ខេត្តរតនគិរី ៖ ស្ថានភាពដឹកជញ្ជូនឈើខុសច្បាប់ ទាំងតាមរថយន្តតូច និងរថយន្តធំ នៅលើទឹកដីខេត្តរតនគិរី កំពុងកើតមានយ៉ាងគគ្រឹកគគ្រេង គ្មានការទប់ស្កាត់ទេ ក៏ព្រោះតែលោក វង្ស សុកសិរី ជានាយខណ្ឌរដ្ឋបាលព្រៃឈើបានឃុបឃិតឲ្យក្រុមឈ្មួញ រកស៊ីដឹកជញ្ជូនឈើខុសច្បាប់ តាមតែទំនើងចិត្ត។ សមត្ថកិច្ចពាក់ព័ន្ធ ដែលប្រចាំការតាមដងផ្លូវ ពួកគេគ្រាន់តែជាជើងក្រោយប៉ុណ្ណោះ ប្រសិនបើជំនាញរដ្ឋបាលព្រៃឈើរបស់លោក វង្ស សុកសិរី រក្សាភាពស្ងៀមស្ងាត់ទៅហើយនោះ គឺសមត្ថកិច្ចដទៃទៀតចាំតែ លាបាតដៃសុំប្រាក់ពីក្រុមឈ្មួញ ដឹកជញ្ជូនឈើយកទៅច្រកហោប៉ៅ ធ្វើមានធ្វើបានផ្ទាល់ខ្លួនតែប៉ុណ្ណោះ មិនខ្វល់ខ្វាយពីវិធានការបង្ក្រាបអ្វីឡើយ។
បទបញ្ជាក្នុងការបង្ក្រាប វិនាសកម្មព្រៃឈើនៅក្នុង ទឹកដីខេត្តរតនគិរី គ្មានប្រសិទ្ធភាពទេ ក៏ព្រោះតែនាយខណ្ឌរដ្ឋបាលព្រៃឈើប្រចាំខេត្តនេះ ជាមន្ត្រីដែលមានទេពកោសល្យ ក្នុងការប្រមូលលុយពី អំពើពុករលួយគ្រប់ប្រភេទ យកទៅទៅច្រកហោប៉ៅ ធ្វើមានធ្វើបានផ្ទាល់ខ្លួន និងទុកសម្រាប់អភិវឌ្ឍន៍មុខតំណែង ព្រោះគេដឹងថាលោក វង្ស សុកសិរី គឺជាមន្ត្រីដែលមានមហិច្ឆតា មិនចេះស្កប់ស្កល់ គាត់មានខ្សែទុយោ និងបក្ខពួកអាចអភិវឌ្ឍន៍ មុខតំណែងបានយ៉ាងលឿន ដូចកាំជណ្តើរ ពីថ្នាក់មន្ត្រីសាមញ្ញរហូតដល់ក្លាយទៅជា នាយសង្កាត់ បន្តឡើងធ្វើជានាយខណ្ឌ ហើយតទៅថ្ងៃខាងមុខលោក វង្ស សុកសិរី កំពុងតែស្រក់ទឹកមាត់ ចង់បានតំណែងនាយផ្នែក រដ្ឋបាលព្រៃឈើប្រចាំ ប៉ែកឦសានផងដែរ។
សេចក្តីរាយការណ៍ពីខេត្តរតនគិរី បានឲ្យដឹងថា លោក វង្ស សុកសិរី បានឃុបឃិតឲ្យឈ្មួញ មានលុយមានអំណាចចំនួន ៣ក្រុម រកស៊ីប្រមូលទិញឈើខុសច្បាប់ ពីប្រជាពលរដ្ឋ ដែលចូលទៅកាប់ឈើតាមតំបន់អភិរក្ស ឬតំបន់ឧទ្យានជាតិ យកទៅស្តុកទុកតាមឃ្លាំងធំៗ ដើម្បីបន្តដឹកជញ្ជូនទៅលក់នៅស្រុកយួន យ៉ាងអនាធិបតេយ្យបំផុត។ មានការបញ្ជាក់ថា ក្រុមទី១ បានបោះទីតាំងប្រមូល ទិញឈើប្រណីតយកទៅស្តុកទុក នៅក្នុងស្រុកអណ្តូងមាស ស្រុកវ៉ឺនសៃ និងស្រុកអូរជុំ ដែលប្រតិបត្តិការដោយក្រុមហ៊ុនឧកញ៉ា ទ្រី ភាព ហើយនៅទីនោះ មេការសំខាន់ៗរបស់ឧកញ៉ា ទ្រី ភាព សុទ្ធសឹងជាមន្ត្រីរាជការ ដែលមានមុខមានមាត់ ក្នុងខេត្តរតនគិរី ចាំប្រមូលមូលទិញឈើខុសច្បាប់ មិនដែលមាននរណាហ៊ានក្អកជាមួយពួកគេទេ។
