
ខេត្តព្រះសីហនុ ៖ មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ក្នុងចំណោមបក្ខពូក ៣នាក់ត្រូវបានសមត្ថកិច្ច ប៉ូលិសចាប់ឃាត់ខ្លួន ក្នុងខណៈដែលក្រុមជនសង្ស័យ កំពុងធ្វើសកម្មភាព ចែកចាយគ្រឿងញៀន នៅតាមឆ្នេរសមុទ្រ ក្បែរកន្ទុយនាគជិតសណ្ឋាគារសុខា កាលពីវេលាម៉ោង ៨និង៣០ នាទីយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅក្រុមទី១៣ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុខេត្តព្រះសីហនុ។
លោក វរៈសេនីយ៏ទោ សាន់ ប៊ុនថន នាយការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៏ទោ តាក វណ្ណថា ស្នងការប៉ូលិសខេត្តព្រះសីហនុ លោកបានចេញបញ្ជាឲ្យ កំលាំងជំនាញចេញ ល្បាតនិងតាមដានមុខសញ្ញាដែលសង្ស័យ ព្រមទាំងមានការផ្តលព័ត៌មាន ពីបណ្តាញសម្ងាត់ផងនោះ ឈានទៅធ្វើសកម្មភាពបង្ក្រាប និងចាប់ខ្លួនជនសង្ស័យ បានម្នាក់ចំណែកបក្ខពួក ២នាក់ផ្សេងទៀត បានរត់ គេចខ្លួនបាត់។
លោកសាន់ ប៊ុនថន បានឲ្យដឹងទៀតថា ក្រោយពេលឃាត់ខ្លួន ជនសង្ស័យខាងលើនេះ ប៉ូលិសជំនាញ បានដកហូតវត្ថុតាង ដើមរុក្ខជាតិញៀន(កញ្ឆាក្រៀម)បានចំនួន ២ដុំធំ និងទូរស័ព្ទដៃចំនួន ១គ្រឿងផងដែរ។ ជនសង្ស័យមានឈ្មោះ ហេង រាំង ភេទប្រុស អាយុ ៣០ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពត និងមានមុខរបររត់ព្រូ រថយន្តតាក់ស៊ី ដោយឡែកបក្ខពួក ដែលរត់រួចនោះប៉ូលិសកំពុងតែ តាមស្វែងរក។ បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងប៉ូលិសកំពុង កសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តទ្ទាទោសទៅតាមផ្លូវច្បាប់៕
Source from: watphnom-news.com
Post a Comment