បើករថយន្តប៉ះគ្នាហើយបើករត់ និងអុកឡុកប៉ូលីសចរាចរណ៍ ដោយអួតខ្លួនជាមន្ត្រីធំ
រាជធានីភ្នំពេញ ៖ រថយន្ដម៉ាកតូយ៉ូតា RAV4 បើកបរដោយបុរស ជនជាតិវៀតណាម បានជ្រុលទៅបុករថយន្ដមួយគ្រឿង រងការខូចខាតបន្ដិចបន្ដួចសោះ មិនព្រមឈប់និយាយគ្នា បែរជាបើករត់គេច មកដល់រង្វង់មូលវត្ដភ្នំ ក្បែរសណ្ឋាគារសាន់វ៉េ ក៏ត្រូវភាគីម្ខាង បើករថយន្ដដេញតាមទាន់ ស្រាប់តែអ្នកបើករថយន្ដបង្ក អួតខ្លួនជា មន្ដ្រីនគរបាលជាន់ខ្ពស់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨យប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅតាមផ្លូវ លេខ៤៧ កែងផ្លូវលេខ៨៤ ស្ថិតក្នុង សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ។
សាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ដមួយគ្រឿង ម៉ាកតូយ៉ូតា RAV4 ពាក់ស្លាកលេខ ភ្នំពេញ 2P-7186 បើកបរដោយបុរស ជនជាតិវៀតណាមម្នាក់ និងរួមដំណើរដោយបុរស ៣នាក់ ទៀត ទំនងជាស្រវឹងបានធ្វើដំណើរ តាមផ្លូវលេខ៨៤ ក្នុងទិសដៅពីកើតទៅលិច។ ខណៈនោះក៏មានរថយន្ដ ម៉ាកហ្វ័ដ ពណ៌ស ពាក់ស្លាកលេខ អង្គការ OI-7325 បើកតាមផ្លូវលេខ៤៧ ក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចក្បែរវត្ដចិនដំដែក ជាកន្លែងផ្លូវកែង រថយន្ដ RAV4 ក៏ប៉ះចំហៀងស្ដាំខាងក្រោយ ជាមួយរថយន្ដហ្វ័ដ ។
ក្រោយពេលកើតហេតុ រថយន្ដ RAV4 បើករត់គេចរហូតដល់ ជិតសណ្ឋាគារសាន់វ៉េ ក៏ត្រូវភាគីរថយន្ដ ហ្វ័ដ បើកដេញមកឈប់ពីមុខ រួចចុះនិយាយគ្នា ហើយនគរបាលចរាចរ បានចុះមកវាស់វែង ក៏ត្រូវភាគីរថយន្ដ RAV4 ចាប់ ទាញឯកសារនគរបាល ខ្ទេចខ្ទីអស់ ហើយរករឿងអ្នកសារព័ត៌មាន មិនឱ្យថតរូបភាពទេ ដោយអួតខ្លួនថា ជាមន្ដ្រីនគរបាលជាន់ខ្ពស់ ។ប្រជាពលរដ្ឋ បានរិះគន់ទៅលើបុរស ដែលមានកាយវិកា រច្រងេងច្រងាងនោះថា ប្រសិនបើជានគរបាលជាន់ខ្ពស់ហើយ ម្ដេចមិនទទួលខុសត្រូវ ចំពោះអំពើរបស់ខ្លួន បែរជាបំពានច្បាប់ទៅវិញ៕
Source from: watphnom-news.com























Loading...




Post a Comment