
លោកអភិបាលក្រុងក្រចេះធ្វើឲ្យលោកស្រីភរិយាអភិបាលរងខេត្តក្រចេះឈឺចាប់និងឈានទៅប្តឹងផ្តល់ដល់តុលាការពីបទប្រទូស្តកេរខ្មាស
មជ្ឈដ្ឋានមន្ត្រីរាជការ និងប្រជាពលរដ្ឋដែលបម្រើការងារ និងរស់នៅខេត្តក្រចេះ ក៏ដូចជាមជ្ឈដ្ឋានទូទៅបានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងរឿងក្តីដ៏ពុះកញ្ជ្រោលមួយ ដែលជារឿងនឹកស្មានមិនដល់ ដោយលោកអភិបាលក្រុងក្រចេះម្នាក់ ទទួលរងការប្តឹងផ្តល់ទៅដល់ស្ថាប័នតុលាការ ពីសំណាក់លោកស្រីជាភរិយារបស់លោកអភិបាលរងខេត្តក្រចេះម្នាក់ ពីបទប្រទូស្តកេរខ្មាស និងប្រព្រឹត្តអំពើហិង្សាដោយចេតនា ដែលជាបទល្មើសព្រហ្មទណ្ឌ ។
ពាក់ព័ន្ធនឹងសំណុំរឿងប្តឹងផ្តល់គួរឲ្យចាប់អារម្មណ៍នេះ លោកស្រី ធីម ដានី អាយុ២៩ឆ្នាំ ជាប្រធានសាខាក្រុមហ៊ុន REFELON ប្រចាំខេត្តក្រចេះ និងត្រូវជាភរិយារបស់លោក ខ័ណ្ឌ ចំណាន អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ បានថ្លែងរៀបរាប់ប្រាប់ឲ្យដឹងថា លោកស្រីនៅតែមិនអាចបំភ្លេចបាននូវទំហំនៃការឈឺចាប់ដែលប្រព្រឹត្តឡើងដោយលោក ហង់ ចាន់ឌី អភិបាលនៃគណៈអភិបាលក្រុងក្រចេះ មកលើរូបលើរូបលោកស្រីឡើយ ដែលការប្រព្រឹត្តនេះមានចំនួនច្រើនលើកច្រើនសារួចមកហើយ ។ លោកស្រី ធីម ដានី បានរំលឹកអំពីការប្រព្រឹត្តរបស់លោក ហង់ ចាន់ឌី មកលើរូបលោកស្រី ដែលធ្វើឲ្យលោកស្រីឈឺចាប់មិនអាចបំភ្លេចបាន ដូចតទៅ ៖
១-នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១២ នៅលំនៅឋានឪពុកម្តាយរបស់លោកស្រីទល់មុខអនុវិទ្យាល័យក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ មានការរៀបចំកម្មវិធីបង្កក់ក្មួយ បរិភោគអាហារមុនជួបជុំបងប្អូនញាតិមិត្ត ដោយមានការចូលរួមពីលោក ហង់ ចាន់ឌី និងភរិយារបស់គាត់ គឺលោកស្រី ស្វាយ សោភា ។ ដល់វេលាម៉ោង១៥រសៀល លោក ហង់ ចាន់ឌី ចាប់ផ្តើមមានអារម្មណ៍ពុះកញ្ជ្រោលរបៀបមិនសមរម្យ ក៏មកចាប់ដៃលោកស្រីផ្អឹបខ្លួនពីក្រោយ ប៉ុនប៉ងថើមលោកស្រី ដោយពោលពាក្យសម្តីថា "ប្រពន្ធអភិបាលរងខេត្តស្មានថាចៅហ្វាយក្រុងថើបមិនបាន" ធ្វើឲ្យលោកស្រីរើបម្រះនិងគេចចេញ ប៉ុន្តែលោក ហង់ ចាន់ឌី ព្យាយាមប្រព្រឹត្តអំពើមិនគប្បីរបៀបនេះចំនួនពីរទៅបីដងមកលើលោកស្រី