
លោករដ្ឋមន្ត្រី លឹម គានហោ លើកទឹកចិត្តក្រុមការងារ ដែលកំពុងបូមទឹកសង្គ្រោះស្រែប្រាំង
ខេត្តកំពង់ឆ្នាំង ៖ ដោយមានការគិតគូរជានិច្ច ក្នុងការស្វែងរកប្រភពទឹក ស្រោចស្រពស្រែប្រាំង ជួយដល់ប្រជាកសិករ ស្របទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង ធនធានទឹកនិងឧតុនិយមបានដឹកនាំក្រុមការងារ ចុះពិនិត្យដោយផ្ទាល់ លើទីតាំងដែលក្រុមការងារ របស់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង ចុះអន្តរាគមន៍បូមទឹក សង្គ្រោះស្រូវប្រាំងជូនប្រជាកសិករ កាលពីវេលាម៉ោង ៥និង២០ នាទីល្ងាច ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤ ។
លោក ដោក ប៊ុនថុន ប្រធានមន្ទីរ ធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា វត្តមានលោករដ្ឋមន្ត្រី មកពិនិត្យការអន្តរាគមន៍ បូមទឹកសង្គ្រោះស្រូវប្រាំងដោយផ្ទាល់ គឺជាការលើកទឹកចិត្ត ដល់ក្រុមការងារ ពិសេសលោករដ្ឋមន្ត្រី តែងតែបានគិតគូរ ពីផលប៉ះពាល់គ្រោះរាំងស្ងួត ដោយលោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងឆ្នាំនេះ ប្រជាកសិករបានធ្វើស្រែប្រាំង លើសផែនការ ១២០ភាគរយ ហើយពុំមានភ្លៀងកក់ខែ ធ្វើឲ្យស្រែប្រាំង ជួបនឹងគ្រោះរាំងស្ងួត ដូច្នេះតម្រូវឲ្យក្រុមការងារ មន្ទីរខេត្តកំពង់ឆ្នាំង អន្តរាគមន៍បូមទឹកសង្គ្រោះ ស្រូវប្រាំងពួកគាត់ ឲ្យបានទាន់ពេលវេលា ។
ក្នុងពេលចុះពិនិត្យនោះ លោករដ្ឋមន្ត្រីបានបញ្ជា ឲ្យក្រុមការងារបន្ថែម ម៉ាស៊ីនបូមទឹក ១គ្រឿងទៀត ដើម្បីសង្គ្រោះស្រូវប្រាំង ប្រជាកសិករដែលរងផលប៉ះពាល់ ជាង ២០០ហិកតា នៅក្នុងភូមិព្រែកសាលា ឃុំទឹកហូត ស្រុករលាប្អៀរ ហើយក្នុងរយៈពេល ៤ទៅ៥ ថ្ងៃ ក្រុមការងារ នឹងអាចបូមទឹក សង្គ្រោះស្រូវប្រាំង បានទាន់ពេលវេលា ។ គួរបញ្ជាក់ថា លោក លឹម គានហោ តែងតែចុះ ទៅតាមបណ្តាខេត្ត ទីជនបទដោយពុំបានគិត ពេលវេលាកំណត់ ជួនពេលព្រឹក ថ្ងៃ ល្ងាច យប់ ដែលការចុះពិនិត្យដោយផ្ទាល់ រាល់ស្ថានីយ៍បូមទឹក ស្ទើរតែគ្រប់ខេត្ត រាជធានី ពុំបានដឹងពីដំណើរបេសកកម្ម របស់លោករដ្ឋមន្ត្រី ដែលតែងតែគិតគូរជានិច្ច ដើម្បីស្វែងរកប្រភពទឹកស្រោចស្រព ដីស្រែប្រាំងជួយដល់ប្រជាកសិករ៕
Source from: watphnom-news.com
Post a Comment