ខេត្តកណ្តាល ៖ បុរសម្នាក់ជាមនុស្ស មានជំងឺសរសៃប្រសាទ ហើយឧស្សាហ៍ប្រកាច់ជាញឹកញាប់ ធ្លាប់យកកាំបិតអារ.ក សម្លាប់ខ្លួន ម្តងរួចមកហើយតែពុំស្លាប់ បែរជាមកលង់ទឹកត្រឹមជង្គង់ ស្លាប់យ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៦ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣ នៅវាលស្រែឋិតក្នុងភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះមានឈ្មោះ ចឺ ខន ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរជាកសិករ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។ មុនពេលកើតហេតុ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣ វេលាម៉ោង ១៤និង៣០ នាទី ជនរងគ្រោះបានប្រាប់ប្រពន្ធថា ទៅមើលដីស្រែខាងក្រោយភូមិ ហើយជនរងគ្រោះ ក៏បានលីចបកាប់មួយ ដើរចេញពីផ្ទះបាត់ទៅ ។ លុះដល់វេលាយប់ថ្ងៃដដែល ពុំឃើញជនរងគ្រោះត្រឡប់មកផ្ទះវិញ ប្រពន្ធនិងកូនបាននាំគ្នា ដើររកជនរងគ្រោះ នៅតាមវាលស្រែ តែរកមិនឃើញ ព្រោះនៅពេលយប់ងងឹតពេក ។
រហូតដល់វេលាម៉ោង ៦ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣ ប្រពន្ធក៏បានដើររក បុរសជាប្តីម្តងទៀត ក៏បានប្រទះឃើញ ជនរងគ្រោះដេកស្លាប់ផ្កាប់មុខ នៅក្នុងទឹកស្រែ ដែលមានជម្រៅត្រឹមជង្គង់។ សមត្ថកិច្ច បានចុះទៅពិនិត្យកន្លែងកើតហេតុ ហើយបានបញ្ជាក់ថា នៅលើខ្លួនប្រាណរបស់សាកសព ពុំមានស្លាកស្នាមអ្វី គួរឲ្យកត់សម្គាល់នោះទេ ហើយករណីស្លាប់នេះ គឺបណ្តាលមកពីលង់ទឹក ខណៈដែលជនរងគ្រោះប្រកាច់ដួលផ្កាប់មុខ ដោយពុំមាននណាម្នាក់ ជួយបានទាន់ពេលវេលា៕
Source from: watphnom-news.com























Loading...




Post a Comment