ជាហេតុធ្វើឲ្យឪពុកម្តាយ បងប្អូន ញាតិមិត្តដែលបានចូលរួមក្នុងកម្មវិធីសម្តែងនូវការស្រងាកចិត្ត និងធុញទ្រាន់យ៉ាងខ្លាំងចំពោះអំពើបែបប្រមាថមាក់ងាយជាន់ឈ្លីកិត្តិយសមកលើលោកស្រី ។ លុះដល់ម៉ោងប្រមាណ១៦រសៀល ទើបភរិយារបស់លោក ហង់ ចាន់ឌី អូសគាត់ចេញទៅផ្ទះវិញ ។
២-អំឡុងខែកុម្ភៈ ឆ្នាំ២០១៣ នៅវេលាម៉ោងប្រមាណ១៦រសៀល លោកស្រីធ្វើដំណើរតាមរថយន្តម៉ាក Camry ជាមួយលោកស្រី ពៅ លីនដា តាមផ្លូវលេខ១០ មកដល់ចំណុចមុខសណ្ឋាគារហេង ហេង ក្នុងល្បឿនយឺតៗ ស្រាប់តែរថយន្តម៉ាក Highlander មួយគ្រឿងបើកបរដោយលោក ហង់ ចាន់ឌី បោះពួយយ៉ាងលឿនតម្រង់ចំពីមុខរថយន្តរបស់លោកស្រីសឹងបុកគ្នាទៅហើយ តែលោក ហង់ ចាន់ឌី បានជាន់ហ្វ្រាំងរថយន្តទច់ង៉ក់ ធ្វើឲ្យលោកស្រីជាអ្នកបើកបររថយន្តមានអារម្មណ៍បុកពោះយ៉ាងខ្លាំង ប៉ុន្តែបែរជាលោក ហង់ ចាន់ឌី ជាអ្នកបង្កសើចចំអកធ្វើព្រងើយ រួចបង្វិលចង្កូតរថយន្តចេញបាត់ទៅ ។
៣-នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៣ នាវេលាល្ងាច ជាកម្មវិធីកម្សាន្តលក្ខណៈគ្រួសារនៅក្នុង Karaoke ដាយមិនស៊ីធី ឋិតក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ ដោយមានវត្តមានលោកស្រី, បងប្អូនលោកស្រីឈ្មោះ ធីម ស៊ាងឡេង, បងថ្លៃស្រីរបស់លោកស្រីឈ្មោះ សុខ វណ្ណនី, មិត្តភក្តិរបស់បងប្រុសលោកស្រីឈ្មោះ អ៊ីវ ឆៃលាង, លោក សេក ប៊ុនហេង និងមនុស្សមួយចំនួនទៀត ។ លើសពីនេះ ក៏មានវត្តមានលោកស្រី ស្វាយ សោភា ជាភរិយារបស់លោក ហង់ ចាន់ឌី និងលោកស្រី លី ហ៊ ជាភរិយារបស់លោក រុន ភារ៉ា ជាប្រធានមន្ទីរទេសចរណ៍ខេត្តផងដែរ ។ ដល់វេលាម៉ោងប្រមាណ២០យប់ ខណៈកំពុងរៀបចំទូទាត់ប្រាក់ថ្លៃកម្សាន្ត ស្រាប់តែលេចចេញវត្តមានលោក ហង់ ចាន់ឌី និងលោក រុន ភារ៉ា ចូលមកដល់ដែរ ធ្វើឲ្យកម្មវិធីក៏ត្រូវបានបន្តទៀត ។ លោក ហង់ ចាន់ឌី អង្គុយបានបន្តិច ក៏លើកដៃចង្អុលចំសំដៅមកលោកស្រី ដោយស្រែកថា "ពេញចិត្តស្រីម្នាក់នោះ" ហើយអារម្មណ៍លោកស្រីក៏ឆ្ងល់ថា តើស្រីណាទៅបើនៅជុំវិញខ្លួនលោកស្រីគ្មាននារី Karaoke ផង ។ រំពេចនោះ លោក ហង់ ចាន់ឌី ស្ទុះមកចាប់ដៃអូសទាញលោកស្រីយ៉ាងពេញទំហឹង