
បាញ់ប្លន់យកទូរស័ព្ទ ខ្សែកកាឡៃ និងម៉ូតូពីអ្នកដំណើរ ចំនួន ២ករណីក្នុងរយៈពេល ១០នាទី
រាជធានីភ្នំពេញ ៖ ក្រុមចោរប្លន់បានធ្វើសកម្មភាព បាញ់ផ្ទួនៗចំនួន ២លើក ក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យ ចន្លោះពេលជាង ១០នាទីប៉ុណ្ណោះ ប្លន់យកទូរស័ព្ទ ខ្សែកកាឡៃ និងម៉ូតូពីអ្នកដំណើរ បណ្តាលឲ្យរបួសមនុស្សម្នាក់ កាលពីវេលាម៉ោង ៩និង២០ នាទីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ ហើយសកម្មភាពនេះ កំពុងធ្វើឲ្យប្រជាពលរដ្ឋ រស់នៅក្នុងសភាពភ័យខ្លាច ពីសុវត្ថិភាពផ្ទាល់ខ្លួន សឹងមិនហ៊ានចេញដើរ ទៅណាមកណានោះទេ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីទី១ ជនសង្ស័យមានគ្នា ២នាក់ បានធ្វើសកម្មភាពបាញ់គំរាមចំនួន ២គ្រាប់ ទៅលើជនរងគ្រោះ២ នាក់ប្តីប្រពន្ធ កាលពីវេលាម៉ោង ៩និង២០ នាទីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ បណ្តោយផ្លូវបេតុង ភូមិ ភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ក្នុងករណីនេះ ជនរងគ្រោះទាំង២ នាក់ប្តីប្រពន្ធ មិនមានរងរបួសទេ គ្រាន់តែត្រូវក្រុមចោរបាញ់គំរាមចំនួន ២គ្រាប់ ប៉ុនប៉ងយកម៉ូតូ តែយកមិនបាន ហើយជនសង្ស័យ បានយកទូរស័ព្ទម៉ាកសាំស៊ុង និងខ្សែក កាឡៃមួយខ្សែ ជារបស់ប្រពន្ធជនរងគ្រោះ ។
មុនពេលកើតហេតុ ជនរងគ្រោះទាំង ២នាក់ ប្តីប្រពន្ធមាន ឈ្មោះ សយ សាឡែន អាយុ ២៣ឆ្នាំ មានទីលំនៅជិតកន្លែងកើតហេតុ បានជិះម៉ូតូជាមួយប្តី ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ឡើងតែម២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CG-7863 បើកក្នុងទិសដៅ ចុះពីស្ពានដែកមុខពេទ្យរុស្ស៊ី ទៅតាមផ្លូវបេតុង ។ ពេលទៅដល់កន្លែងស្ងាត់ ជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១១ ទៅកៀរជនរងគ្រោះ ឲ្យឈប់ តែបុរសជាប្តីបានកាច់សោម៉ូតូ ហើយបោះកូនសោចោល ហើយជនសង្ស័យ បានយកកាំភ្លើងភ្ជង់ សួររកកូនសោម៉ូតូ ប្លន់យកទូរស័ព្ទដៃនិងខ្សែក ទលបបាញ់គំរាម ២គ្រាប់ រួចគេចខ្លួនបាត់តែម្តង ។
ករណីទី២ រយៈពេលត្រឹមតែ ១០នាទីប៉ុណ្ណោះ សកម្មភាពប្លន់បាញ់ប្រហារមួយទៀត បានកើតឡើងនៅវេលាម៉ោង ៩និង៣០ នាទីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ នៅផ្លូវកែងក្រុមទី៣ ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បណ្តាលឲ្យបុរសម្នាក់ រងរបួសចំចង្កេះខាងឆ្វេងមួយគ្រាប់ យកម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CG-1264 ជិះគេចខ្លួនដោយសុវត្ថិភាព ។ ជនរងគ្រោះមានឈ្មោះ មី លីសាឡន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរជាកម្មករ មានស្រុកកំណើតនៅ ផ្សារអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ៕
Source from: watphnom-news.com
Post a Comment