
ស្ត្រីពិការស្វិតជើង មួយកំណាត់ខ្លួន ត្រូវរន្ទះដ៏កំណាចបាញ់ស្លាប់ ពេលប្រវេប្រវាឡើងលើរទេះ
ខេត្តបាត់ដំបង ៖ មេឃមានភ្លៀងផ្គររន្ទះដ៏កំណាច បានបាញ់ចំស្ត្រីពិការ ស្វិតជើងម្នាក់ពេលអង្គុយនៅមុខផ្ទះ បណ្តាលឲ្យស្លាប់បាត់បង់អាយុជីវិត យ៉ាងអាណោចអាធ័មបំផុត ខណៈដែលជនរងគ្រោះភ័យស្លាន់ស្លោរ វាតោងឡើងរទេះរុញនៅចំណុចភូមិវត្តកន្ទឺឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីម៉ោង ១៧និង៣៥ នាទីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤។
លោក ថោង ធិន អធិការរងស្រុកបាណន់ បានអោយដឹងថា ស្ត្រីពិការស្វិតជើង មួយកំណាត់ខ្លួន ដែលរន្ទះបាញ់ស្លាប់មាន ឈ្មោះ អ៊ឹម ឃឿត អាយុ ៤៨ឆ្នាំ រស់នៅភូមិចំណុច ភូមិវត្តកន្ទឺ ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង។ កូនរបស់ស្ត្រីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ស្ត្រីជាម្តាយបានអង្គុយលេង នៅលើដីមុខផ្ទះ ហើយដោយសារមេឃភ្លៀង មានផ្លេកបន្ទោរផ្គររន្ទះ ពេលនោះម្តាយនាងភ័យ បានវាលូនតោងរទេះរុញរបស់គាត់ ដើម្បីចូលផ្ទះវិញ។
ប៉ុន្តែជាអកុសលនៅពេលដែល ស្ត្រីរងគ្រោះកំពុងប្រវេប្រវាតោង ឡើងដល់លើរទេះ ក៏ត្រូវរន្ទះបាញ់ស្លាប់តែម្តង។ លោកអធិការរង បានបញ្ជាក់ថា ស្ត្រីរងគ្រោះបានស្លាប់ ដោយសាររន្ទះបាញ់ពិតប្រាកដមែន មិនមានករណីឃាតកម្ម អ្វីកើតឡើងឡើយ ហើយក្រោយពេលពិនិត្យកោសល្យវិច័យរួច សពបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី៕ ដោយ សុខជា
Source from: watphnom-news.com
Post a Comment