ដោយបង្ខំឲ្យទៅអង្គុយក្បែរគាត់បានមួយភ្លែត តែត្រូវលោកស្រីងើបចេញទៅអង្គុយកន្លែងផ្សេង ។ បន្តិចក្រោយមក លោក ហង់ ចាន់ឌី ស្ទុះទៅចាប់អូសលោកស្រីទាំងកំរោលម្តងទៀត តែលោកស្រីខំរើបម្រះ និងរត់គេចពីកន្លែងមួយទៅកន្លែងមួយ ដើម្បីឲ្យអ្នកចូលរួមជួយរារាំង ។ អ្នកដែលជួយរារាំងទប់ទល់នឹងសកម្មភាពប៉ុនប៉ងចាប់ឱបរឹតលោកស្រីពីសំណាក់លោក ហង់ ចាន់ឌី នោះ មានលោក អ៊ីវ ឆៃលាង ស្ទុះទៅពាំងរារាំង ប៉ុន្តែត្រូវលោក ហង់ ចាន់ឌី ច្រានចេញ បន្ទាប់មកលោកស្រី សុខ វណ្ណនី, លោកស្រី ស្វាយ សោភា និងលោកស្រី លី ហ៊ ខិតខំជួយការពារជាបន្តបន្ទាប់ ។ ខណៈនោះដែរ លោក ហង់ ចាន់ជី បានប្រើបាតដៃវាយមកលើភ្លៅលោកស្រីយ៉ាងខ្លាំង ទោះបីមានការរារាំងឃាត់ឃាំងពីអ្នកចូលរួមក្នុងបន្ទប់នេះក៏ដោយ ធ្វើឲ្យភ្លៅរបស់លោកស្រីឡើងហើមប៉ោងឃើញម្រាមដៃ ។ អំពើរបស់លោក ហង់ ចាន់ឌី ធ្វើឲ្យលោកស្រីឈឹចាប់ទាំងផ្លូវកាយ ទាំងផ្លូវចិត្ត ហើយលោកស្រីក៏ព្យាយាមចាកចេញពីបន្ទប់ ប៉ុន្តែលោក ហង់ ចាន់ឌី ឈរពាំងមុខទ្វារបន្ទប់មិនឲ្យចេញ ។ លុះដល់វេលាម៉ោងប្រមាណ២០និង៣០នាទីយប់ ទើបលោកស្រី ស្វាយ សោភា ចាប់អូសទាញលោក ហង់ ចាន់ឌី ចេញទៅ ។
៤-នៅរាត្រីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៣ មានការជួបជុំអង្គុយកម្សាន្តជជែកគ្នាលេងនៅមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ខេត្ត ដោយមានវត្តមានលោកស្រី លី ហ៊, លោកស្រី ស្វាយ សោភា និងកូនស្រីរបស់លោកស្រី លី ហ៊ ។ វេលាម៉ោងប្រមាណ២៣និង៣០នាទីយប់ ក៏លេចចេញវត្តមានលោក ហង់ ចាន់ឌី បើករថយន្តមកដល់ដើម្បីទទួលភរិយារបស់គាត់ ហើយលោកស្រីក៏ចាកចេញពីបន្ទប់មជ្ឈមណ្ឌលទៅតាមក្រោយដែរ ។ ខណៈនោះ លោក ហង់ ចាន់ឌី ស្ទុះមកទាញទ្វាររថយន្តលោកស្រីកន្ត្រាក់ជាច្រើនលើក តែមិនបាន ក៏ធ្វើសកម្មភាពទះកញ្ចក់ និងក្បាលរថយន្តរបស់លោកស្រីយ៉ាងពេញទំហឹង បន្ទាប់មកលោកស្រីក៏បានបញ្ឆេះរថយន្តរៀបបើកចេញទៅ ស្រាប់តែលោក ហង់ ចាន់ឌី វាយដំបូលរថយន្ត ព្រមទាំងយកដៃចង្អុលមកលោកស្រីទាំងទឹកមុខមាំគួរឲ្យខ្លាច ធ្វើឲ្យលោកស្រីបើករថយន្តចាកចេញទៅលំនៅឋានវិញ ពោរពេញទៅដោយអារម្មណ៍ភ័យខ្លាចបំផុត ។
