ឃាត់ឡានដឹកភ្លុកដំរី ១០ វ៉ាលី បម្រុងនាំចូលខេត្តឡុងអាន តាមច្រករបៀងខេត្ដស្វាយរៀង
ខេត្ដស្វាយរៀង ៖ យ៉ាងហោចណាស់ ភ្លុកដំរីចំនួន១០ វ៉ាលី ដែលគេបម្រុងលួច យកទៅលក់នៅប្រទេសវៀតណាម តាមច្រករបៀង នៃទឹកដីខេត្ដស្វាយរៀង ត្រូវបានកម្លាំង កងរាជអាវុធហត្ថ និងមន្ដ្រីការិយាល័យ កងទ័ពជើងគោក ឃាត់ដើម្បីត្រួតពិនិត្យនិងរឹបអូស នៅត្រង់ចំណុចភូមិព្រះពន្លា ឃុំព្រះពន្លា ស្រុកកំពង់រោទ៍ ខេត្ដស្វាយរៀង បន្ទាប់ពីមានការសង្ស័យថា ក្នុងរថយន្ដ មានបង្កប់វត្ថុមិនស្របច្បាប់។
សមត្ថកិច្ចបានឱ្យដឹងថា ក្រោយពេលមានការសង្ស័យ សមត្ថកិច្ចបាននាំយក រថយន្ដមកកាន់សង្កាត់ រដ្ឋបាលព្រៃឈើស្វាយរៀង និងបានសុំយោបល់ លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្ដ ដើម្បីធ្វើការត្រួតពិនិត្យ រថយន្ដខាងលើនោះ ក៏ប្រទះឃើញវ៉ាលីចំនួន១០ ដែលគេ បង្កប់នៅបាតរថយន្ដ ម៉ាកហ៊ីយ៉ាន់ដាយ ស្ដារិច ពណ៌ទឹកប្រាក់ ចំណុះ ១៥កៅអី ពាក់ស្លាកលេខ ២៩អា ៩០១-៥៦ ស្លាកលេខវៀតណាម ក្នុងនោះមានភ្លុកដំរីចំនួន ៧៧ ដុំស្មើរនឹង ២៦៣ គីឡូក្រាម។
ប្រភពខាងលើបាបបន្ដទៀតថា ភ្លុកដំរីទាំងនេះ អាចត្រូវគេនាំចូល តាមច្រកបាវិតនៃខេត្ដតៃនិញ ប្រទេសវៀតណាម ចូលតាមច្រករបៀង ក្នុងស្រុកកំពង់រោទ៍ ឆ្ពោះទៅកាន់ ខេត្ដឡុងអាន ប្រទេសវៀតណាម ។ នេះជារឿងគួរឲ្យ ភ្ញាក់ផ្អើលមួយ ហើយបច្ចុប្បន្នវត្ថុតាង រថយន្ដនិងភ្លុកដំរី ត្រូវបានយកមករក្សាទុក នៅសង្កាត់រដ្ឋ បាលព្រៃឈើ ខេត្ដស្វាយរៀង ដើម្បីចាត់ការបន្ដ តាមផ្លូវច្បាប់ ៕
Source from: watphnom-news.com























Loading...




Post a Comment