រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងដល់ ពលរដ្ឋខ្មែរឲ្យត្រៀម ការពារខ្លួនពីធាតុអាកាសត្រជាក់ ដែលត្រូវបានរំពឹងថា នឹងកើតឡើងរហូតដល់ ពាក់កណ្តាលខែមករា ឆ្នាំ២០១៤ នេះ ចំណែកឯក្រសួងសុខាភិបាល ក៏បានប្រកាសឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ចំពោះជំងឺឆ្លងក្នុងរដូវរងា ដូចជាជំងឺផ្តាសាយ ដែលភាគច្រើនអាច កើតឡើងចំពោះ មនុស្សចាស់ និងកុមារ។
សីតុណ្ហភាពនៅរាជធានីភ្នំពេញ បានធ្លាក់ដល់ ២១អង្សា ហើយនៅក្នុងតំបន់ខ្លះ នៃប្រទេសកម្ពុជា សីតុណ្ហ ភាពធ្លាក់ចុះដល់ ១៤អង្សា ហើយភាគច្រើនអាកាសធាតុ ត្រជាក់នៅពេលព្រឹក និងពេលយប់ ជាពិសេសនៅភ្នំដងរែក ខេត្តព្រះវិហារ ដែលអាកាសធាតុអាចធ្លាក់ចុះ ដល់ចន្លោះពី ១៤ទៅ១៥ អង្សា។ បើតាមការព្យាករបានបង្ហាញថា អាកាសធាតុត្រជាក់ នឹងមានរហូតដល់ ពាក់កណ្តាលខែមករា ដូច្នេះប្រជាពលរដ្ឋ ត្រូវស្លៀកពាក់ សម្លៀកបំពាក់ក្រាស់ ៗ ដើម្បីការពារខ្លួនពី អាកាសធាតុត្រជាក់។
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា សីតុណ្ហភាពនៅក្នុង រាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពង់ធំ កំពត ព្រះសីហនុ និងខេត្តកោះកុង ត្រូវបានព្យាករថា នឹងធ្លាក់ចុះដល់ចន្លោះពី ២២ទៅ៣០ អង្សា ក្នុងរយៈពេលប៉ុន្មាន សប្តាហ៍ខាងមុននេះ។ ដោយឡែកក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បានចេញសេចក្តី ក្រើនរំឭករួមមួយ ទាក់ទងទៅនឹងការ ទប់ស្កាត់ការឆ្លងជំងឺ ផ្លូវដង្ហើម នៅពេលមានអាកាសធាតុ ត្រជាក់កើតឡើង។
សេចក្តីក្រើនរំឭកនេះ បានបង្ហាញពីការ យកចិត្តទុកដាក់ជាពិសេស ទៅលើកុមារ និងចាស់ជរា ដែលងាយនឹងធ្លាក់ខ្លួនឈឺ អំឡុងអាកាសធាតុត្រជាក់ ហើយមនុស្សចាស់ ងាយនឹងកើតជំងឺ នៅពេលដែលកើតមាន ហានិភ័យជំងឺឆ្លង។ សេចក្តីប្រកាសនេះក៏បាន ណែនាំដល់ប្រជាពលរដ្ឋទាំងឡាយ អំពីរបៀប បញ្ឈប់ ការរីករាលដាល ជំងឺគ្រុនផ្តាសាយ ដោយត្រូវប្រើក្រដាសជូតមាត់ ដើម្បីទប់ស្កាត់ ការក្អក និងកណ្តាស់៕
Source from: watphnom-news.com























Loading...




Post a Comment