មកពីផឹកស៊ីជាមួយពួកម៉ាកជិះម៉ូតូបុកខឿនផ្លូវ ដួលបោកក្បាលស្លាប់ចោលប្រពន្ធវ័យក្មេង
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូ ដួលបាក់កស្លាប់ រយៈពេលមួយម៉ោង ទើបមានអ្នកដើរហាត់ប្រាណប្រទះឃើញ ធ្វើឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៤ ទៀបភ្លឺថ្ងៃទី៨ ខែមេសា តាមផ្លូវលេខ២៥៥ មុខសាលាបឋមសិក្សា បឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
ជនរងគ្រោះជិះម៉ូតូសេ១០០ ស៊េរី៩៥ ពណ៌ក្រហម ពាក់ស្លាកលេខ ក ០៧៩០ ក.ស១ ធ្វើដំណើរតាមផ្លូវលេខ២៥៥ ពីជើងទៅត្បូង មកដល់ចំណុចខាងលើ ជាផ្លូវកោងម៉ូតូជិះលឿនពេក ជ្រុលទៅបុកខឿនចិញ្ចើមផ្លូវ បណ្តាលឲ្យដួលបាក់កស្លាប់ នៅនឹងកន្លែងកើតហេតុ រយៈពេលមួយម៉ោង ទើបមានអ្នកដើរហាត់ប្រាណ ប្រទះឃើញធ្វើឲ្យមានការភ្ញាក់ផ្អើល និងរាយការណ៍ទៅសមត្ថកិច្ច ឲ្យចុះមកពិនិត្យ។
ជនរងគ្រោះដែលដួលបាក់កស្លាប់ មានឈ្មោះ សម្បត្តិ ក្រាញ់ ភេទប្រុស អាយុ ២៤ឆ្នាំ ជាកម្មករអូសរទេះបន្លែ នៅផ្សារដើមគ មានប្រពន្ធឈ្មោះ ផល្លា អាយុ ២៣ឆ្នាំ ជាកម្មការិនីកាត់ដេរ បានកូនស្រីអាយុ ២ខួប ស្នាក់នៅផ្ទះជួល ក្នុងភូមិបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក មានស្រុកកំណើតនៅភូមិចុង ឃុំពោធិ៍ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។
ស្ត្រីជាប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា ជារៀងរាល់យប់នៅវេលាម៉ោង ៣ទៀបភ្លឺ ប្តីរបស់គាត់តែងតែភ្ញាក់ទៅអូសបន្លែ នៅផ្សារដើមគ ប៉ុន្តែកាលពីល្ងាចថ្ងៃទី៧ ខែមេសា បាត់ប្តីមិនឃើញត្រឡប់មកផ្ទះទេ ដោយជាប់ទៅផឹកស៊ី ជាមួយមិត្តភក្កិ នៅផ្សារដើមគ លុះដល់វេលាម៉ោងខាងលើ ស្រាប់តែទទួលដំណឹងថា ប្តីរបស់គាត់ ស្លាប់បាត់ទៅហើយ៕
Source from: watphnom-news.com























Loading...




Post a Comment