកកូនស្រី ដែលត្រូវឪពុកចុ ងវាយធ្វើបាបឈ្មោះ សួន ស្រីមុំ អាយុ ១៤ ឆ្នាំ រងរបួសជាំពេញខ្នង។ ចំណែកប្តីកំណាចមានឈ្មោះ យ៉ូក ទីណូ អាយុ ២៧ ឆ្នាំ មានស្រុកកំណើត នៅភូមិជ្រៃ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ស្ត្រីរងគ្រោះបានរៀបរាប់ថា គាត់មានប្តីចំនួន ៣ នាក់ហើយ ទាំងប្តីចុងវ័យក្មេងកំណាចនេះ។ ពេលបានគ្នាជាប្តីប្រពន្ធ ប្តីក្រោយម្នាក់នេះ បានផឹកស្រាស្រវឹង និងប្រើប្រាស់ថ្នាំញៀន វាយធ្វើបាបគាត់ជារៀងរាល់ថ្ងៃ បណ្តាលឲ្យសន្លប់ចំនួន ៥ ដង លុះនៅថ្ងៃកើតហេតុ ប្តីទំនើងបានវាយគាត់សន្លប់ ហើយបានវាយទៅកូនស្រីរបស់ខ្លួនទៀត បណ្តាលឲ្យរបួសជាំពេញខ្នង ទើបទ្រាំមិនបានក៏ដាច់ចិត្ត ដាក់ពាក្យបណ្តឹងមកប៉ុស្តិ៍នគរបាល ប៉ុស្តិ៍ស្ទឹងកាច់ សុំចែកផ្លូវគ្នាតែម្តង ។
បន្ទាប់ពីបានទទួល ពាក្យបណ្តឹងពីស្ត្រីរងគ្រោះ សមត្ថកិច្ចបានកោះហៅប្តី មកសាកសួរ ហើយពួកគេសុខចិត្តលះលែងគ្នា គឺចុះចេញរៀងខ្លួន ដោយស្ត្រីជាប្រពន្ធ សុខចិត្តចិញ្ចឹមកូន ជាមួយប្តីក្រោយម្នាក់នេះ។ បន្ទាប់ពីធ្វើកិច្ចសន្យារួចហើយ សមត្ថកិច្ចបានណែនាំ ដល់បុរសទំនើងម្នាក់នេះ មិនត្រូវទៅរករឿងរកហេតុប្រពន្ធ និងកូនរបស់ខ្លួនទៀតទេ ព្រោះចាប់ពីពេល ផ្តិតមេដៃរួចហើយ អ្នកទាំងពីរមិនមែនជាប្តីប្រពន្ធនឹងគ្នាទៀតទេ៕
Source from: watphnom-news.com























Loading...




Post a Comment