ក្រុងប៉ោយប៉ែត ៖ ប្រជាពលរដ្ឋដែលមានផ្ទះ ជាប់និងមាត់អូរព្រំដែន កម្ពុជា-ថៃ ប៉ែកខាងត្បូងផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិក្បាលកោះ និងភូមិប៉ោយប៉ែត សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាននាំគ្នាផ្អើលទៅចាប់ត្រី ដែលពុលក្នុងទឹកអូរអណ្តែតឡើង សក្បុសពេញផ្ទៃទឹក កាលពីព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៣។
ប្រជាពលរដ្ឋចាប់បាន ត្រីតូចធំចម្រុះ រាប់រយគីឡូយកទៅធ្វើម្ហូប និងលក់តាមផ្សារ ដូចដែលលោក សុជាតិ អាយុ ៣៧ឆ្នាំ រស់នៅភូមិប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានថ្លែងអោយដឹងថា ត្រីទាំងអស់នេះបានពុល អណ្តែតរយៈពេល ៣ថ្ងៃមកហើយ គេពុំដឹងថាបណ្តាល មកពីមូលហេតុអ្វីឡើយ អ្នកខ្លះសង្ស័យថា មកពីក្រុមហ៊ុនកាស៊ីណូ បង្ហូរទឹកស្អុយ ជាតិសាប៊ូ និងជាតិប្រេង ចូលក្នុងអូរព្រំដែន ទើបបណ្តាលអោយត្រីពុលងាប់បែបនេះ។
ដោយឡែកសមត្ថកិច្ច ប៉ូលិសការពារព្រំដែនគោកលេខ៨៩១ បានប្រាប់ថា រយៈពេលប៉ុន្មានថ្ងៃ កន្លងមកនេះ មានប្រជាពលរដ្ឋផ្អើល នាំគ្នាមកចាប់ត្រី អ្នកខ្លះកៀរ និងសំណាញ់ ឬស្បៃមុង អ្នកខ្លះចុះហែលចាប់និងដៃ ក៏អាចចាប់ត្រីបានដែរ និងបានរាប់រយគីឡូក្រាម យកទៅធ្វើប្រហុកផ្អក ថែមទាំងយកទៅលក់នៅលើទីផ្សារ ក្នុងក្រុងប៉ោយប៉ែត ទៀតផង។
ករណីដែលប្រជាពលរដ្ឋ នាំគ្នាទៅចាប់ត្រី នៅក្នុងអូតព្រំដែនកម្ពុជា-ថៃ យកទៅបរិភោគ និងយកទៅលក់ចែកចាយ នៅលើទីផ្សារ អាចធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់សុខភាពរបស់ ពួកគាត់ផងដែរ។ ដោយខាងក្រុមហ៊ុនកាស៊ីណូ ជាច្រើនកន្លែង នៅក្រុងប៉ោយប៉ែត បានបង្ហូទឹកស្អុយចូល ក្នុងអូរព្រំដែន ធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំង ដល់បរិស្ថាន និងសុខភាពរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាម មាត់អូរព្រំដែលកម្ពុជា-ថៃ។
ប្រជាពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែត សូមអំពាវនាវដល់ថ្នាក់ដឹកនាំ និងក្រសួងបរិស្ថាន គួរចាត់វិធានការទប់ស្កាត់ នូវរាល់ទង្វើមិនប្រក្រតី របស់ក្រុមហ៊ុនកាស៊ីណូ មួយចំនួន នៅក្នុងក្រុងប៉ោយប៉ែត ដែលបង្ហូរ ទឹកសំអុយ និងកាកសំណល់ គ្រប់ប្រភេទ ចូលក្នុងអូរព្រំដែន ជៀសវាងកុំឲ្យប្រជាពលរដ្ឋ រងគ្រោះតទៅទៀត ព្រោះសូម្បីតែត្រីក៏ពុលងាប់ ពេញទឹកអូរផងដែរ៕ ដោយ ចិន្តា
Source from: watphnom-news.com























Loading...




Post a Comment