ជិះម៉ូតូឌុបកូននិងក្មួយទៅលេងផ្ទះបងប្អូន ត្រូវឡានបុកនិងកិនស្លាប់ ២នាក់ របួសធ្ងន់ម្នាក់
ខេត្តតាកែវ ៖ ក្មេងប្រុស ២នាក់ ត្រូវបានរថយន្តកិនស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម និងស្ត្រីម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ រាជធានីភ្នំពេញ ខណៈដែលជនរងគ្រោះ ជិះម៉ូតូឌុបគ្នាទៅលេងផ្ទះបងប្អូន ហើយបានប៉ះដៃចង្កូត ជាមួយរថយន្តមួយគ្រឿង បណ្តាលឲ្យដួលម៉ូតូ ខ្ទាតចូលក្រោមរថយន្ត កាលពីវេលាម៉ោង ២និង៤០ នាទីរសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវជាតិលេខ២ ចន្លោះគីឡូមែត្រលេខ ៣៧-៣៨ ក្នុងភូមិអង្គភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។
រថយន្តបង្កហេតុ ម៉ាកនីសាន់ ពណ៌ស ចំណុះ ៥តោន ពាក់ស្លាកលេខ តាកែវ 3A-1855 បើកបរដោយឈ្មោះ ហ៊ុយ ម៉េងហ៊ង ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ។ ចំណែកជនរងគ្រោះឈ្មោះ ពៅ នី ភេទស្រី អាយុ ២៧ឆ្នាំ រស់នៅភូមិរំចេក ឃុំត្នោត ស្រុកបាទី រងរបួសធ្ងន់ អ្នកជិះពីក្រោយ ២នាក់ ដែលស្លាប់មានឈ្មោះ ជឹម វ៉ាន់សាក់ ភេទប្រុស អាយុ ៣ឆ្នាំ ត្រូវជាកូនបង្កើត និងឈ្មោះ ម៉ម សំណាង ភេទប្រុស អាយុ ១២ឆ្នាំ ជាក្មួយបង្កើត។ ទាំង ៣នាក់ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ឌ-៩៨៣១ ភព១ ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានបើកម៉ូតូ ក្នុងទិសដៅពីត្បូងទៅជើង ឌុបកូននិងក្មួយ ទៅលេងផ្ទះបងប្អូន នៅឃុំកណ្តឹង។ លុះដល់ចំណុចកើតហេតុ គាត់បានបើកម៉ូតូ គេចរថយន្តមួយគ្រឿង ដែលចតនៅតាមចញ្ចើមផ្លូវ ។ ស្របពេលនោះ ក៏មានរថយន្តមួយគ្រឿងទៀត បើកមកពីខាងមុខ ធ្វើឲ្យដៃម៉ូតូ ប៉ះនឹងជញ្ជាំងរថយន្ត ដួលខ្ទាតក្មេងៗ ចូលក្រោមកង់រថយន្ត ផ្នែកខាងក្រោយ កិនស្លាប់តែម្តង។ ក្រោយពេលកើតហេតុ រថយន្តបង្កបានព្យាយាមបើករត់គេច បានចម្ងាយ ៨គីឡូម៉ែត្រ ក៏ត្រូវសមត្ថកិច្ចជំនាញ តាមឃាត់បានទាំងរថយន្តនិងអ្នកបើក យកទៅកសាងសំណុំរឿង៕
Source from: watphnom-news.com























Loading...




Post a Comment