ដោយឡែក ក្រុមទី២ ជាក្រុមហ៊ុនរបស់ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ដែលមានឈ្មោះ ឃុន និងឈ្មោះ សាន ចយ ជាមេការទទួលខុសត្រូវ សម្រាប់ការប្រមូល ទិញឈើខុសច្បាប់ និងការដឹកជញ្ជូន យកទៅលក់នៅស្រុកយួន ហើយក្រុមហ៊ុនរបស់ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា បានបង្កើតទីតាំងស្តុកឈើខុសច្បាប់នៅក្នុង ស្រុកតាវែង រីឯមួយផ្នែកទៀត នៅក្នុងស្រុកវ៉ឺនសៃ។ ចំពោះក្រុមទី៣ ប្រតិបត្តិការដោយឈ្មោះ ឆាយហេង និងឈ្មោះ សិទ្ធ ដែលបានបោះទីតាំង ប្រមូលទិញឈើប្រណីត នៅក្នុងស្រុកវ៉ឺនសៃដឹកយកទៅ ស្តុកទុកនៅលើដីរបស់ក្រុមហ៊ុន ម៉ាងយ៉ាងខេ ហើយឈើប្រណីត ប្រមូលទិញបានប្រហែល ៤ទៅ៥ រថយន្តយីឌុប ទើបឈ្មោះ ឆាយ ហេង និងឈ្មោះ សិទ្ធ ដឹកយកទៅលក់ នៅស្រុកយួនយ៉ាងអនាធិបតេយ្យ ហើយរៀងរាល់ការដឹកជញ្ជូនឈើ ចេញពីដីរបស់ក្រុមហ៊ុន ម៉ាងយ៉ាងខេ សុទ្ធតែមានការបង់លុយ ជូនលោក វង្ស សុកសិរី និងសមត្ថកិច្ច ពាក់ព័ន្ធយ៉ាងរលូន។
សូមបញ្ជាក់ថា ក្រុមឈ្មួញប្រមូលទិញឈើ ខុសច្បាប់ទាំង ៣ក្រុមហ៊ុន នេះមានបុព្វសិទ្ធិធំធេង ក្នុងការចាយលុយ ឲ្យប្រជាពលរដ្ឋចូលព្រៃកាប់ឈើ យកមកលក់ឲ្យពួកគេ ក្នុងតម្លៃថោកៗ ដូចជាឈើប្រណីត១ម៉ែត្រត្រីគុណ ប្រជាពលរដ្ឋលក់ឲ្យពួកគេ ក្នុងតម្លៃ ២៥០ដុល្លារ ទៅ៣៥០ដុល្លារប៉ុណ្ណោះ ដែលតម្លៃនេះគេកំណត់ សម្រាប់តែឈើបេង ធ្នង់ នាងនួន ដែលមានមុខកាត់ធំៗ ជាប្រភេទឈើឡាំង ត្រូវប៉ាន់នៅស្រុកយួន ហើយសម្រាប់ឈើធម្មតា អាចមានតម្លៃថោកជាងនេះ។ នៅពេលប្រមូលទិញឈើ បានហើយនោះក្រុមហ៊ុនទ្រី ភាព ក្រុមហ៊ុនរបស់ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា និងក្រុមហ៊ុនរបស់ឈ្មោះ ឆាយ ហេង និងឈ្មោះ សិទ្ធ បានដឹកជញ្ជូនបន្តតាមរថយន្តយីឌុប យកទៅលក់នៅស្រុកយួន តាមច្រកអន្តរជាតិ អូរយ៉ាដាវ ខេត្តរតនគិរី ច្រកត្រពាំងស្រែ-វ៉ាលឺនៃខេត្តក្រចេះ និងច្រកត្រពាំងផ្លុង ខេត្តកំពង់ចាម។
រឿងដែលលោក វង្ស សុកសិរី រក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការបង្ក្រាប ឧក្រិដ្ឋកម្មព្រៃឈើនៅ ខេត្តរតនគិរី ច្បាស់ណាស់ដែលថា លោក វង្ស សុកសិរី មានជាប់ពាក់ព័ន្ធ នឹងផលប្រយោជន៍យ៉ាងច្រើនក្រាស់ក្រែល ពីក្រុមឈ្មួញដែលចាយលុយ ឲ្យប្រជាពលរដ្ឋចូលទៅកាប់ឈើខុសច្បាប់ យកមក លក់ឲ្យពួកគេក្នុងតម្លៃថោក ដើម្បីយកទៅស្តុកទុក និងនាំចេញទៅស្រុកយួន យ៉ាងអនាធិបតេយ្យបំផុត មិនដែលក្រែងញញើត ពីបទបញ្ជារបស់ រាជរដ្ឋាភិបាលនោះទេ។ សម្តេច ហ៊ុន សែន ធ្លាប់បានចាត់ទុកថាក្រុមឈ្មួញ ក៏ដូចជាក្រុមមន្ត្រីរដ្ឋបាលព្រៃឈើ ដែលឃុបឃិតឲ្យមាន វិនាសកម្មព្រៃឈើ គឺជាឧក្រិដ្ឋជន ដូច្នេះវិធានការគាស់រំលើង អំពើពុករលួយ នៅពេលនេះគួរធ្វើចំពោះលោក វង្ស សុកសិរី មុនគេ ព្រោះបុគ្គលនេះ កំពុងបើកដៃឱ្យមានបទល្មើស បំផ្លាញព្រៃឈើយ៉ាងអនាធិបតេយ្យ គ្មានការទប់ស្កាត់៕
Source from: watphnom-news.com























Loading...




Post a Comment