និស្សិតពេទ្យមានជម្ងឺរៀនលែងចូល បាត់ពីផ្ទះ ៤ថ្ងៃ ប្រទះឃើញលង់ទឹកស្លាប់គួរឲ្យសង្វេគ
រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃើញ សពយុវជនម្នាក់ជានិស្សិតពេទ្យ ស្លាប់អណ្តែតទឹកទើរ នៅក្រោមច្រាំងទន្លេ មានសភាពហើមស្អុយទៅហើយ កាលពីវេលា ម៉ោង ៨និង២០ នាទី ព្រឹកថ្ងៃទី៦ ខែមេសា នៅមុខភោជនីយដ្ឋាននិងសណ្ឋាគារ ខ្មែររ៉ូយ៉ាល់ តាមវិថីព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ បង្កឲ្យមានការភ្ញាក់ផ្អើល និងរាយការណ៍ទៅប៉ូលីស ឲ្យចុះទៅត្រួតពិនិត្យ។
សាក្សីបានឲ្យដឹងថា ពេលប្រទះឃើញសពយុវជនម្នាក់ ស្លាប់ផ្កាប់មុខរហូតហើមមុខខ្មៅ អណ្តែតទៅទើរមាត់ច្រាំងទន្លេ ធ្វើឲ្យមានការភ្ញាក់ផ្អើល ត្រូវបានប្រជាពលរដ្ឋ រាយការណ៍ទៅសមត្ថកិច្ច ចុះស្រង់យកមកដាក់ នៅមាត់ច្រាំងទន្លេ ហើយធ្វើការពិនិត្យ រកឃើញមានកាបូប លុយមួយ រូបថត ៤គុណ៦ មួយសន្លឹក ប្រាក់ ៦០ដុល្លារ ប្រាក់រៀលចំនួន ១០៤០០រៀល លុយ ៧០០០ដុង អត្តសញ្ញាណបណ្ណមួយសន្លឹក និងលេខទូរស័ព្ទ ឪពុកម្តាយមួយសន្លឹក នៅក្នុងកាបូប ត្រូវសមត្ថកិច្ចទាក់ទង ឲ្យមកទទួលយកកូន ទៅធ្វើបុណ្យតាមប្រពៃណី ។
ឪពុកម្តាយសពបានឲ្យដឹងថា សពមានឈ្មោះ ស្រឿន ឈុនហេង ភេទប្រុស អាយុ ២១ឆ្នាំ ជានិស្សិតពេទ្យឆ្នាំទី១ ស្នាក់នៅភូមិ សន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ មានស្រុកកំណើត នៅភូមិសហគមន៍ ឃុំក្រែក ស្រុកពញាក្រែក ខេត្តកំពង់ចាម ។ ជនរងគ្រោះមានបញ្ហាខួរក្បាល រៀនលែងចូលមានជម្ងឺស្ត្រេះបងប្អូនប្រាប់ឲ្យព្យួរឈ្មោះ សម្រាកលេបថ្នាំរយៈពេលមួយឆ្នាំ សិនចាំចូលរៀនវិញ ប៉ុន្តែជនរងគ្រោះមិនព្រមឈប់ទេ បានបាត់ពីផ្ទះតាំងពីថ្ងៃទី៤ ខែមេសា ក៏ប្រទះឃើញសាកសពតែម្តង៕
Source from: watphnom-news.com























Loading...




Post a Comment