ភ្ញៀវមួយក្រុមបានបង្កទំនាស់ពាក្យសម្តីរួចហើយបានវាយប្រយុទ្ធគ្នានឹងដបស្រាបណ្តាលឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀលដទៃរត់ជាន់ជើងគ្នា ខណៈដែលកូនកម្លោះ កូនក្រមុំកំពុងរាំច្រៀងកម្សាន្តយ៉ាងសប្បាយក្នុងពិធីរៀបអាពាហ៍ពិពាហ៍មួយឋិតនៅក្នុងបុរីពិភពថ្មី ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីរាត្រីម៉ោង២១ និង ៤៥នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៣ម្សិលមិញនេះ ។
សេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅក្នុងហេតុការណ៍វាយប្រយុទ្ធគ្នារវាងភ្ញៀវនិងភ្ញៀវក្នុងពិធីមង្គលការនោះ ហេងដែរដែលគ្មានបណ្តាលឲ្យមានមនុស្សស្លាប់ តែត្រឹមមានអ្នករងរបួសពី២ទៅ៣នាក់រួមទាំងប្រជាការពារភូមិម័ល ម្នាក់ផង ដែលចេញជួយអន្តរាគមន៍ក្នុងពេលមានជម្លោះ ។
ចំពោះក្រុមជនបង្កដែលជាភ្ញៀវមកចូលរួមពិធីមង្គលការនោះប្រមាណ៣នាក់ត្រូវបានសមត្ថកិច្ចអាវុធហត្ថខណ្ឌដង្កោធ្វើការឃាត់ខ្លួនភ្លាមៗ ដើម្បីបញ្ជូនមកការិយាល័យសួរនាំតាមនីតិវិធី ។
ក្រោយហេតុការណ៍កើតឡើងភ្លាមៗមិនទាន់មានប្រភពណាមួយបញ្ជាក់អំពីមូលហេតុពិតប្រាកដដែលនាំឲ្យមានរឿងរ៉ាវជម្លោះរវាងភ្ញៀវនិងភ្ញៀវក្នុងពិធីមង្គលការ នោះនៅឡើយទេ ។
នេះគឺជាមេរៀនមួយដែលម្ចាស់កម្មវិធីបុណ្យទានឬអាពាហ៍ពិពាហ៍ផ្សេងៗត្រូវតែមានការប្រុងប្រយ័ត្ន ពីព្រោះសូម្បីតែភ្ញៀវកិត្តិយសដែលម្ចាស់ដើមការអញ្ជើញឲ្យមកចូលរួមក្នុងពិធីសិរីសួស្តីមង្គលការកូនប្រុសស្រីក៏ពួកគេអាចបង្កការវាយប្រយុទ្ធគ្នាផ្អើលរោងការបានដែរ ៕
Source from: www.dtn7.com























Loading...




Post a Comment