ខេត្តបាត់ដំបង ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាជើងកាប់ចាក់យ៉ាងសាហាវ ប្រចាំទឹកដីខេត្តបាត់ដំបង ធ្លាប់ព្រួតកាប់មនុស្ស ៣ នាក់អោយរងរបួស នៅវាលយន្តហោះ ហើយយុវជនម្នាក់ដែលដឹងរឿងនេះ បានលួចរាយការណ៍ប្រាប់សមត្ថកិច្ច នាំឲ្យជនទំនើងក្តៅក្រហាយ ក៏បានស្ពាយកាំបិត ៣ ដើមបម្រុងទៅកាប់សម្លាប់បំបិតមាត់ តែពេលទៅដល់ជួប ឪពុកម្តាយជនរងគ្រោះ ក៏ទាស់សំដីឈានដល់ ការកាប់បំផ្លាញសម្ភារៈ និងជញ្ជាំងផ្ទះ នៅចំណុចស្តង់បន្លែផ្សារបឹងឈូក ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង កាលពីវេលាម៉ោង ១៩និង២០ នាទីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ ត្រូវបានកម្លាំងអាវុធហត្ថ ឃាត់ខ្លួនយកទៅសួរនាំ។
លោក សំ វីឡុង មេបញ្ជាការរងអាវុធហត្ថ ក្រុងបាត់ដំបងបានអោយដឹងថា បុរសដែសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ កែវ លាភហេង អាយុ ១៩ឆ្នាំស្នាក់នៅស្តង់បន្លែផ្សាបឹងឈូក ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដោយដកហូតបាន កាំបិតវែងចំនួន ៣ដើមនិងកាបូបស្ពាយ សម្រាប់ដាក់កាំបិតចំនួន ១ផងដែរ។ ចំណែកម្ចាស់ផ្ទះរងគ្រោះ មានឈ្មោះ តាន់ ប៊ុនពៅ អាយុ ៤៣ឆ្នាំជាឪពុកនិងឈ្មោះ តាន់ ប៊ុនទ្រី អាយុ ១៨ឆ្នាំស្នាក់នៅស្តង់បន្លែងផ្សារបឹងឈូក មានទីលំនៅក្នុងភូមិកាប់គោថ្មី សង្កាត់អូរចា ក្រុងបាត់ដំបង បានរងនូវការខូចខាត ទ្រពសម្បត្តិសម្ភារៈ និងជញ្ជាំងផ្ទះជាតូបលក់បន្លែ។
ឈ្មោះ កែវ លាភហេង បានសារភាពថា មុនពេលកើតហេតុយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ ខ្លួនបានដឹងពីប្អូនធម៌ឈ្មោះ ម៉េង និងឈ្មោះ លីម ថាឈ្មោះ តាន់ ប៊ុនទ្រី នាំគ្នាវាយពួកប្អូនខ្លួនឡើងទ្រោម ហើយបានរាយការណ៍ទៅនគរបាលថា កាលពីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ខ្លួនបានកាប់បុរសមួយចំនួន ដូចជា ឈ្មោះ ម៉ាប់ អាយុ ១៧ឆ្នាំ ១ប៉័ងតោត្រូវភ្លៅស្តាំ ឈ្មោះ ទូ អាយុ ២០ឆ្នាំ ១ប៉័ងតោត្រូវខ្នង និងម្នាក់ទៀតមិនស្គាល់ឈ្មោះ ១ប៉័ងតោត្រូវខ្នងផងដែរ។ ក្រោយពេលដឹងរឿងនេះ ខ្លួនក៏ទៅរកឈ្មោះ តាន់ ប៊ុនទ្រី តែពេលទៅដល់ផ្ទះ ជួបម្តាយវាខ្លួនក៏សួរពីរឿង កូនគាត់វាយមកលើប្អូនធម៌ ហើយស្ត្រីជាម្តាយ ក៏បានសុំទោសចំពោះកូនគាត់ ដែលប្រព្រឹត្តខុស។
ឈ្មោះ កែវ លាភហេង បានឲ្យដឹងទៀតថា ភ្លាមៗនោះឈ្មោះ តាន់ ប៊ុនពៅ ជាឪពុកបានចេញមក និយាយឌឺដងថា បើឯងចង់កាប់ចាក់ កាប់អោយវាងាប់ទៅ? ពេលនោះដោយខ្លួនខឹងខ្លាំងពេក ក៏ត្រឡប់មកផ្ទះ យកកាបូបស្ពាយដែលមាន កាំបិតចំនួន ៣ដើមទៅកាប់បំផ្លាញទ្រព្យសម្បត្តិសម្ភារៈ និងជញ្ជាំងផ្ទះគាត់ មួយសន្ទុះក្រោយមក ក៏ត្រូវមន្ត្រីអាវុធហត្ថឃាត់ខ្លួនតែម្តង។ បុរសសង្ស័យឈ្មោះ កែវ លាភហេង ពិតជាជើងខ្លាំងខាងកាប់ចាក់ នៅបាត់ដំបងមែន ប៉ុន្តែមិនទាន់បានទទួលបណ្តឹង ពីជនរងគ្រោះណាម្នាក់នៅឡើយទេ ទើបតែមានជនរងគ្រោះ ក្នុងរឿងកាប់បំផ្លាញទ្រព្យសម្បត្តិនេះ។ បុរសសង្ស័យនិងវត្ថុតាងត្រូវសមត្ថកិច្ច កសាងសំណុំរឿង ពីបទហិង្សាមានស្ថានទម្ងន់ទោស បញ្ជូនទៅកាន់តុលាការកាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣ ចាត់ការតាមនីតិវិធី៕
Source from: watphnom-news.com























Loading...




Post a Comment