ថ្ងៃនេះគឺជាទិវាជាតិ-អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលព្រះរាជាណាចក្រកម្ពុជាបានប្រារព្ធទិវាដ៏សំខាន់នេះគម្រប់ឆ្នាំទី៣ហើយ ដោយយោងតាមស្មារតីនៃសេចក្តីសម្រេចលេខ៥៨/៤ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៣ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ។
ដើម្បីចូលរួមក្នុងឱកាសទិវាជាតិ-អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតមួយលេខ២៨សលខ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣ ដោយបានអះអាងថា នឹងប្តេជ្ញាគាស់រំលើងអំពើពុករលួយគ្មានងាករេ និងគ្មានការលើកលែង ។
ទន្ទឹមនឹងការប្តេជ្ញាចិត្តរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានរហស្សនាមថា "បុរសខ្លាំង"នោះ សម្តេចនៅតែបន្តប្រើពាក្យអំពាវនាវសាជាថ្មីថា ឲ្យគ្រប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់ជាន់ថ្នាក់ លុបបំបាត់ការទារលុយកាក់ក្រៅច្បាប់ឲ្យបានជាដាច់ខាត ដែលភាសាអំពាវនាវនេះត្រូវបានមជ្ឈដ្ឋាននានារិះគន់ថា គ្មានប្រសិទ្ធភាពឡើយទៅលើក្រុមមន្ត្រីពុករលួយដុះស្លែ ឋិតនៅក្បែរ និងក្រោមឱវាទរបស់សម្តេច ។
រលកជន់ជោរនៃអំពើពុករលួយបានគ្រប់ដណ្តប់លើសង្គមកម្ពុជានាសម័យព្រះរាជាណាចក្រទី២នេះយ៉ាងខ្លាំងក្លាបំផុត ដោយមានលក្ខណៈជាប្រព័ន្ធតាំងពីលើរហូតមកដល់ក្រោម បើទោះបីកម្ពុជាមានច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយក៏ដោយ ពីព្រោះស្ថាប័នប្រឆាំងអំពើពុករលួយមិនហ៊ានកម្រើកជាមួយអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាបុរសខ្លាំងឡើយ ខណៈដែលប្រធានអង្គភាពប្រឆាំងអំពើពុករលួយជាមន្ត្រីសំខាន់របស់គណបក្សកាន់អំណាច និងមានឋានៈត្រឹមស្មើទេសរដ្ឋមន្ត្រី ពោលគឺជាមន្ត្រីដែលមិនឯករាជ្យ ។
លើសពីនេះ ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយនៅកម្ពុជា បានចែងអំពីការផ្តន្ទាទោសទៅលើអ្នកប្តឹងដាក់ពន្ធនាគារពី១ខែទី៦ខែ និងពិនួយជាប្រាក់ពី១០០.០០០រៀល ទៅ១.០០០.០០០រៀលថែមទៀត ប្រសិនបើអង្គភាពប្រឆាំងអំពើពុករលួយ ឬស្ថាប័នតុលាការដែលមិនឯករាជ្យរកឃើញថា ការស្រាវជ្រាវលើបណ្តឹងបរិហារនោះជាការភូតកុហក និងឥតប្រយោជន៍ ។
នារយៈពេលកន្លងមកមិនដែលឃើញមានមន្ត្រីថ្នាក់ធំៗណាម្នាក់ ចាប់ពីឋានៈស្មើរដ្ឋមន្ត្រីក្នុងជួររាជរដ្ឋាភិបាល ដែលជាស្ថាប័ននីតិប្រតិបត្តិឡើងទៅត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយស្រាវជ្រាវរកឃើញនូវកំហុសឆ្គងក្នុងការប្រព្រឹត្តអំពើពុករលួយទេ គឺបានត្រឹមចាត់ការទៅលើមន្ត្រីថ្នាក់ក្រោមៗ តូចតាចដែលប្រមូលលុយឲ្យថ្នាក់លើតែប៉ុណ្ណោះ និងម្យ៉ាងទៀត សូម្បីបណ្តាញសារព័ត៌មានភាគច្រើនក៏ហ៊ាននិយាយអំពីកំហុសឆ្គងនានារបស់មន្ត្រីត្រឹមថ្នាក់ក្រោម មិនហ៊ាននិយាយដល់មន្ត្រីថ្នាក់រដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ឬនាយករដ្ឋមន្ត្រីទេ ។
ព័ស្តុតាងដែលជាផលបានមកពីការប្រព្រឹត្តអំពើពុករលួយតាមគ្រប់រូបភាព ត្រូវបានមជ្ឈដ្ឋានប្រជាពលរដ្ឋបង្ហាញឲ្យឃើញថា ក្រុមមន្ត្រីរាជការ ទាំងស៊ីវិល ទាំងប្រដាប់អាវុធ ទាំងស្ថាប័នតុលាការក្រោមឱវាទរបស់បុរសខ្លាំងមានប្រាក់បៀវត្សរ៍សឹងទិញទំនិញនៅទីផ្សារមិនគ្រប់ផង ចុះហេតុអ្វីបានជាពួកមន្ត្រីទាំងនោះមានលុយ ឡាន វិឡា ហ៊ឺហាសម្បើមម្ល៉េះ តើពួកគេបានលុយមកពីណា ។
ដូច្នេះ ចង់បោសសម្អាតអំពើពុករលួយនៅកម្ពុជាឲ្យមានប្រសិទ្ធភាព ដើម្បីឲ្យកម្ពុជាក្លាយជាសង្គមមួយស្អាតស្អំ បវរ រុងរឿងនោះ គឺអាស្រ័យលើឆន្ទៈនិងការតាំងចិត្តរបស់បុរសខ្លាំង ពោលត្រូវចាប់ផ្តើមពីបុរសខ្លាំង និងឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយទាំងអស់ជាគំរូមុនគេ ៕
Source from: www.dtn7.com























Loading...




Post a Comment