ថ្នាក់ដឹកនាំមន្ទីរពេទ្យព្រះកេតុមាលា គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ហើយថ្មីៗនេះមានលេចឮ ពីការជួញដូរក្រលៀន គួរឲ្យភ្ញាក់ផ្អើល
រាជធានីភ្នំពេញ ៖ នៅលើបណ្តាញសង្គមហ្វេសប៊ុក បាននិយាយពីរឿងមិនប្រក្រតី គួរឲ្យអស់សំណើចមួយ ពាក់ព័ន្ធនឹងការជួញដូរក្រលៀន នៅមន្ទីរពេទ្យ ព្រះកេតុមាលា ដែលគ្រប់គ្រងដោយលោក លី សុវណ្ណ ហើយមជ្ឈដ្ឋានមួយចំនួនយល់ឃើញថា វាជារឿងគួរឲ្យអស់សំណើច ប៉ុន្តែប្រសិនបើវាជាព័ត៌មានពិត ក៏សូមឲ្យប្រជាពលរដ្ឋ និងអ្នកជំងឺដែលទៅ សម្រាកព្យាបាលនៅទីនោះ មេត្តាប្រុងប្រយ័ត្ន ដើម្បីកុំឲ្យជួបរឿងអាក្រក់ណាមួយ ហើយក៏ទាមទារឲ្យផ្នែកពាក់ព័ន្ធ តាមដានត្រួតពិនិត្យ លើភាពអសកម្ម ដែលកំពុងកើតមាន យ៉ាងពេញបន្ទុកក្នុងមន្ទីរពេទ្យ ព្រះកេតុមាលា ឡើងវិញជាបន្ទាន់។
មន្ត្រីតូចតាចមួយចំនួន ក៏បានបង្ហើបឲ្យដឹងផងដែរថា នៅក្នុងមន្ទីរពេទ្យព្រះកេតុមាលា មានការបង្កើតបក្ខពួកជាច្រើនក្រុម គឺក្រុមទី១ ជាបក្ខពួករបស់លោក លី សុវណ្ណ ដែលជា ប្រធានមន្ទីរពេទ្យ ក្រុមទី២ ជាបក្ខពួករបស់លោក កែវ រ៉ាវុធ ជាអនុប្រធានមន្ទីរពេទ្យ ហើយក្រុមមួយទៀត ក៏មានជើងខ្លាំងជាវេជ្ជបណ្ឌិតមួយចំនួន ដែលយកតួនាទី ការងាររបស់ខ្លួន ទៅស្វែងរកផលប្រយោជន៍ ច្រកហោប៉ៅតាមតែអំពើចិត្ត។ ក្នុងមួយថ្ងៃៗមន្ទីរពេទ្យ ព្រះកេតុមាលា បានទទួលពិនិត្យ ព្យាបាលជំងឺប្រជាពលរដ្ឋ រកចំណូលបានច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែគេមិនច្បាស់ទេថា ប្រាក់ចំណូលដែលបានមក ពីអាជីវកម្មប្រចាំខែ ប្រចាំថ្ងៃ ត្រូវបានបែងចែក ទៅខាងណាខ្លះទេ ប៉ុន្តែរឿងសំខាន់បំផុតនោះ មន្ត្រីមួយចំនួនបានបង្ហើបឲ្យដឹងថា មន្ទីរពេទ្យនេះមិនដែល បានបង់ពន្ធជូនរដ្ឋ ទៅតាមគោលការណ៍នោះទេ។
មានការរំលឹកផងដែរថា មន្ទីរពេទ្យព្រះកេតុមាលា ទទួលបានសម្ភារៈឧបករណ៍ជាច្រើន ពីប្រទេសចិន និងដៃគូមួយចំនួនទៀត ហើយបុគ្គលិកពេទ្យទាំងអស់ សុទ្ធសឹងតែស៊ីប្រាក់ខែរបស់រដ្ឋ ដែលបានមកពីការបង់ពន្ធ របស់ប្រជារាស្ត្រ ប៉ុន្តែគ្រឿងឧបករណ៍ សម្ភារៈ បរិក្ខារពេទ្យ ត្រូវបានលោក លី សុវណ្ណ និងលោក កែវ រ៉ាវុធ ឃុបឃិតគ្នាយកទៅ ប្រើប្រាស់ស្វែងរកផលប្រយោជន៍ យកមកចែកគ្នា ធ្វើមានធ្វើបានផ្ទាល់ខ្លួន មិនដែលខ្វល់ខ្វាយអ្វីឡើយ។ ប្រភពខ្សឹបខ្សៀវមួយចំនួន បានបង្ហើបឲ្យដឹងថា លោក លី សុវណ្ណ ដែលជាប្រធានមន្ទីរពេទ្យ និងអនុប្រធានរបស់គាត់ គឺលោក កែវ រ៉ាវុធ មិនសូវស៊ីសង្វាក់គ្នាទេ ក៏ព្រោះតែលោក កែវ រ៉ាវុធ មានខ្សែទុយោ និងខ្នងបង្អែកធំ មួយម៉ាត់ណាក៏ដោយ លោក កែវ រ៉ាវុធ តែងតែយកឈ្មោះរដ្ឋលេខាធិការ ក្រសួងការពារជាតិ ដ៏មានអំណាចម្នាក់ មកបិទមុខ ហើយរឿងល្មមៗ លោក លី សុវណ្ណ មិនដែលហ៊ានហើបមាត់ ជាមួយលោក កែវ រ៉ាវុធ នោះទេ។
មន្ត្រីបុគ្គលិកនៅក្នុង មន្ទីរពេទ្យស្ទើរតែ៩០ ភាគរយមិនសប្បាយចិត្ត ចំពោះការដឹកនាំតាមបែបពុករលួយ និងបក្ខពួកនិយមរបស់លោក លី សុវណ្ណ ច្រើនឆ្នាំមកហើយ ជាពិសេសលោក កែវ រ៉ាវុធ បានប្រើប្រាស់អំណាចរបស់ខ្លួន ហួសហេតុ ធ្វើបាបជិះជាន់បុគ្គលិក ប្រើសំដីគំរោះគំរើយ គ្មានការគោរពចំពោះ មន្ត្រីតូចតាចនោះទេ។ មានបញ្ហាជាច្រើន ដែលថ្នាក់ដឹកនាំមន្ទីរពេទ្យ ព្រះកេតុមាលា គឺលោក លី សុវណ្ណ និងលោក កែវ រ៉ាវុធ ឃុបឃិតសមគំនិតគ្នា កេងប្រវ័ញ្ចប្រាក់ឧបត្ថម្ភ របស់ក្រុមមន្ត្រី និងយកសម្ភារៈបរិក្ខារ របស់មន្ទីរពេទ្យយកទៅ បម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ហើយមិនបានបង់ពន្ធជូនរដ្ឋ ឲ្យត្រឹមត្រូវតាមគោលការណ៍ ហើយចុងក្រោយនេះ ក៏មានការលេចឮ ព័ត៌មានចចាមអារាម ពីការជួញដូរក្រលៀន គួរឲ្យភ្ញាក់ផ្អើលផងដែរ។ ដូច្នេះគួរតែផ្នែកពាក់ព័ន្ធ ពិនិត្យមើលភាពអសកម្ម និងអំពើពុករលួយដែលកំពុងកើតមាន យ៉ាងពេញបន្ទុក ក្នុងមន្ទីរពេទ្យព្រះ កេតុមាលា ឡើងវិញផង៕
Source from: watphnom-news.com























Loading...




Post a Comment