ស្រីប្រុសវ័យក្មេងមួយក្រុម ប្រកបរបរឆក់និងលួចកាបូបលុយអ្នកដំណើរ ជាប់អន្ទាក់ប៉ូលីស
រាជធានីភ្នំពេញ ៖ មនុស្សមួយក្រុម មានស្រីប្រុសចំនួន ៦នាក់ បានធ្វើសកម្មភាពចាប់ឱបជនរងគ្រោះ ជាបងប្អូនបង្កើត ២នាក់ ដែលជិះម៉ូតូចេញពីកន្លែង ហូបចុកនៅក្នុងសង្កាត់ជ្រោយចង្វា ឆ្ពោះទៅផ្ទះរបស់ខ្លួន តែមកដល់ពាក់កណ្ដាលផ្លូវបានឈប់ម៉ូតូ ដើម្បីបត់ជើងតូច ខ្លះយកដៃលូកក្នុងហោប៉ៅ យកកាបូបលុយ និងទូរស័ព្ទរួចគេចខ្លួន បាត់ស្រមោល កាលពីវេលាម៉ោង២២ ថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០១៤ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៧០ ក្រុមទី៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ប៉ុន្ដែភ្លាមៗនោះ ជនសង្ស័យប្រុសនិងស្រី ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីចាត់ការបន្ដតាមផ្លូវច្បាប់។ ជនសង្ស័យទាំង២ នាក់ មានឈ្មោះ រី សុជាតិ ហៅស្រីតឿ ភេទស្រី អាយុ ៣១ឆ្នាំ ស្នាក់នៅបន្ទប់ជួល តាមផ្លូវរថភ្លើង ក្នុង សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មុខរបររកស៊ីតាមចិញ្ចើមផ្លូវ នៅពេលយប់ និងទី២-ឈ្មោះគង់ ណារិទ្ធ ហៅដែន ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅជាមួយគ្នា មុខរបរមិនពិតប្រាកដ ។
ចំណែកជនរងគ្រោះ រួមមានឈ្មោះ ណឹប ចិន្ដា ភេទប្រុស អាយុ ២៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៧២ ផ្លូវរ៉ាដា ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងប្អូនប្រុសម្នាក់ទៀត មានឈ្មោះណឹប សុផានី អាយុ ២៥ឆ្នាំ រស់នៅផ្ទះជាមួយគ្នា ហើយសម្ភារបាត់បង់ មានកាបូប១ មានប្រាក់១៦០ដុល្លារ និងទូរស័ព្ទអិនចុចពិល មួយគ្រឿងផងដែរ៕
Source from: watphnom-news.com























Loading...




Post a Comment