លោកស្រី ធីម ដានី បានអះអាងឲ្យដឹងថា កន្លងមកលោកស្រីផ្ទាល់មិនដែលបានស្គាល់ ឬធ្លាប់មានទំនាក់ទំនងជាមួយលោក ហង់ ចាន់ឌី ឡើយ ហើយទើបតែបានស្គាល់តាមរយៈស្វាមីរបស់លោកស្រីនាំទៅចូលរួមក្នុងកម្មវិធីជប់លៀងនៅពេលលោក ហង់ ចាន់ឌី បានឡើងកាន់តំណែងជាអភិបាលក្រុងក្រចេះ ។
ដោយមិនអាចទ្រាំបានទៅនឹងអំពើមិនគប្បីរបស់លោក ហង់ ចាន់ឌី ច្រើនលើកច្រើនសាមកលើលោកស្រី ទើបលោកស្រី ធីម ដានី បង្ខំចិត្តដាក់ពាក្យបណ្តឹងទៅអយ្យការអមសាលាដំបូងខេត្តក្រចេះ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣ ប្តឹងចោទប្រកាន់លោក ហង់ ចាន់ឌី ពីបទប្រទូស្តកេរខ្មាស និងប្រព្រឹត្តអំពើហិង្សាដោយចេតនានៅទីសាធារណៈ ដើម្បីទាមទាររកយុត្តិធម៌(សូមចូលអានគេហទំព័រសារព័ត៌មានដើមត្នោតចុះផ្សាយថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤បន្ថែម) ។
ប្រភពព័ត៌មានពីសាលាដំបូងខេត្តក្រចេះ បានឲ្យដឹងថា អយ្យការអមសាលាដំបូងបានធ្វើការសាកសួរទៅលើភាគីដើមបណ្តឹងរដ្ឋប្បវេណី គឺលោកស្រី ធីម ដានី ជាភរិយារបស់លោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្តក្រចេះ និងភាគីជនសង្ស័យ គឺលោក ហង់ ចាន់ឌី ជាអភិបាលក្រចេះរួចរាល់ហើយ ប៉ុន្តែតុលាការមិនទាន់បានសម្រេចក្នុងសំណុំរឿងក្តីដ៏គួរឲ្យចាប់អារម្មណ៍នេះនៅឡើយទេ ។
មជ្ឈដ្ឋានអ្នកច្បាប់និងអ្នកតាមដានសំណុំរឿងក្តីនេះ បានលើកឡើងថា យោងតាមអង្គហេតុដូចបានរៀបរាប់ដោយលោកស្រី ធីម ដានី បានបង្ហាញឲ្យឃើញជាបឋមថា អំពើរបស់លោក ហង់ ចាន់ឌី ជាអភិបាលក្រុងក្រចេះទាំងមូល មិនបានផ្តល់តម្លៃឲ្យលោកស្រី ធីម ដានី ជាស្ត្រីភេទនោះទេ ទោះបីខ្លួនដឹងថា លោកស្រី ធីម ដានី ជាភរិយារបស់អភិបាលរងខេត្តក្រចេះក៏ដោយ ហើយលោក ហង់ ចាន់ឌី ក៏មិនសូវគោរព និងផ្តល់តម្លៃកិត្តិយសឲ្យលោក ខ័ណ្ឌ ចំណាន ជាអភិបាលរងខេត្តក្រចេះដែរ ដ្បិតទំនងជាលោក ហង់ ចាន់ឌី ក្អេងក្អាងអាងមានអំណាច និងមានប្រាក់យ៉ាងសម្បើម ។
លោក ហង់ ចាន់ឌី ឋានន្តរស័ក្តិអនុមន្ត្រីថ្នាក់លេខ៧ ត្រូវបានតែងតាំងជាអភិបាលនៃគណៈអភិបាលក្រុងក្រចេះ ដោយអនុក្រឹត្យលេខ២០៨០អនក្រ.តត ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១២ ៕
Source from: www.dtn7.com
Post a Comment