ខេត្តបាត់ដំបង ៖ រថយន្តស្តារិកប្រភេទ ១២កៅអីដឹកភ្ញៀវទេសចរណ៍ បានបើកបុកម៉ូតូ មេឃុំភ្នំសំពៅ ខណៈដែលកំពុងវាយភ្លើងស៊ីញ៉ូ បត់ឆ្វេងឆ្លងផ្លូវចូលផ្ទះ ប៉ើងនិងអូសជាង ៨០ម៉ែត្របណ្តាលអោយ បាក់ជើងឆ្វេងបែកថ្គាម និងបែកក្បាលស្លាប់ ក្នុងថ្លុកឈាម កាលពីវេលាម៉ោង ១៧និង៥៥ នាទីល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣ លើកំណាត់ផ្លូវជាតិលេខ៥៧អា ស្ថិតក្នុងភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ចំណែករថយន្តបើករត់ទៅមុខ បានប្រហែល ៦០០ម៉ែត្រ អ្នកបើកបរបានបើកទ្វារចុះ រត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកអោយភ្ញៀវបរទេស ៧នាក់នៅចាំរថយន្ត។
សមត្ថកិច្ចនគរបាល ចរាចរណ៍ផ្លូវគោក ខេត្តបាត់ដំបង បានអោយដឹងថា បុរសរងគ្រោះដែលស្លាប់មានឈ្មោះ អុំ សារឿន អាយុ ៦៨ឆ្នាំជាមេឃុំភ្នំសំពៅ មានទីលំនៅ ក្នុងភូមិកើតហេតុ បានជិះម៉ូតូម៉ាកហុងដា ឌ្រីមពណ៌ខ្មៅ ស៊េរីឆ្នាំ១៩៩៩ ពាក់ស្លាកលេខ បាត់ដំបង 1A-1584។ ចំណែកអ្នកបើកបររថយន្តមានឈ្មោះ ចិន សូភី អាយុជាង ៣០ ឆ្នាំ មិនស្គាល់ទីលំនៅ រីឯរថយន្តបង្កហេតុ ម៉ាកស្តារិកប្រភេទ១២ កៅអី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-8831 ខូចផ្នែកខាងមុខយ៉ាងដំណំ បានដឹកភ្ញៀវទេសចរណ៍ ជាជនជាតិចិនធ្វើដំណើរ ពីភ្នំពេញទៅលេងខេត្តប៉ៃលិន មានគ្នា ៧នាក់ក្នុងនោះមានស្រី ៣ នាក់។
សាក្សីបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ លោកមេឃុំឈ្មោះ អុំ សារឿន បានធ្វើដំណើរពីកើតទៅលិច ពេលបើកម៉ូតូដល់មុខផ្ទះ បានវាយភ្លើងស៊ីញ៉ូបត់ឆ្វេង ដោយក្រឡេកមើលឆ្វេងស្តាំ ទើបរុលម៉ូតូឆ្លងផ្លូវ ពេលនោះស្រាប់តែរថយន្ត បើកស្របទិសគ្នា ក្នុងល្បឿនលឿន បានបុកម៉ូតូនិងមនុស្ស ប៉ើងអូសជាង ៨០ម៉ែត្រ ធ្លាក់មកវិញស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។ រីឯរថយន្តបានបើកទៅមុខ ប្រហែល ៦០០ម៉ែត្រ អ្នកបើកបរបានបើកទ្វារចុះរត់ ប្រជាពលរដ្ឋឃើញ ទើបដឹងថា មានបញ្ហាក៏នាំគ្នាចោមរោមមើល និងឃាត់ខ្លួនអ្នកបើកបរ និងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។
យ៉ាងណាក៏ដោយ ភ្ញៀវទេសចរណ៍ជនជាតិចិ នបានប្រាប់សមត្ថកិច្ចថា ពួកគាត់មិនមាននរណាម្នាក់ រងគ្រោះថ្នាក់ទេ សម្ភារៈក៏មិនមានបាត់បង់ ហើយក៏មិនទាមទារសំណងអ្វី ពីអ្នកបើកបរនោះដែរ ។ នគរបាលចរាចរណ៍ បានបញ្ជាក់ថា សពជនរងគ្រោះត្រូវបានប្រគល់ ឲ្យសាច់ញាតិធ្វើបុណ្យ តាមប្រពៃណី ចំណែកវត្ថុតាងម៉ូតូ និងរថយន្តបានដឹកយកទៅ រក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោកខេត្ត រងចាំការដោះស្រាយជាក្រោយ៕ ដោយ សុខជា
Source from: watphnom-news.com























Loading...




Post a Comment